គង់ សូរីតា ៖ ត្រឹមតែ២ចំណុចប៉ុណ្ណោះក្នុងការវិនិយោគ អាចនាំឲ្យខ្ញុំអាចក្តាប់ក្រុមហ៊ុនបានដល់ទៅ៤នៅក្នុងដៃ
ពិតណាស់មនុស្សម្នាក់ៗ តែងតែមានចំណុចពិសេសរបស់ខ្លួនឯង ជាពិសេសចំពោះបុគ្គលឆ្នើម និងជោគជ័យជាច្រើន ពួកគាត់សុទ្ធតែមានចំណុចពិសេសរបស់ផ្ទាល់ខ្លួនរៀងៗខ្លួន ដែលជំរុញឲ្យពួកគេអាចឈានមកដល់ចំណុខ្ពស់នេះបាន។ តួយ៉ាងលោកស្រី គង់ សូរីតា ជាសហគ្រិនស្រ្តីឆ្នើមនិងលេចធ្លោម្នាក់ ដែលបច្ចុប្បន្នមានក្រុមហ៊ុនរហូតដល់៤នៅក្នុងដៃ បានបង្ហើបប្រាប់នូវ២ចំណុច ដែលនាំឲ្យលោកស្រីអាចវិវឌ្ឍខ្លួនក្លាយជានាយិកាបានឆាប់រហ័សបែបនេះគឺ៖
ចំណុចទី១ការអប់រំ៖ លោកស្រីនិយាយថា «នាងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកនូវអ្វីដែលថ្មី ដូច្នេះខ្ញុំយល់ថាមានតែចំណេះដឹងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបាន ពីព្រោះថានៅពេលដែលធ្វើអាជីវកម្មអ្វីៗ គឺខុសៗគ្នាដែលវានាំឲ្យយើងពិបាកខ្លាំងណាស់ ដូច្នេះខ្ញុំត្រូវត្រឡប់ទៅសិក្សានៅសាលាបន្ថែមទៀតទៅលើជំនាញគ្រប់គ្រងអាជីវកម្មជាន់ខ្ពស់ ដែលបច្ចុប្បន្ននាងខ្ញុំកំពុងតែសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ដូច្នេះនាងខ្ញុំជឿថាមានតែការអប់រំទេដែលអាចជួយឲ្យនាងខ្ញុំរីកចម្រើនផ្នែកអាជីវកម្មបាន»។
ចំណុចទី២ការតាំងចិត្ត៖ នាយិកាឆ្នើមរូបនេះនិយាយទាំងភាពជឿជាក់ថា «អាចនិយាយថានាងខ្ញុំគឺជាមនុស្សម្នាក់ដែលមានការតាំងចិត្តខ្ពស់និងមិនងាយចុះចាញ់នោះទេ ព្រោះមានឧបសគ្គដែលនាងខ្ញុំបានជួបវាច្រើនគួរសមដែរ ហើយពេលខ្លះប្រសិនបើយើងល្មមៗ គឺអាចនឹងពិបាកងើបឡើងវិញ តែសម្រាប់នាងខ្ញុំនាងខ្ញុំតែងតែជឿជាក់ថាអ្វីៗតែងតែមានដំណោះស្រាយ ហើយអ្វីដែលសំខាន់ប្រសិនបើយើងតាំងចិត្តហើយគិតថា បញ្ហាទាំងអស់នោះ គឺជាមេរៀនជីវិតដែលជួយយើងឲ្យអភិវឌ្ឍខ្លួនឯងនាពេលអនាគត ដូច្នេះខ្ញុំតែងតែគិតទៅលើផ្លូវវិជ្ជមានច្រើន»។
លោកស្រី រីតា ប្រាប់បន្តថា នៅពេលដែលយើងព្យាយាមគិតនូវរឿងវិជ្ជមានកាន់តែច្រើន នោះនឹងធ្វើឲ្យផ្លូវចិត្តរបស់យើងកាន់តែរឹងមាំផងដែរ ហើយអ្វីដែលសំខាន់មួយទៀតនោះគឺលោកស្រីមិនចង់ឲ្យស្ត្រីគ្រាន់តែធ្វើការនៅផ្ទះនោះទេ ព្រោះលោកស្រីជឿថាមនុស្សស្រីអាចចូលរួមនៅក្នុងសង្គម ដូច្នេះលោកស្រីចង់ឲ្យខ្លួនឯងអាចធ្វើការងារច្រើនជាងការងារធម្មតាដែលស្ត្រីធ្វើ ដូច្នេះលោកស្រីតែងតែព្យាយាមច្នៃជីវិតខ្លួនឯង ប៉ុន្តែធ្វើយ៉ាងណា ត្រូវឲ្យមានតុល្យភាពរវាងគ្រួសារ និងការងារផងដែរ៕