ពីក្មេងធ្វើអ្នករត់តុ ធ្វើឲ្យអតីតបេក្ខជនកម្មវិធី Master Chef រកចំណូលពីការធ្វើម្ហូបរកប្រាក់បានខ្ទង់ពាន់ដុល្លារ
លោក អ៊ាង ដារិទ្ធ ត្រូវបានប្រជាជនកម្ពុជា ស្គាល់តាមរយៈកម្មវិធី Master Chef Khmer ដែលជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីលំដាប់ពិភពលោក។ អតីតបេក្ខជន Master Chef Khmer រូបនេះបានប្រកបរបរផ្នែកម្ហូប ដោយបើកជាហាងមួយដែលមានឈ្មោះថា” បងដារិទ្ធ បុកល្ហុងពិសេស និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនផងដែរ។ កំពុងបុកល្ហុងជូនអតិថិជនបណ្ដើរ ឆ្លើយសំនួរ Today Sharing បណ្ដើរ លោកដារិទ្ធ បានឲ្យដឹងថា មុននឹងមានអាជីវកម្មផ្ទាល់ខ្លួនដូចសព្វថ្ងៃនេះ លោកធ្លាប់ធ្វើជាអ្នករត់តុតាំងពីវ័យ១៦ឆ្នាំម៉្លេះ ពោលគឺធ្វើតាំងពីទស្សវត្សឆ្នាំ១៩៩០។
តាមពិតទៅ លោក ដារិទ្ធ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ តែក្នុងឆ្នា២០០០ លោកបានផ្លាស់ប្ដូរទៅរស់នៅខេត្តសៀមរាប ហើយនៅទីនោះលោកក៏នៅតែធ្វើការជាអ្នករត់តុដដែល មិនតែប៉ុណ្ណោះលោកធ្លាប់ធ្វើជាសន្តិសុខទៀតផង។ អតីតបេក្ខជនលំដាប់ Top 12 រូបនេះ បានបង្ហើបថា រូបលោករៀនសូត្របានត្រឹមថ្នាក់ទី១១ ដូច្នេះពិបាកក្នុងការរកការងារល្អៗធ្វើដូចគេ។ ដោយសារនឿយហត់នឹងការងារ ហើយក៏ព្រោះការធ្វើការឲ្យគេ រកចំណូលបានតិចតួចទៀតនោះ លោកសម្រេចចិត្តឈប់ធ្វើការឲ្យគេ ហើយងាកមកប្រកបរបររកស៊ីខ្លួនឯងម្ដង។
ពេលចាប់ផ្ដើមចង់រកស៊ី លោកមិនដឹងថាត្រូវរកស៊ីអ្វីនោះទេ តែលោកយកការស្រលាញ់ ការធ្វើម្ហូបនេះ មកធ្វើជារបររកស៊ីផ្ទាល់ខ្លួន ព្រោះលោកស្រលាញ់ក៏ដូចជានេះធ្វើម្ហូបតាំងពីក្មេងមកម្ល៉េះ។ ក្នុងឆ្នាំ២០០៧ លោកប្រកបរបររកស៊ីផ្ទាល់ខ្លួន ដោយលក់បង្អែម និងបុកល្ហុងនៅមុខព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
ក្នុងឆ្នាំ២០១៨ ពេលដឹងថាមានកម្មវិធី Master Chef នៅកម្ពុជា លោកបានដាក់ពាក្យប្រលង ហើយក៏ជាប់ក្នុងកម្មវិធី Master Chef Khmer នេះផងដែរ ពេលប្រចូលប្រលង Master Chef ក៏បានមករស់នៅទីក្រុងភ្នំពេញវិញ ហើយបន្តអាជីវកម្មម្ហូបអាហារសម្រន់របស់លោក ដោយដាក់ឈ្មោះថា បងដារិទ្ធ បុកល្ហុងពិសេសស ខាងក្រោយផ្សារឈូសមាសនៃ បុរីពិភពថ្មី។
ការប្រកបរបរលក់អាហារសម្រន់កំពុងពេលលោក ប្រលង Master Chef នេះ លោកមិនមានហាងលក់ត្រឹមត្រូវនោះទេ។ យ៉ាណាមិញលោកបានបង្ហើបថាអាជីវកម្មម្ហូបរបស់លោក អាចរកប្រាក់ចំណេញបន្ទាប់ពីកាត់ចំណាយបានខ្ទង់២ពាន់ដុល្លារ ហើយមានអតិថិជនគាំទ្រកាន់តែច្រើន ពោលគឺពួកគាត់ស្គាលលោកតាមរយៈកម្មវិធី Master Chef Khmer។ កាលពីថ្ងៃទី១ ខែមេសានេះ លោកបានផ្លាស់ទីតាំងលក់ ដោយមកលក់ក្នុងហាងត្រឹមត្រូវ មានកន្លែងសម្រាប់ទទួលអតិថិជនយ៉ាងសមរម្យ ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស់ ពោលគឺនៅក្នុងបុរី គិតឈៀន ក្រោយផ្សារឈូកមាស។
លោកដារិទ្ធ រំពឹងថា ការផ្លាស់ប្ដូរទីតាំងថ្មីនេះនឹងធ្វើឲ្យលោក រកចំណូលបានកាន់តែច្រើនជាងមុនព្រោះកន្លែងថ្មីមានកន្លែងសម្រាប់អតិថិជនអង្គុយក្នុងហាងផ្ទាល់។ ប្រើសិនបើលោកអ្នកចង់ភ្លកស្នាដៃ របស់លោក អាចអញ្ជើញមកញ៉ាំនៅហាងគាត់ផ្ទាល់ដែលទីតាំង ក្នុងបុរី គិតឈៀន ក្រោយផ្សារឈូកមាស ហើយក្នុងពេលឆាប់ៗលោកក៏មានសេវាកម្មដឹងជញ្ជូនម្ហូបដល់ទីកន្លែងផងដែរ។ អ្នកអាចទាក់ទងលោក តាមរយៈលេខ 093 810 380៕