មុននឹងសម្រេចិត្តបើកអាជីវកម្មខ្លួន កុំធ្វើអាជីវកម្មបុរាណ ត្រូវរកអាជីវកម្មណាដែលមានលំនឹងមិនបាត់បង់អតិថិជន
កាលពីជាង១០ឆ្នាំមុននរណាក៏ចង់បើកការ៉ាស់សាំងដែរ រហូតមកទល់បច្ចុប្បន្ននេះ ក៏នៅតែមានអ្នកមួយចំនួនចិញ្ចឹមកូនចិត្តបើករបរលក់សាំងនេះដដែល ពីព្រោះពួកគាត់យល់ថា អាជីវកម្មធុនមធ្យមមួយនេះអាចរកចំណូលបានក្រាស់ក្រែល និងមានម៉ូយមិនចេះអស់ ដែលធ្វើឲ្យគាត់អាចមានជីវភាពធូរធារអស់មួយជីវិត។
យ៉ាងណាមិញ ផ្នត់គំនិតហ៊ានចេញរកស៊ី បង្កើតអាជីវកម្មដោយខ្លួនឯងជារឿងល្អ និងមានន័យបំផុតសម្រាប់ជីវិតបុគ្គលម្នាក់ៗ ប៉ុន្តែការចំណាយទុន និងពេលវេលាសម្រាប់អាជីវកម្មមួយគឺជាផែនការធំសម្រាប់ជីវិតយើងដូចគ្នា ព្រោះត្រូវចំណាយពេលរាប់ឆ្នាំ ឬសឹងតែពាក់កណ្តាលជីវិតផងក៏មិនដឹង ដោយសារតែអាជីវកម្មត្រូវការគ្រប់គ្រង និងការដោះស្រាយបញ្ហាកើតឡើងជាបន្តបន្ទាប់ដែលតម្រូវឲ្យម្ចាស់អាជីវកម្មនោះនៅជាប់នឹងអាជីវកម្មបើទោះជាទិញហ្រ្វេនឆាយពីគេមករកស៊ីក៏ដោយ។
ប្រសិនបើលោកអ្នកចង់ទិញសិទ្ធអាជីវកម្មការ៉ាស់សាំងមករកស៊ី សូមលើកហេតុផល៣ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញ៖
ហេតុផលទី១៖ និន្នាការប្រើប្រាស់រថយន្តរបស់ពិភពលោក
ប្រទេសអ្នកមាននៅតំបន់អឺរ៉ុប បានប្តេជ្ញាប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធសាធតែម្តងត្រឹមឆ្នាំ២០៣០ ស្របពេលដែលក្រុមហ៊ុនធំៗ ខាងផ្នែកឧស្សាហកម្មរថយន្តចាប់ផ្តើមសម្រុកផលិតឡានដើរដោយថាមពលអគ្គិសនីក្នុងតម្លៃទាបថែមទៀតផង ជាក់ស្តែង Tesla របស់ Elon Musk ផលិតឡានអគ្គិសនីលក់ត្រឹមតម្លៃជាង២ម៉ឺនដុល្លារប៉ុណ្ណោះ និងក្រុមហ៊ុនច្រើនទៀតរបស់ចិន ដែលផលិតលក់ចេញច្រើនដែរតែតម្លៃនៅខ្ពស់បន្តិច។ យ៉ាងណាក្តីការនេះបានដាស់ឲ្យអ្នកចង់ចេញរកស៊ីការ៉ាស់សាំងថា តើគួរបន្តក្តីស្រមៃជាមួយការរ៉ាស់សាំង ឬរកអាជីវកម្មថ្មីដែលមានសក្តានុពល និងវែងឆ្ងាយជាងនេះ។
ហេតុផលទី២៖ ទុនធំតែចំណេញតិច
មែនទែនទៅ មិនចាំបាច់មើលខ្ទង់ចំណាយទេ ក៏គេអាចប៉ាន់ស្មានថា បើកការ៉ាស់សាំងមួយត្រូវការដើមទុនធំដែរ ដោយសារសម្ភារៈសម្រាប់បំពាក់នីមួយៗសុទ្ធតែមានតម្លៃថ្លៃ និងត្រូវការកន្លែងធំទូលាយថែមទៀតផង។ ម្យ៉ាងទៀត ផលចំណេញពីការលក់ក៏មិនក្រាស់ក្រែលដូចអ្វីដែលគេគិតនោះដែរ បើទោះជាសព្វថ្ងៃសាំងនៅកម្ពុជាមានតម្លៃខ្ពស់គួរសម្យក្តី ព្រោះថាឥន្ទនៈទាំងនេះត្រូវនាំចូល និងចំណាយច្រើនទៅលើការដឹកជញ្ជូនទៀត ដែលធ្វើឲ្យថ្លៃដើមខ្ពស់ខ្លាំង ហើយត្រូវចំណាយលើបុគ្គលិក និងការថែទាំសម្ភារៈមួយចំនួនទៀតជាដើម។
ហេតុផលទី៣៖ ការប្រកួតប្រជែងខ្ពស់
ដូចជាការរៀបរាប់ជាច្រើនមកហើយថា អាជីវកម្មមួយនេះមានអ្នកចង់ចេញរកស៊ីច្រើន ម្លោះហើយការផ្តើមបើកដំណើរការក៏ច្រើនដូចគ្នា ខណៈការ៉ាស់ចាស់ៗដែលមិនសូវទាក់ទាញបិទទ្វារមួយចំនួនមកហើយ ដោយសារតែកត្តាទាំងនេះ។ មួយវិញទៀតមានការប្រកួតប្រជែងដោយប្រយោលនៃយាន្តជំនិះ ដែលចំណាយតិចលើថ្លៃអគ្គិសនីទៅទៀតនោះ ជាហេតុធ្វើឲ្យអាជីវកម្មការ៉ាស់សាំងជួបបញ្ហានៅ១០ទៅ១៥ឆ្នាំខាងមុនទៀត នៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងអាចកើនដល់២០ឆ្នាំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ តួរយ៉ាងដូចជាកម្ពុជាយើង៕