ចៃ ឡូ ម្ចាស់ហាង​ល្អីបៃតង ៖ ដើម្បី​ការពារ​យីហោ​ដំណាំរបស់ខ្លួន​កុំឲ្យគេ​បន្លំ កសិករ​គួរ​តែ​អនុវត្តដូច​ខាងក្រោម​

លោក ចៃ ឡូ ជាម្ចាស់ហាងល្អីបៃតង ជាហាងលក់បន្លែផ្លែឈើសរីរាង និងផលិតផលធម្មជាតិដាំដោយកសិករផ្ទាល់ ដែលបានបើកហាងចាប់ចំណែកទីផ្សារបាត់ដំបង និងមានបំណងពង្រីកសាខាគ្រប់ខេត្តក្រុង។ សហគ្រិនដែលធ្លាប់ប្រឡូកការងារជាង១០ឆ្នាំរូបនេះ បង្ហាញថាកសិករគួរចាប់ផ្តើមបង្កើតយីហោផលិតផលខ្លួនឯង ដើម្បីទប់ស្កាត់ការបន្លំម៉ាកយីហោ។

ម្ចាស់ហាងរូបនេះបង្ហាញថា ដំបូងអ្នកត្រូវកសាងកេរ្តិ៍ឈ្មោះផលិតផលរបស់ខ្លួន ដោយឈរលើភាពស្មោះត្រង់ និងមានបច្ចេកទេសត្រឹមត្រូវ និងមានស្តង់ដារ ហើយអនុវត្តន៍តាមគោលការណ៍ជាក់លាក់អាចទទួលយកបាន។ បន្ទាប់មកដាក់ស្នើរឲ្យស្ថាប័ន ឬដៃគូណាមួយចវាយតម្លៃ និងផ្សព្វផ្សាយបង្ហាញទៅអតិថិជនឲ្យបានទូលំទូលាយ។

សហគ្រិនផ្នែកកសិកម្មរូបនេះបន្ថែមថា សម្រាប់អ្នកវាយតម្លៃទៀតសោត គួររើសយកដៃគូដែលមានជំនាញ និងមានការទទួលស្គាល់ពីមហាជន ហើយអាចជឿជាក់បានខ្ពស់បំផុត។ មួយវិញទៀតការបញ្ជ្រៀបពីការយល់ដឹងមួយចំនួនដល់អ្នកប្រើប្រាស់ជាវិធីដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ផលិតផលរបស់អ្នកផងដែរ ដែលធ្វើផលិតផលបន្លំរបស់អ្នកផ្សេងមិនអាចលក់ចេញ ដូចផលិតផលម្ចាស់ដើមនោះឡើយ។

លោក ចៃ ឡូ រំពឹងថា យុវជនវ័យក្មេងនឹងងាកទៅចាប់របរក្នុងកសិកម្មកាន់តែច្រើន ខណៈតម្រូវការផ្នែកម្ហូបអាហារមានទីផ្សារធំទូលាយ ស្របពេលដែលទីផ្សារផលិតបានតិច និងតម្លៃខ្ពស់។ យ៉ាងណាក្តីការងាកទៅបង្កើតអាជីវកម្មដោយខ្លួនឯង នៅតែជាឱកាសសម្រាប់សហគ្រិនវ័យក្មេង ប៉ុន្តែបើគិតថាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់លោកចៃ ឡូ បានណែនាំថា អ្នកគួរចូលរួមសហការជាមួយគេសិនដើម្បីបានរៀនជំនាញ និងរបៀបគ្រប់គ្រង ដើម្បីចាប់ផ្តើមអាជីវកម្មសោយខ្លួនឯងនាថ្ងៃអនាគត៕