Jack Ma ៖ កាលខ្ញុំបបួលគេបើកក្រុមហ៊ុនមានគេបដិសេធ ដល់ថ្នាក់គេថាខ្ញុំឆ្កួត តែខ្ញុំនៅតែខំរហូតជោគជ័យ
ទាំងអស់គ្នាបានអានអត្ថបទជាច្រើនអំពីមហាសេដ្ឋីលេខមួយ Jack Ma របស់ចិនរួចមកហើយ គាត់ជាសហគ្រិនអាស៊ីមួយរូបដែលមនុស្សច្រើនលាននាក់កំពុងតែយកគាត់ជាគំរូក្នុងការរកស៊ី។ តើមហាសេដ្ឋី Jack Ma ដែលជាអតីតគ្រូបង្រៀនរូបនេះមានក្បួនដឹកនាំអ្វីខ្លះ ដែលលោកអ្នកគួររៀនបន្ថែមពីគាត់?
អាលីបាបាជាក្រុមហ៊ុនស្ថិតនៅក្នុងក្រុមហ៊ុនអ៊ីនធើណែតដំបូងៗបំផុតនៅប្រទេសចិន។ ជាអាជីវកម្មដែលត្រូវបានបង្កើតចេញផ្ទះអាផាតមិនរបស់លោកមហាសេដ្ឋី Jack Ma ផ្ទាល់។ នៅគ្រាដំបូងៗ សូម្បីតែប្រពន្ធរបស់គាត់ក៏គ្មានជំនឿលើអាជីវកម្មមួយនេះដែរ ហើយប្រពន្ធគាត់បានប្រាប់គាត់ថា មុខគាត់នេះមិនសមជាមហាសេដ្ឋីនោះទេ។
ទោះយ៉ាងណា លោកមហាសេដ្ឋីមាឌល្អិតរូបនេះបានបង្ហាញដល់ពិភពលោក រួមទាំងប្រពន្ធគាត់ថា គាត់អាចក្លាយជាសេដ្ឋីបាន ហើយក្រុមហ៊ុនរបស់គាត់ក្លាយជាក្រុមហ៊ុន ដែលមនុស្សទូទាំងពិភពលោកមានការកោតសសើរខ្លាំង។ តើ Jack Ma បានប្រើក្បួនដឹកនាំបែបណាខ្លះ ទើបអាចធ្វើឲ្យអាជីវកម្មដែលគេឯងថាគ្មានផ្លូវ ទៅជាក្រុមហ៊ុនធំបំផុតមួយនៅចិនបានក្នុងរយះពេលប្រមាណតែ២០ឆ្នាំប៉ុណ្ណោះ?
១.មនុស្សធម្មតាដឹកនាំមនុស្សពូកែ
លោកមហាសេដ្ឋី Jack Ma បានលើកទ្បើងថា មនុស្សពូកែដែលមានដូចជា អ្នកវិទ្យាសាស្រ្តកំព្យុទ័រ ឬអ្នកជំនាញខាងគេហទំព័រ ជាដើមពួកគាត់ត្រូវការមនុស្សសាមញ្ញដូចគាត់ មកដឹកនាំព្រោះមនុស្សសាមញ្ញទើបជាមនុស្សដែលដឹងថាផលិតផលអ្វី ដែលមនុស្សឯទៀតអាចប្រើបាន។ គាត់ប្រកាន់គោលការណ៍នេះប្រហែលទំនងមកពីគាត់ជាមនុស្សធម្មតា ជាអតីតគ្រូបង្រៀនហើយមើលទៅ តែយ៉ាងណាគំនិតមួយនេះបានផ្តល់ជំនឿដល់ Jack Ma ក្នុងការដឹកនាំអាលីបាបាបានរហូតដល់សព្វថ្ងៃ។
២.រើសមនុស្សដែលត្រូវនឹងអាជីវកម្ម កុំរើសតែមនុស្សពូកែផុតលេខ
ជាទូទៅក្រុមហ៊ុនធំៗ តែងចង់បានមនុស្សពូកែ រៀនបានខ្ពស់មកធ្វើការជាមួយ តែដោយទ្បែកលោកមហាសេដ្ឋី Jack Ma គាត់មិនមើលតែលើសញ្ញាបត្រនោះទេ។ ផ្ទុយទៅវិញ គាត់ឲ្យតម្លៃខ្លាំងជាងនេះទៅលើបុគ្គលដែលត្រូវនឹងក្រុមហ៊ុនគាត់ ជឿលើអ្វីដែលអាលីបាបាបានកំពុងធ្វើ ហើយហ៊ានស្រមៃហ៊ានធ្វើអ្វីៗ ដើម្បីសម្រេចក្តីស្រមៃដែលអាលីបាបាចង់បាន។ លោក Jack Ma បានពោលថា រហូតដល់សព្វថ្ងៃនេះអាលីបាបា មិនខ្វះលុយនៅក្នុងការរកស៊ីទ្បើយ តែក្រុមហ៊ុននៅនេះខ្វះមនុស្សដែលមានក្តីសុបិនមកចូលរួមជាមួយគាត់។
៣.ជាមេដឹកនាំ អ្នកត្រូវធ្វើជាមនុស្សដែលមានទស្សនះវិស័យវែងឆ្ងាយ
ខុសពីសហគ្រិនល្បីៗឯទៀត ដូចជានិង Bill Gates និង Mark Zuckerberg លោកមហាសេដ្ឋីJack Ma គ្មានជំនាញបច្ចេកទេសទេ ក្រៅពីជំនាញបង្រៀនភាសាអង់គ្លេស។ តែយ៉ាងណា ពួកគាត់ទាំង៣នាក់មានចំណុចដូចគ្នារួមមួយគឺ ពួកគាត់ដឹកនាំក្រុមហ៊ុនដោយមានទស្សនះវិស័យវែងឆ្ងាយណាស់។
លោកមហាសេដ្ឋី Jack Ma ធ្លាប់បានលើកទ្បើងថាគាត់ចេញរកស៊ីបង្កើត គេហទំព័រលក់ទំនិញតាមអនទ្បាញ តាំងពេលដែលមានមនុស្សតិចមែនទែន ស្គាល់ថាអ្វីទៅជាអ៊ិនធើណែត។ ដូចនេះ បានន័យថាគាត់បានចេញរកស៊ីដោយបានមើលឃើញ សក្តានុពលនៃវិស័យមួយនេះ តាំងពី២០ឆ្នាំមុនមកម្លេះ ពោលគឺតាំងពីគ្មាននរណាជឿថាវិស័យមួយនេះ ធំដូចសព្វថ្ងៃនោះទេ។
នៅក្នុងវេទិកាមួយកាលពីឆ្នាំ២០១៦កន្លងទៅ លោកមហាសេដ្ឋី Jack Ma ធ្លាប់បានលើកទ្បើងថាមនុស្សជោគជ័យ គេជឿមុនឃើញ រីឯមនុស្សដែលចូលចិត្តធ្វើតាមគេ មើលឃើញហើយបានជឿតាមក្រោយ។ គាត់ថាជាមេដឹកនាំពូកែ អ្នកត្រូវតែជឿលើអ្វីដែលខ្លួនកំពុងធ្វើ ហើយហ៊ានជឿទោះអ្នកមិនទាន់បានមើលឃើញក៏ដោយ៕