ក្រោយចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្តកំពតកំពុងរៀបចំអភិវឌ្ឍរមណីយដ្ឋានបែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ
បច្ចុប្បន្នកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ក្នុងនោះនិន្នាការនៃវិស័យលំនៅដ្ឋាន បានកំពុងផ្លាស់ប្តូរគួរអោយកត់សម្គាល់ពោលទាំងតម្រូវការ និងស្តង់ដារនៃការរស់នៅមានលក្ខណៈកាន់តែប្រសើរឡើង។
វិស័យទេសចរណ៍កម្ពុជា គឺជាទីផ្សារដ៏ធំមួយដែលបានជួយជម្រុញដល់កំណើនវិស័យអចលនទ្រព្យ។ នៅពេលដែលចំនួនអ្នកទេសចរណ៍កើនឡើង ធ្វើឲ្យការវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានការកើនឡើងផងដែរ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍កំពុងសំឡឹងមើលពីតំបន់ និងឱកាសវិនិយោគនៅកម្ពុជាជុំវិញវិស័យលំនៅដ្ឋានលំហែកាយ និងរមណីយដ្ឋានបែបធម្មជាតិ។
ខេត្តនីមួយៗ មានសក្តានុពលពិសេសដាច់ដោយឡែកពីគ្នា ដែលផ្តល់ឱកាសផ្សេងៗគ្នា សម្រាប់អ្នកអភិវឌ្ឍន៍ បច្ចុប្បន្ននេះខេត្តសៀមរាបហាក់បានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍលំនៅដ្ឋានបែបធម្មជាតិឈានមុខគេ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីសៀមរាមមានប្រសាទអង្គវត្ត ដែលបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបំផុតនៅទូទាំងពិភពលោក។ ក្រៅពីនេះលំនៅដ្ឋានលំហែកាយបែបធម្មជាតិក៏ឃើញថា មានកំណើនឡើងនៅក្នុងខេត្តមួយចំនួនទៀតដូចជា៖ ខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគីរី មណ្ឌលគីរី និងកំពង់ស្ពឺជាដើម។
តេង រិទ្ធី ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន R’Investment Group បាននិយាយថា កម្ពុជាមានអំណោយស្រាប់សម្រាប់ការអភវិឌ្ឍវិស័យលំនៅដ្ឋានលំហែកាយបែបធម្មជាតិ។ លោកបានអះអាងថា វិនិយោគិនគ្រាន់តែត្រូវស្វែងរកទីតាំង ដែលសមស្របបន្ទាប់មកអភិវឌ្ឍឲ្យត្រូវនឹងគោបំណង ដើម្បីបង្កើតជាតំបន់លំហែកាយប្រកបដោយនិរន្តរភាព។ លោកបានប្រៀបធៀបកម្ពុជាទៅនឹងសឹង្ហបុរី លោកថានៅសិង្ហបុរី អ្នកអភិវឌ្ឍន៍ត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើតជាតំបន់ធម្មជាតិដូចជាដាំដើមឈើ ជីកបឹង ចិញ្ចឹមត្រីជាដើមមុននឹងកែច្នៃ តំបន់ណាមួយធ្វើជាតំបន់លំហែកាយលក្ខណៈធម្មជាតិ។
លោក រិទ្ធី ផ្ទាល់ក៏មានគម្រោងនឹងអភិវឌ្ឍលំនៅដ្ឋានសម្រាប់លំហែកាយនៅភ្នំពេញ សៀមរាប និងខេត្តកំពតលោកលើកឡើងថា បច្ចុប្បន្នយើងកំពុងសិក្សាពីសក្តានុពលនៃទីតាំងរបស់ ខេត្តនីមួយៗសម្រាប់គម្រោងលំហែកាយថ្មីនេះ៕