ខុង ជឺ ពោលថា ប្រសិនបើនិយាយដើមអ្នក ស្តីទឹកមាត់ពីក្រោយខ្នងអ្នក មានន័យថា អ្នកឈានមុខគេមួយជំហ៊ាន
នៅក្នុងសង្គមការរស់នៅប្រចាំថ្ងៃ វាមិនមែនជារឿងដែលងាយស្រួល និងអាចតម្រូវចិត្តរបស់មនុស្សអស់នោះទេ ព្រោះមនុស្សនៅក្នុងលោកនេះ មានចិត្ត គំនិត និងចំណេះដឹងមិនស្មើគ្នា មិនដូចគ្នាឡើយ។ ដូច្នេះ តើចាំបាច់អ្វីត្រូវទៅតម្រូវចិត្តនឹងមនុស្សច្រណែននឹងយើងទាំងនោះទៅ?
សូម្បីតែអ្នកប្រាជ្ញចិន និងជាទស្សនវិទូលោកខាងកើតនៃប្រទេសចិន ខុងជឺ លោកក៏បានពោលដែរថា “បើគេស្ដោះទឹកមាត់ដាក់ពីក្រោយខ្នងរបស់អ្នក គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ”។ ការលើកឡើងនេះ ខុងជឺ ចង់បង្ហាញថា មនុស្សដែលនៅពីក្រោយខ្នងយើង ពួកគេតែច្រណែនយើងដែលដើរពីមុខគេ ដោយបោះជាពាក្យសម្តីមួរបង្កាច់ បង្ខូចដល់កិត្តិយសយើងជាដើម។ ប៉ុន្តែប្រសិនបើយើងដើរពីមុខគេ គឺមានន័យថាយើងហ្នឹងបានធ្វើដំណើរមុនគេ ទាំងដែលអ្នកទាំងនោះមិនទាន់ធ្វើដំណើរមកដល់កន្លែងយើងនេះនៅឡើយទេ។
“នៅក្នុងលោកនេះ អត់មានមនុស្សណាដែលមិនត្រូវគេតិះដៀលទេ” នេះគឺជាការទូន្មានរបស់ព្រះពុទ្ធ។ ហេតុនេះ ចូរកុំខ្វល់ចិត្តនឹងមនុស្សទាំងនេះ ដែលស្ដោះទឹកមាត់ពីក្រោយខ្នងរបស់អ្នកអី។ ចូរអ្នកឆាប់ធ្វើដំណើរទៅរកគោលដៅរបស់អ្នកដោយការប្រឹងប្រែង រហូតសម្រេចគោលបំណង។ អ្នកណាចង់ស្តោះអីក៏ស្តោះទៅ កុំខ្វល់រឿងគេអី មិនយូរទេគេនឹងនៅតែស្ដោះនៅទីនេះ តែយើងដើរទៅដល់គោលដៅរបស់យើង៕