អ្នកជាម្ចាស់អាជីវកម្មមែនទេ មានគន្លឹះចំនួន៥យ៉ាងដើម្បីជួយអភិវឌ្ឍឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន
ការពិតដ៏សាមញ្ញមួយដែលធ្វើឲ្យអ្នកមិនអាចឈានមុខក្នុងមុខជំនួញឬធ្វើជាសហគ្រិនបាន នោះគឺការមិនខិតខំអភិវឌ្ឍសមត្ថភាព និងការគិតរបស់ខ្លួន។ ប្រសិនបើអ្នកចាំតែចម្លង ធ្វើតាមតែអ្នកដទៃ នោះប្រាកដណាស់ថាអ្នកនឹងមិនអាចធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់ខ្លួន ហើយក៏មិនអាចកំណត់សក្តានុពលនៃការលូតលាស់របស់អ្នកបានផងដែរ។ ដូច្នេះធ្វើយ៉ាងណាទើបអាចអភិវឌ្ឍអាជីវកម្មរបស់លោកអ្នកឲ្យបានប្រសើរនិងទទួលបានភាពជោគជ័យ?
១.ធ្វើការអភិវឌ្ឍបេសកកម្មអាជីវកម្ម
ប្រសិនបើអ្នកចង់រៀនពីរបៀបគិតគូរដល់ខ្លួនឯង នេះជាចំណុចចាប់ផ្តើមដ៏អស្ចារ្យមួយ។ សូមសួរខ្លួនអ្នកថា តើអ្នកពិតជាចង់ចេញពីជីវិតនិងអាជីពរបស់អ្នកយ៉ាងម៉េចដែរ? ចំណាយពេលខ្លះពិចារណាពីអ្វីដែលអ្នកចង់សម្រេចតាមរយៈការងាររបស់អ្នក។ រួមជាមួយគោលដៅផ្ទាល់ខ្លួននេះអាចផ្តល់ឱ្យអ្នកនូវការលើកទឹកចិត្ត មិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែក៏ជាទិសដៅផងដែរ។ មានបេសកកម្មក្នុងការងារមួយច្បាស់លាស់ វាជាទិសដៅជួយដល់ការសម្រេចការងារអ្នក មិនដើរលើផ្លូវមួយដែលវង្វេងមិនដឹងទិសដៅ។ ស្របពេលដែលអ្នកមានបេសកកម្មតម្រង់ទិសអ្នកហើយអ្នកត្រូវចេះអភិវឌ្ឍវាជាប្រចាំ ដើម្បីមានភាពច្នៃប្រឌិតថ្មីៗចៀសវាងការធ្វើអ្វីមួយតាមគេ។
២.ទទួលយកការអប់រំ ស្វែងរកចំណេះដាក់ខ្លួនជានិច្ច
មនុស្សមួយចំនួនមានការភាន់ច្រលំថា ពេលដែលខ្លួនចាប់ផ្តើមចេញរកស៊ីវាគ្មានអ្វីចាំបាច់ក្នុងការបន្តការសិក្សាទៀតទេ ឬចូលរៀនវគ្គខ្លីដើម្បីបង្កើនចំណេះដឹងបន្ថែម ដូចអ្នកធ្វើការតាមក្រុមហ៊ុន ឬធ្វើការរដ្ឋអ្វីនោះទេ។ ប៉ុន្តែអ្នកត្រូវចាំថា ពេលអ្នកចាប់ផ្តើមប្រលូកក្នុងវិស័យជំនួញមួយអ្នកត្រូវរៀនពីអ្វីៗ ដែលថ្មីបន្ថែមកាន់តែច្រើនជាមុនទៅទៀត ដោយសារអ្នកត្រូវការគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឲ្យអាជីវកម្មអ្នករីកលូតលាស់ឥតឈប់ឈរ។
៣) មានបណ្តាញទំនាក់ទំនង
វាជារឿងមួយចាំបាច់ខ្លាំងបំផុតសម្រាប់អ្នកធ្វើជំនួញ ទោះអ្នកពូកែអ្នកខ្លាំងប៉ុណ្ណាក៏អ្នកមិនអាចធ្វើការងារទាំងអស់ឲ្យសម្រេចបានតែមា្នក់ឯងដែរ។ ទំនាក់ទំនងជាកត្តាចាំបាច់ត្រូវតែមាន ការទទួលយកការប្រឹក្សាយោបល់ពីអ្នកដទៃវាមិនខាតបង់ទេ ផ្ទុយមកវិញវាផ្តល់ឲ្យអ្នកនូវគំនិតថ្មីៗដើម្បីអភិវឌ្ឍខ្លួន។ បុគ្គលជោគជ័យតែងមានបណ្តាញនិងទំនាក់ទំនងច្រើនណាស់នៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ។
៤.រចេញពីតំបន់របស់អ្នកខ្លះទៅ
មានន័យថា កុំសម្ងំនៅតែក្នុងផ្ទះដោយគិតថាអាជីវកម្មរបស់ខ្លួនគ្រាន់តែជាអាជីវកម្មលក្ខណៈគ្រួសារតូចតាច។ ពេលអ្នកចេញដើរទៅពិភពខាងក្រៅបានកាន់តែច្រើនកាលណា គំនិតថ្មីៗសម្រាប់អភិវឌ្ឍអាជីវកម្មកាន់តែច្រើនតាមនោះដែរ។
៥.រៀនពីកំហុសរបស់អ្នក
ចំនុចដែលនាំឲ្យអ្នកជោគជ័យកាន់តែខ្លាំង គឺការដែលចេះយកកំហុសមកកែតម្រូវឡើងវិញ បំពេញដោយអ្វីដែលល្អៗ។ ភាពបរាជ័យជាផ្នែកមួយជំរុញឲ្យអ្នកកាន់តែរឹងម៉ាំ កាន់តែខ្លាំង ក្លាហានកាន់តែខ្លាំង ចេះអត់ធ្មត់កាន់តែច្រើន និងជោគជ័យស្របតាមអ្វីដែលចង់បាន។ ត្រូវខំប្រឹងធ្វើអ្វីមួយឲ្យល្អអស់ពីសមត្ថភាព បើវាបរាជ័យយើងនឹងដឹងថា ផ្លូវដែលបានដើរមកនោះមានបន្លាច្រើនប៉ុណ្ណា គួរដើររំលងប៉ុន្មានជំហាន ឬគួរដើរផ្លូវផ្សេង។ តែទោះជាយ៉ាងណាកុំព្យាយាមសាងកំហុសដើម្បីជាលេសចង់បានភាពជោគជ័យ៕