ក្រឡេក​មកមើល​គោលការណ៍​ជោគជ័យទាំង​១០​ របស់មហាសេដ្ឋី​សណ្ឋាគារ​លោក Conrad Hilton បន្តិច​មើល​

លោកConrad Hilton គឺជាស្ថាបនិក និងជាម្ចាស់ Hilton Family Hotels ដែលជាក្រុមហ៊ុនដែលកាន់កាប់សណ្ឋាគារ​ជាង ៥០០ទូទាំងពិភពលោក។ លោក Conrad Hilton កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៨៨៧ នៅ San Antonio រដ្ឋ New Mexico សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីសណ្ឋាគារនៅក្នុងសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាគោលការណ៍ជោគជ័យទាំង១០ របស់លោក Conrad Hilton៖

១.រកឲ្យឃើញនូវភាពប៉ិនប្រសប់របស់អ្នក

លោក Conrad Hilton គឺជាអ្នកដែលមានជំនឿថាមនុស្សម្នាក់ៗ មានទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ដោយពួកគេអាចពូកែលើរឿងអ្វីមួយ។ អ្នកត្រូវចំណាយពេលវេលាស្វែងរកទេពកោសល្យរបស់អ្នកឲ្យឃើញ។ អ្នកនឹងពូកែនៅពេលដែលអ្នកដឹងថាអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើវា។ ដូចនេះ កុំបោះ​បង់ថ្ងៃណាមួយអ្នក នឹងស្វែងរកឃើញនូវអ្វីដែលអ្នកស្រលាញ់ពេញចិត្តជាមិនខាន។

២.ធ្វើខ្លួនឲ្យធំ

លោក Conrad Hilton៖ ដើម្បីធ្វើរឿងធំឲ្យជោគជ័យ អ្នកត្រូវមានក្ដីសុបិនធំសិន។ លោកមានជំនឿថា ការពង្រីកខ្លួនអ្នកឲ្យកាន់តែធំ នោះអ្នកនឹងទទួលបានជោគជ័យជាមិនខាន។ ការមានសុបិនធំ ទើបធ្វើឲ្យអ្នកថាមពលក្នុងការរុញច្រានអ្នកទៅដល់ភាពជោគជ័យ។

៣.ស្មោះត្រង់

លោក Conrad Hilton មានប្រសាសន៍ថា ភាពស្មោះត្រង់គឺជាអ្វីៗទាំងអស់។ ការស្មោះត្រង់ឬការពិតតែងតែបង្កើតជាលទ្ធផល ប៉ុន្តែការកុហក់បោកប្រាស់នឹងមិនធ្វើឲ្យអ្នកជោគជ័យនោះទេ។ មនុស្សចង់រាប់អានអ្នកដោយសារតែភាពស្មោះត្រង់របស់អ្នក ដោយគ្មានមនុស្សណាម្នាក់ដែលហ៊ានប្រថុយជឿទុកចិត្តមនុស្សមិនស្មោះត្រង់នោះទេ។

៤.ភាពចង់ចេះចង់ដឹង

លោក Conrad Hilton មានប្រសាសន៍ថា អ្នកគួរតែរស់នៅដោយជីវិតមួយរីករាយ ហើយមានភាពចង់ចេះចង់ដឹងគ្រប់ពេលវេលា ប្រសិនបើអ្នកមិនមានភាពចង់ចេះចង់ដឹងនោះទេ នោះអ្នកនឹងមិនអាចរៀនសូត្រ និងរីកចម្រើនបាននោះទេ។

៥.កុំអនុញ្ញាតិឲ្យទ្រព្យសម្បត្តិគ្រប់គ្រងអ្នក

ទ្រព្យសម្បត្តិ គឺជាវត្ថុក្រៅខ្លួនរបស់អ្នកប៉ុណ្ណោះ ប្រសិនបើអ្នកនៅតែស្មុគស្មាញនឹងទ្រព្យសម្បត្តិក្រៅខ្លួន នោះអ្នកមិនបាត់បង់វត្ថុទាំងឡាយ ដែលអ្នកអាចធ្វើវាបានដោយមិនអស់ប្រាក់មួយសេន។ អ្នកត្រូវចាំថាទ្រព្យសម្បត្តិត្រឹមតែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ពេលអ្នកស្លាប់ទៅអ្នកមិនអាចយកទៅជាមួយបានទេ។ តែអ្វីដែលអ្នកត្រូវធ្វើ គឺរីករាយនឹងអ្វីដែលអ្នាកមានសិន។

៦.កុំព្រួយបារម្ភអំពីបញ្ហា

លោក Conrad Hilton មានប្រសាសន៍ថា «ការព្រួយបារម្ភពេក មិនជួយអ្នកឲ្យដោះស្រាយបញ្ហាបានទេ ប៉ុន្តែការបួងសួង គំនិត និងសកម្មភាព អាចដោះស្រាយបញ្ហាបាន។» ការព្រួយបារម្ភប្រៀបដូចជាកៅអ៊ីយោលអ៊ីចឹង វានឹងធ្វើឲ្យអ្នកមានសកម្មភាពរវល់គ្រប់ពេល ប៉ុន្តែវាមិនអាចជួយដោះស្រាយអ្វីបានឡើយ។ ការព្រួយបារម្ភពេកនឹងធ្វើឲ្យអ្នកបាត់បង់ឱកាសក្នុងការស្វែងរកដំណោះស្រាយ។ ដូចនេះ កុំចំណាយថាមពលរបស់អ្នកលើការព្រួយបារម្ភ អ្នកត្រូវធ្វើវាដោយភាពឆ្លាតវៃ។

៧.រៀនសូត្រ

អ្នកត្រូវព្យាយាមរៀនសូត្រពីមនុស្សជុំវិញខ្លួនអ្នក បើទោះបីអ្នកនោះមានឋានៈតូចទាបយ៉ាងណាក៏ដោយ។ អ្វីទាំងអស់នេះ លោក Conrad Hilton តែងតែប្រើប្រាស់ទៅលើបុគ្គលិករបស់លោក។ ការរៀនសូត្រនេះហើយ ទើបធ្វើឲ្យអ្នករីកចម្រើន។ អ្នកត្រូវចាំថា អ្នកអាចរៀនសូត្របានគ្រប់ទីកន្លែង និងពីមនុស្សដែលនៅជុំវិញអ្នក។

៨.កុំខ្វល់ពីអតីតកាល

អ្នកត្រូវមានជំនឿជាក់លើខ្លួនអ្នកដើម្បីដឹកនាំជីវិតរបស់អ្នកឆ្ពោះទៅមុខ។ អ្នកត្រូវចេះរៀនសូត្រពីបទពិសោធន៍ ឬកំហុសរបស់អ្នក ប៉ុន្តែកុំខ្វាយខ្វល់ច្រើនពេកអំពីអតីតកាលដែលវាកន្លងហួសទៅហើយ។ ការព្រួយបារម្ភអំពីអតីតកាល មិនអាចជួយអ្នកបាននោះទេ មានតែការរៀនសូត្រអំពីកំហុស ហើយខិតខំអភិវឌ្ឍខ្លួនដើម្បីពេលអនាគតតែប៉ុណ្ណោះ។

៩.ការខិតខំប្រឹងប្រែង

ការខិតខំប្រឹងប្រែងតែងតែហុចផលត្រលប់មកវិញ។ គ្មាននរណាម្នាក់មានបាន ជោគជ័យ ដោយគ្រាន់តែអង្គុយលេង មិនខិតខំព្យាយាមនោះទេ។

១០.ការបួងសួង

មិនថាអ្នកកាន់សាសនាអ្វីនោះទេ ការបួងសួងជួយឲ្យអ្នកមានកម្លាំងចិត្ត មានថាមពលដើម្បីបន្តដំណើរទៅមុខទៀត ការបួងសួងបូកផ្សំនឹងការខិតខំ មិនបោះបង់ធ្វើឲ្យអ្នកទទួលបានលទ្ធផលកាន់តែប្រសើរ កាន់តែល្អថែមទៀត៕