អ្នករស់នៅរាល់ថ្ងៃមានភាពស្មុគស្មាញ និងរវល់ខ្លាំងមែនទេ មានវិធីសាស្ត្រ៤យ៉ាងសម្រាប់ជួយដោះស្រាយបញ្ហាអ្នក
ជារៀងរាល់ថ្ងៃ តើជីវិតអ្នកវារវល់ដល់កម្រិតណាទៅហើយ? តើសឹងតែមានពេលខ្លះសម្រាប់ដកដង្ហើមដែរឬអត់? តើក្នុងនោះអ្នករវល់នឹងការងារ, រវល់នឹងការទៅយកកូនទៅសាលារៀន, រវល់នឹងការធ្វើម្ហូបអាហារ, រវល់នឹងការរកស៊ីច្រើនណាស់មែនទេ? បើអ្នករវល់បែបនេះ តើអារម្មណ៍អ្នកយ៉ាងណាដែរ? ច្បាស់ជាធុញថប់ហើយ ដូចនេះហើយ អ្នកគួរតែរកវិធីសាស្ត្រខ្លះដើម្បីកាត់បន្ថយភាពរវល់របស់អ្នកចេញខ្លះ ដើម្បីឲ្យចិត្តសប្បាយបានច្រើនជាងនេះ។
១.ធ្វើរឿងតែមួយក្នុងពេលតែមួយ៖ សម្រាប់អ្នកដែលធ្វើការងារច្រើនក្នុងពេលតែមួយ គឺភាគច្រើនទទួលបានលទ្ធផលមិនល្អឡើយ។ នោះដោយសារតែគាត់កំពុងផ្ដោតលើការងារមួយ តែការងារមួយទៀតក៏ចូលមកដល់។ ដូចនេះហើយ ខួរក្បាលរបស់គាត់កំពុងតែគិតរឿង២ ក្នុងពេលតែមួយ ដែលជាហេតុធ្វើឲ្យបាត់បង់ការផ្ដោតអារម្មណ៍។ មានតែការធ្វើរឿងតែមួយក្នុងពេលតែមួយទេ ទើបធ្វើឲ្យការងារទទួលបានលទ្ធផលល្អ ហើយមិនរវល់ខ្លាំងទៀត។
២.ឈប់ធ្វើអីយឺតយ៉ាវទៀត៖ កាលណាអ្នកងើបយឺតជាងគេ, មិនទាន់ងូតទឹក, មិនទាន់ស្រស់ស្រូបអាហារពេលព្រឹក, ចុះពេលណាអ្នកដល់កន្លែងធ្វើការទៅ? បើអ្នកងើបពីព្រលឹម ហើយកិច្ចការទាំងអស់គឺរួចរាល់មុនម៉ោងកំណត់? នោះអ្នកនឹងមិនបាច់ភ័យខ្លួន ខ្លាចធ្វើការមិនទាន់ ហើយមិនបាច់ធ្វើខ្លួនឲ្យរវល់ច្រើនទៀត។
៣.ធ្វើអារម្មណ៍ឲ្យស្ងប់សិន៖ កាលណាអ្នកធ្វើអ្វីមួយដោយអារម្មណ៍ប្រញាប់ៗ និងមិនស្ងប់ អ្នកនឹងពិបាកក្នុងការសម្រេចចិត្តនិងពិបាកក្នុងការដឹងថាខ្លួនចង់បានអីទៀត។ ដូចនេះដើម្បីកាត់បន្ថយភាពរវល់របស់ខ្លួនបាន អ្នកគួរណាស់តែរៀនធ្វើចិត្តឲ្យស្ងប់ៗ និងមួយៗ សិន ដើម្បីសម្រេចកិច្ចការបានជោគជ័យពីមួយទៅមួយបាន។
៤.ផ្ដល់ពេលសម្រាកសិនរួចចាំបន្តទៀត៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា៖ «កាលណាអ្នកចង់បានការងារមួយឲ្យបានល្អ អ្នកត្រូវតែបិទនិងបើកប៊ូតុងសម្រាកដល់ខួរក្បាលរបស់អ្នកសិន»។ បើអ្នកបណ្ដោយឲ្យខ្លួនឯងគិតគ្រប់ពេលនោះ គឺវាហាក់ដូចជាបង្ខំជីវិតខ្លួនឲ្យរវល់ដកឃ្លាមិនរួចដែរ៕