បណ្ឌិត គឹម ហ៊ាង ៖ ខ្ញុំរកស៊ីផ្នែកអចលនទ្រព្យខ្ញុំមិនដែលចាំភ្ញៀវទេ គឺខ្ញុំទៅគោះទ្វារដល់ផ្ទះភ្ញៀវតែម្តង
ឆ្លងកាត់បទពិសោធន៍ខាងទិញលក់ដីធ្លីរយៈពេលជាង១០ឆ្នាំ លោកបណ្ឌិត គឹម ហ៊ាង ម្ចាស់ក្រុមហ៊ុន KHMER REAL ESTATE ដែលមនុស្សភាគច្រើនបានស្គាល់រូបលោក តាមរយៈភាពលេចធ្លោក្នុងវិស័យអចលនទ្រព្យ និងដីធ្លី បានចែករំលែកនូវយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់លោកក្នុងការលក់ដីធ្លីប្រកបដោយប្រសិទ្ធិភាព។ “ខ្ញុំមិនដែលចាំភ្ញៀវមករកខ្ញុំទេ គឺខ្ញុំទៅគោះទ្វាដល់ផ្ទះភ្ញៀវ” នេះគឺជាសម្តីរបស់លោកបណ្ឌិត គឹម ហ៊ាង។
លោកបណ្ឌិតបានលើកឡើងថា ក្នុងការរកស៊ីយើងមិនអាចនៅអង្គុយរង់ចាំភ្ញៀវឲ្យគេមករកយើងមុនទេ គឺយើងត្រូវតែទៅរកគេមុន ដូចពាក្យមួយនៅក្នុងភាសាសង្រ្គាមដែលគេនិយាយថា ស្គាល់ខ្លួនឯងស្គាល់សត្រូវវាយពេលណាក៏ឈ្នះ ដូច្នេះបើចង់លក់ដីឡូតិ៍ឲ្យដាច់យើងចាំបាច់ត្រូវតែស្គាល់ហាងឆេងដី យើងត្រូវស្គាល់ថា ដីនោះមានតម្លៃប៉ុន្មាន ហើយដីនោះយើងអាចធ្វើអ្វីកើត មានន័យថា យើងត្រូវស្គាល់ឲ្យច្បាស់ពីផលិតផលរបស់ខ្លួនឯង។
អ្នកជំនាញរូបនេះបាននិយាយថា “យើងចាំបាច់ត្រូវដឹងថា តើអ្នកណាខ្លះដែលអាចមានលទ្ធភាពទិញដីយើងបាន ឧទាហរណ៍ថា៖ យើងមានដីមួយឡូតិ៍២០០០ម៉ែតការ៉េ នៅផ្លូវនរោត្តម ដូច្នេះយើងត្រូវដឹងថា ដីនៅផ្លូវនរោត្តមមានតម្លៃមួយការ៉េប៉ុន្មាន? យ៉ាងហោចណាស់ក៏តម្លៃ៦០០០ដុល្លារដែរ ដែលវាស្មើរនឹង១២លានដុល្លារអាមេរិក។ ហើយសួរថាតើដីនៅទីនោះធ្វើអ្វីកើត? ដីនោះអាចធ្វើធនាគារបាន អាចធ្វើអាផាតមិនបាន និងអាចធ្វើការិយាល័យបាន ដូច្នេះយើងត្រូវសួរទៀតថា តើអ្នកណាដែលមានលុយ១២លាននោះ?
អ្នកដែលអាចទិញក្នុងតម្លៃ១២លានដុល្លារ ទាល់តែគាត់មានទ្រព្យសម្បត្តិ២០លានដុល្លារ ដូច្នេះតើអ្នកណាដែលមានលុយ២០លាននៅស្រុកខ្មែរ? ដូច្នេះសួរថា តើអ្នកដែលមានទ្រព្យសម្បត្តិ២០លាន នៅស្រុកខ្មែរមានប៉ុន្មាននាក់ យ៉ាងច្រើនមានប្រហែលជា២០០នាក់ប៉ុណ្ណោះ ដូច្នេះតើយើងមានលេខទូរស័ព្ទគេឬអត់? Okមានទាក់ទងទៅគេ។ ខ្ញុំរកស៊ីលក់អ៊ីចឹង មិនដូចអ្នកខ្លះនៅអង្គុយរអ៊ូរលក់មិនដាច់ទេៗ ខ្ញុំមិនចេះនៅអង្គុយរអ៊ូរទេ គឺខ្ញុំដើររកភ្ញៀវ។
លោកបណ្ឌិតបន្តថា “អ្នកលក់បច្ចុប្បន្ននៅស្ទើរណាស់ គឺអង្គុយរង់ចាំឲ្យគេចូលមក ដូច្នេះសួរថាការរកស៊ីអ្នកណាគេនៅអង្គុយចាំអញ្ចឹង ប្រសិនបើខ្ញុំជាអ្នកលក់ផ្ទះវិញខ្ញុំត្រូវដឹងថា ពីរនាក់នោះគេទើបរៀបការហើយគេត្រូវការទិញផ្ទះ ដូច្នេះខ្ញុំនឹងទៅដល់កន្លែងគេនៅ ហើយគោះទ្វារធ្វើបទបង្ហាញយកគម្រោងបូរីឲ្យគេមើលតែម្ដង។ គេលក់អញ្ជឹង វិធីនេះខ្ញុំធ្វើតាំងតែពី១០ឆ្នាំមុន មិនមែនអង្គុយស្រួលៗក្នុងម៉ាស៊ីនត្រជាក់ហើយរអ៊ូរទេ៕