ជាការពិតប្រកែកមិនបាន មនុស្សយើងបើអត់មានលុយ គឺក្រត្រឹមរយៈពេលខ្លីទេ តែបើអត់គំនិតបង្កើតលុយវិញ នឹងក្រអស់មួយជីវិតមិនខាន។ ហើយបើកើតមកក្រក៏មិនមែនជាកំហុសខ្លួនយើងដែរ តែបើស្លាប់ទៅវិញនៅតែក្រ នោះទើបជាកំហុសរបស់យើងពិតប្រាកដ។
Charlie Griffiths ជាក្មេងប្រុសវ័យ ១៤ ឆ្នាំម្នាក់ ដែលមានដើមកំណើតនៅក្នុងទីក្រុង Herefordshire ភាគខាងលិចនៃប្រទេសអង់គ្លេស រូបគេបានចាប់ផ្តើមអាជីវកម្មកែច្នៃទៀនដំបូងឡើងនៅវ័យ ១២ឆ្នាំ ក្នុងបន្ទប់ដេករបស់ខ្លួន។ ពីរឆ្នាំក្រោយមក អាជីវកម្មកែច្នៃទៀនរបស់គេ អាចរកចំណូលដល់ខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ រហូតអាចឱ្យគេផ្លាស់ទីតាំងកែច្នៃទៀននៅក្នុងបន្ទប់ដេក ទៅកាន់ផ្ទះល្វែងមួយដែលមានការិយាល័យ និងកន្លែងស្តុកទំនិញបានយ៉ាងល្អ។
Charlie បានប្រាប់អ្នកសារព័ត៌មានថា គេជាក្មេងដែលមានគំនិតចង់បង្កើតអាជីវកម្មដោយខ្លួនឯង តាំងពីរូបគេនៅវ័យ ៩ ឆ្នាំមកម្លេះ ហើយដោយសារតែរូបគេបានអានសៀវភៅច្រើនទាក់ទងទៅនឹងសុខភាពមនុស្ស និងបរិស្ថានធម្មជាតិ គេក៏ចាប់ផ្តើមមានគំនិតកែច្នៃទៀនដែលគ្មានសារធាតុគីមី ដាក់ក្នុងប្រអប់យ៉ាងស្អាត និងអាចលក់ចេញក្នុងតម្លៃចាប់ពី ៩ ដល់ទៅ ១២ ដុល្លារឯណ្ណោះ។
សហគ្រិនវ័យក្មេងរូបនេះ បានឱ្យដឹងថា ទៀនដែលគេយកមកកែច្នៃនោះ មិនមែនជាទៀនដែលគេបានផលិតដោយខ្លួនឯងនោះទេ ពោលគឺជាទៀនដែលគេទិញពីខាងក្រៅយកមកកែច្នៃប៉ុណ្ណោះ ក៏ប៉ុន្តែមុននឹងរូបគេសម្រេចចិត្តទិញ គេតម្រូវឱ្យម្ចាស់ទៀនទាំងនោះ កុំដាក់សារធាតុគីមី ហើយមានខ្លិនច្រើនប្រភេទតាមដែលរូបគេត្រូវការ។
កុមារាមាឌធំរូបសង្ហាម្នាក់នេះ បានសង្កត់ធ្ងន់ដែរថា “សម្រាប់ក្មេងដទៃ ប្រសិនជាមានវ័យ ១២ ឆ្នាំដូចរូបគេ ប្រហែលជាកំពុងវក់នឹងការសប្បាយ ហើយខ្វល់ខ្វាយតែរឿងសិក្សាប៉ុណ្ណោះ ប៉ុន្តែខ្លួនគេផ្ទាល់គឺមិនសូវមានពេលសប្បាយឡើយ ពេលទំនេរពីសិក្សារបស់គេ គឺចំណាយច្រើនបំផុតលើអាជីវកម្មកែច្នៃទៀន។ ចំណែកឯ គោលការធ្វើអាជីវកម្មរបស់គេវិញ គឺចាប់ផ្តើមពីតូច តែពោរពេញដោយមហិឆ្ឆតាធំ” ៕