មនុស្សមួយចំនួនតែងតែយល់ខុសថា ផលផ្លែផ្កានៃលទ្ធផលទាំងឡាយ គឺភស្តុតាងដែលបញ្ជាក់ពីភាពជោគជ័យនៃអាជីវកម្ម ឬកិច្ចការណាមួយ។ ប៉ុន្តែនេះគឺជាការយល់ខុសទាំងស្រុង ព្រោះសហគ្រិនជោគជ័យគ្រប់រូបសុទ្ធតែបានឆ្លងកាត់ការតស៊ូប្រឹងប្រែង និងការបរាជ័យជាច្រើនលើកច្រើនសារ ដោយការជោគជ័យរបស់ពួកគេមិនមែនកើតឡើងដោយសារព្រេងវាសនា ឬសំណាងនោះទេ។
ភាពជោគជ័យរបស់ពួកគេ គឺកើតឡើងដោយសារការសម្រេចចិត្ត និងការប្រឹងប្រែងរបស់ពួកគេតាំងពីដំបូងទីមកម្លេះដែលអាចធ្វើអោយពួកគេបានជោគជ័យ និងមានអ្វីៗដូចបច្ចប្បន្ននេះ។ អ្វីដែលពិសេសនោះ គឺទម្លាប់ពេលព្រឹកជាកត្តា ដែលបានដឹកនាំពួកសហគ្រិនគ្រប់រូបឲ្យឆ្លងដល់ភាពជោគជ័យ។ ខាងក្រោមនេះ គឺជាទម្លាប់ពេលព្រឹករបស់សហគ្រិនជោគជ័យទាំង៧រូប ដែលអ្នកគួរតែយល់ដឹង៖
១.លោក Naveen Jain
លោក Naveen Jain គឺជាអតីតស្ថាបនិកនិងនាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន InforSpace ដែលជាសហគ្រិនជោគជ័យមួយរូប ដែលទម្លាប់ជាប្រចាំនៅពេលព្រឹករបស់លោក គឺតែងតែធ្វើការថែរក្សាសុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងសតិអារម្មណ៍។ លោកតែងតែធ្វើបែបនេះ ព្រោះរូបលោកយល់ឃើញថា ការធ្វើអាជីវកម្ម គឺប្រៀបបានដូចជាការធ្វើសង្រ្គាមអីចឹង ដែលតម្រូវឲ្យមានការថែរក្សាចំណុចទាំងអស់នោះ ដើម្បីទទួលបានជ័យជំនះ និងជោគជ័យសម្រាប់ខ្លួនឯង។
ជាប្រចាំនៅពេលព្រឹក គឺលោកតែងតែក្រោកពីដំណេកចន្លោះម៉ោង៤៖៣០ និងម៉ោង៥៖៣០ព្រឹក ដោយចំណាយពេល១៥នាទីអានព័ត៌មាន ឆ្លើយអ៊ីមែល និងប្លក់ ដើម្បីរក្សាបំនិនគិតរបស់លោក ហើយបន្ទាប់មកធ្វើលំហាត់ប្រាណរាងកាយ និងធ្វើការសមាធិដើម្បីរក្សាសតិអារម្មណ៍។
២.Oprah Winfrey
Oprah Winfrey គឺជាអ្នកការសែត និងពិធីករនៅក្នុងកម្មពិធី Oprah Winfrey Show ដ៏ល្បីល្បាញមួយរូប ដែលជាគំរូសហគ្រិនជោគជ័យសម្រាប់ស្រ្តីផងដែរ ទម្លាប់ពេលព្រឹករបស់លោកស្រី គឺមានភាពសាមញ្ញ និងបែបធម្មជាតិបំផុត។
លោកស្រីតែងតែបណ្ដោយអោយខ្លួនគាត់ក្រោកពីដំណេក ដោយគ្មានការរំខានពីសំឡេងរោទ៍របស់នាឡិកា។ លោកស្រីយល់ឃើញថា ដើម្បីយល់ច្បាស់អំពីក្ដីស្រមៃមួយ គឺមិនត្រូវផ្ដោតលើជោគជ័យទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើចំណុចតូចៗបំផុត ដែលមានន័យដែលការយកជ័យជំនះលើពួកវាគ្រប់ដំណាក់កាល គឺអាចជម្រុញអោយរឿងដ៏អស្ចារ្យកើតឡើងក្នុងភាពជោគជ័យរបស់យើង។
នៅពេលម៉ោង៨៖០០ព្រឹក ដុសធ្មេញហើយក្រោយមកដឹកឆ្កែរបស់លោកស្រីចេញទៅក្រៅដើរលេង។ បន្ទាប់មកផ្ទះវិញមកផឹក espresso មួយកែវហើយចាប់ផ្ដើមធ្វើសមាធិក្នុងពេល៣០នាទីហើយ បញ្ចប់ដោយការធ្វើលំហាត់ប្រាណក្នុងចន្លោះម៉ោង៩ និងម៉ោង១០។
៣.Warren Buffett
លោក Warren Buffet ម្ចាស់ក្រុមហ៊ុននិងជាCEO របស់ក្រុមហ៊ុន Berkshire Hathaway ដែលស្ថិតក្នុងកំពូលមហាសេដ្ធីលំដាប់ពិភពលោកហើយក៏បានទទួលស្គាល់ថា ជាអ្នកវិនិយោគិនដ៍ជោគជ័យមួយរូបផងដែរ។ ថ្វីត្បិតតែលោកជាអ្នកមានស្ដុកស្ដម្ភដែលមានលុយចាយមិនចេះខ្វះក៏ដោយ លោកនៅតែរស់នៅក្នុងលក្ខណៈសាមញ្ញបំផុត។
រៀងរាល់ពេលព្រឹក គឺលោកតែងតែក្រោកនៅម៉ោង៦៖៤៥ ហើយចំណាយពេលវេលាជាង៨០% ជារៀងរាល់ថ្ងៃអានសៀវភៅហើយគាត់យល់ឃើញថា បុគ្គលគ្រប់រូបគួរតែអានសៀវភៅជាង៥០០ ទំព័រក្នុងមួយថ្ងៃៗ ដើម្បីបង្កើនចំនេះដឹង។ ជីវិតរបស់គាត់ គឺមានភាពសាមញ្ញបំផុតដោយលោកតែងតែឆ្លៀតរកពេលលំហែចិត្ត និងកាយជានិច្ចទោះបីជាគាត់មានអាយុ៨៨ឆ្នាំហើយក៏ដោយ។
៤.Renee Fishman
លោកស្រី Renee Fishman អតីតនិស្សិត Ivy League និងអតីតមេធាវី ហើយជាអ្នករកស៊ីអចលនទ្រព្យមួយរូបផងដែរ។ លោកស្រីមានបទពិសោធន៍ជីវិតជាច្រើន ដែលភាពជោគជ័យរបស់លោកស្រី គឺសុទ្ធតែទទួលបានដោយសារការអនុវត្តតាមទម្លាប់ជាប្រចាំដ៏ប្រពៃរបស់លោកស្រី។
ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដំណេកអ្វីដែលលោកស្រី ធ្វើមុនគេបង្អស់ គឺនាងទៅហាត់ប្រាណ ដោយចំណាយពេលជាង១៥នាទី ទៅ៣ម៉ោងជាង។ អ្វីដែលប្លែកជាងនេះទៅទៀតនោះ គឺនៅពេលមកដល់ផ្ទះរបស់លោកស្រីនឹងបិទឧបករណ៍អូឌីយ៉ូឬវីដេអូ ដើម្បីកុំឲ្យមានការរំខានចំណាយពេលគិតវិភាគ ដើម្បីរកយុទ្ធសាស្រ្តថ្មីៗ ក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅពេលបំពេញការងារ។
៥.David Karp
លោក David Karp ជាស្ថាបនិកនិងជាអតីត CEO របស់ក្រុមហ៊ុន Tumblr ហើយជាសហគ្រិន និងអ្នកបង្កើតវេបសាយជោគជ័យមួយរូបដែរ។ លោក David Karp យល់ឃើញថាការមានកាលវិភាគប្រចាំថ្ងៃ គឺជាកត្តាដែលជំរុញឲ្យមានភាពច្នៃប្រឌិតកើតមានឡើងក្នុងការរស់នៅរបស់លោក។ ជារៀងរាល់ព្រឹកលោកតែងតែធ្វើដំណើរថ្មើរជើងទៅធ្វើការកន្លែងOfficeរបស់លោក គឺមានភាពលក្ខណៈសាមញ្ញ ហើយគាត់តែងតែទុកពេលវេលាសមគួរសម្រាប់មើលអ៊ីម៉ែលរបស់លោក ដោយមិនចំណាយពេលនៅផ្ទះមើលវាទេ។
និយាយរួម លោកព្យាយាមធ្វើយ៉ាងណាឲ្យពេលវេលា ដែលលោកចំណាយធ្វើការ និងសកម្មភាពនៅផ្ទះមានតុល្យភាពស្មើរគ្នា ដើម្បីឲ្យលោកអាចផ្ចង់អារម្មណ៍លើសកម្មភាពទាំងឡាយឲ្យបានខ្ពស់មិនមែនមមាញឹកចំពោះតែការងារមួយមុខនោះទេ។
៦.Tony Robbins
ក្រៅពីការចំណាយពេលវេលាយ៉ាងមមាញឹកក្នុងការដើរកំសាន្តជុំវិញពិភពលោក Tony Robbin ដែលជាគ្រូបង្វឹក អ្នកនិពន្ធ សប្បុរសជន និងជាសហគ្រិនដ៍ជោគជ័យមួយរូប គឺតែងតែមានទម្លាប់ល្អប្រចាំពេលព្រឹករបស់លោកដោយលោកបានលត់ដំខ្លួនឯងឲ្យក្លាយជាមនុស្សជោគជ័យ។ ជាង១០ឆ្នាំមកហើយ ដែលលោកតែងតែធ្វើសមាធិក្នុងរយៈពេល១០នាទី នៅពេលព្រឹកដោយគាត់បានបែងចែកជាដំណាក់កាលដូចខាងក្រោម៖
ដកដង្ហើម៣០ដង្ហើម ចំនួន៣លើកក្នុងល្បឿនលឿនក្នុងពេលមួយនាទី ចំណាយពេល៣នាទី ដកដង្ហើមយឺតៗដើម្បីវាយតម្លៃពីអ្វីដែលលោកកំពុងសប្បាយចិត្តនឹងមាន ចំណាយពេល៣នាទី ដើម្បីធ្វើការភ្ជាប់អារម្មណ៍រវាងផ្នែកក្បាលនិងខ្លួនប្រាណ ចំណាយពេល៣នាទី ដើម្បីផ្ចង់និងស្រមើស្រមៃគិតពីអារម្មណ៍ ដែលបានសម្រេចគោលដៅទាំង៣របស់លោក ក្រោយមកលោកហាត់ប្រាណក្នុងរយៈពេល១៥នាទី។
៧.Jonh Paul Dejoria
លោក Jonh Paul Dejoria ដែលធ្លាប់តែជាជនអនាថាគ្មានផ្ទះសម្បែង ប៉ុន្តែឥឡូវជាមហាសេដ្ឋី គឺជាជនជោគជ័យមួយរូប ដែលមានទម្លាប់ល្អពិសេសរបស់លោកនៅពេលព្រឹកដូចសហគ្រិនខាងលើផងដែរ។ លោកតែងតែចំណាយពេល៥នាទី ក្នុងពេលព្រឹកដើម្បីផ្ចង់អារម្មណ៍និងឆ្លុះបញ្ចាំងអំពីអ្វីៗ ដែលលោកកំពុងមានដែលធ្វើឲ្យលោកសប្បាយចិត្ត។ ហើយក្រោយមកលោកឆុងកាហ្វេហូបមុននឹងដំណើរការការងារប្រចាំថ្ងៃ។
លោកបានបង្ហើបប្រាប់ថា លោកអាចផ្ដោតអារម្មណ៍លើការងារបានយ៉ាងល្អ ដោយសាររូបលោកបានរៀនអំពីគន្លឹះទាំងនេះកាលពីវ័យសិក្សារបស់លោកគ្មានបច្ចេកវិទ្យាទំនើបៗ ដូចជាកុំព្យូទ័រ និងអ៊ីម៉ែលទំនាក់ទំនង ហើយរាល់ទំនាក់ទំនង គឺធ្វើឡើងដោយការខលឬផ្ញើរសារតាមរយៈទូរសារ។ ដូចនេះលោកអាចផ្ចង់អារម្មណ៍បានយ៉ាងល្អទៅលើតែការងារសំខាន់ៗប្រចាំថ្ងៃ ដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងនោះទេ៕