បណ្ឌិត សោម សម្បត្តិ ៖ ដើម្បីពង្រីក Branding ឲ្យគេស្គាល់អ្នកច្រើន អ្នកគួរតែអនុវត្តទាំង៤ចំណុចខាងក្រោម
Startups Conference ដែលជាកម្មវិធីដែល បង្កើតឡើងដោយ Daily Plus Community ហើយក៏ជាកម្មវិធីមួយដ៏ពិសេសសម្រាប់អ្នកចង់ Startup ជាមួយនឹងអាជីវកម្មថ្មីៗ យើងឃើញថាមានអ្នកចូលរួមច្រើនមែនទែន ប្រមាណជា ៣០០នាក់។ រីឯវាគ្មិនចូលរួមវិញ សុទ្ធសឹងតែជាវាគ្មិនល្បីៗ មកពីស្ថាប័នផេ្សងៗ ក្នុងនោះក៏មានលោក សោមសម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam Paint ផងដែរ។
លោក សោម សម្បត្តិ ជាវាគ្មិនមុនគេបង្អស់នៃកម្មវិធីនេះ បានបង្ហើបគន្លឹះ៤ក្នុងការធ្វើ Branding ខ្លួនឯង៖
១.ធ្វើអ្វីក៏ដោយត្រូវធ្វើឲ្យល្អ៖ មានន័យថា ចាប់ធ្វើរឿងណាមួយក៏ដោយត្រូវចាប់ផ្តើមពីតូចទៅ ហើយប្រឹងធ្វើវាឲ្យអស់ពីលទ្ធភាព ដើម្បីទទួលបានគុណភាព និងអាចសម្រេចកិច្ចការងារធំនៅថ្ងៃខាងមុខ។
២.“ធ្វើ”ហើយ ត្រូវឲ្យមានការរៀបចំត្រឹមត្រូវ៖ បើរៀបចំកិច្ចការងារ ល្អលទ្ធផលនឹងល្អ ប្រសិនរៀបចំមិនបានល្អ រីឯលទ្ធផលក៏ទៅតាមនោះដែរ។
៣.ភាពល្អទាក់ទាញល្អ៖ ប្រសិនបើចង់មាន Brand ល្អ ត្រូវកសាងផ្ទៃក្នុងឲ្យល្អ ដូចជាការកសាងក្រុម ឲ្យខ្លាំងបំផុត នោះការងារនឹងទៅដោយរលូន ហើយលទ្ធផលក៏ប្រសើរ កាន់តែលើកមុខលើកមាត់បន្ថែមទៀត នៅពេលការងារបានបញ្ចប់។
៤.បន្តធ្វើដើម្បីរងចាំពេលវេលាមកដល់៖ បើយើងនៅតែបន្តសកម្មភាពធ្វើ និងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ជឿជាក់ថា ឱកាសល្អនឹងមកដល់ជាមិនខាននៅថ្ងៃណាមួយ។ ពេលនោះលទ្ធផលនឹងបញ្ជាក់ច្បាស់អំពីការខិតខំប្រឹងប្រែងរបស់យើង។
ជាចុងក្រោយលោកបានបន្តថា គ្រប់រឿងដែលត្រូវធ្វើមិនថាតូច ឬធំទេ ចូរចាំនិងប្រកាន់ជានិច្ចនូវ សុចរិតភាព និង ភាពស្មោះត្រង់ ចំពោះខ្លួនឯង ព្រមទាំងមនុស្សជុំវិញផង៕