ក្រឡេកមើលជុំវិញផ្ទះអ្នកទាំងអស់គ្នាប្រហែលជាមិនខ្វះទេ តូបលក់ចាប់ហួយលក្ខណៈគ្រួសារ ប៉ុន្តែសម្រាប់សហគ្រិនឥណ្ឌូនេស៊ីវិញ បានឆ្នៃរបរលក់ចាប់ហួយនេះឱ្យកាន់តែទំនើប ដោយគ្រាន់តែបន្ថែមនូវបច្ចេកវិទ្យាបន្តិចបន្តួចប៉ុណ្ណោះ។
ក្រុមហ៊ុន ដែលបានបង្កើតជាតូបលក់ចាប់ហួយទំនើបនេះមានឈ្មោះថា Warung Pintar ដោយបានឆ្នៃដាក់បច្ចេកវិទ្យាកំប៉ិកកំប៉ុកដូចជា Wi-Fi និងកញ្ចក់ទូរទស្សន៍ LCD ជាដើម បន្ថែមពីនោះក្នុងតូបលក់ចាប់ហួយទំនើបនោះមានឌុយសម្រាប់សាកថ្មស្មាតហ្វូនបន្ថែមធ្វើឱ្យភ្ញៀវអាចអង្គុយលេងបានយូរ។
លក្ខណៈប្លែកពីគេរបស់តូបលក់ចាប់ហួយនេះ គឺ Warung Pintar ធ្វើឱ្យវាមានលក្ខណៈធូរថ្លៃ ដោយប្រជាជនឥណ្ឌូនេស៊ី មិនត្រូវចាំបាច់ចំណាយដើមទុនច្រើន ឬយកផ្ទះខ្លួនឯងនាំឱ្យខាតនោះទេ ពោលគឺគ្រាន់តែទិញតូបតូចៗដែលអាចផ្លាស់ទីបានគ្រប់ទីកន្លែងរបស់ Warung Pintarជាការស្រេច។
តូបលក់ចាបហួយនេះ ត្រូវបានអាជីវកម្មបង្កើតថ្មីមួយនេះ ឆ្នៃបង្កើតឡើងយ៉ាងណាឱ្យលក់បានក្នុងតម្លៃទាប ធ្វើយ៉ាងណាឱ្យប្រជាជនឥណ្ឌូនេស៊ីមានលទ្ធភាពទិញបាន តាមរយៈតម្លៃប្រមាណតែ៥ពាន់ដុល្លារតែប៉ុណ្ណោះ ហើយជាមួយគ្នានេះផងដែរ អ្នកលក់ក៏មិនចាំបាច់បារម្ភរឿងពិបាករកប្រភពទំនិញផងដែរ ដោយ Warung Pintar ត្រូវបានវិនិយោគពីអាជីវកម្មពាន់លានដុល្លារ Bukalapak ដែលជាអ្នកផ្គត់ផ្គង់ទំនិញអនឡាញដ៏ធំមួយនៅឥណ្ឌូនេស៊ី។
Bukalapak ធ្វើការវិនិយោគនេះក៏ដោយសារតែអាចលក់ទំនិញរបស់ខ្លួនឱ្យទៅ បណ្ដាអ្នកលក់ចាប់ហួយឱ្យ Warung Pintar ហើយស្របពេលនឹងបង្កើនការលក់រកចំណូលចូលក្រុមហ៊ុននោះ ក៏បានជួយជីវភាពប្រជាជនឥណ្ឌូនេស៊ីដែលអ្នកផលិតផលិតផលនៅក្នុងស្រុកផងដែរ។
ទើបតែបង្កើតទើបតែបាន២ឆ្នាំទេ ប៉ុន្តែគំនិតនៃការបង្កើតរបររកស៊ីឱ្យប្រជាជនមួយនេះមានគេវិនិយោគជិត៤០លានដុល្លារ មានតូបច្រើនជាង១ពាន់តូប ខណៈដែលចុងឆ្នាំនេះក្រុមហ៊ុននឹងពង្រីកឱ្យបាន៥ពាន់តូប៕