ជីវិតរបស់មនុស្សពិតជាមានរយៈពេលខ្លីខ្លាំងណាស់ អ្នកគួរតែធ្វើចំណុចទាំង៥នេះឲ្យបានច្រើនមុនអាយុ៣០ឆ្នាំ
ជីវិតរបស់មនុស្សម្នាក់ៗខ្លីណាស់ ហើយពេលវេលារបស់ក៏មានកម្រិតដែរ ប្រសិនបើអ្នកមិនបានចំណាយពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវទេនោះ នេះមានន័យថាអ្នកកំពុងខ្ជះខ្ជាយជីវិតរបស់អ្នកហើយ។ ហេតុដូច្នេះហើយដើម្បីធានាថា អ្នកមានអនាគតមួយដ៏ល្អ អ្នកគួរវិនិយោគពេលវេលារបស់អ្នកមកធ្វើរឿងសំខាន់ៗចំនួន៥ខាងក្រោមនេះ៖
១.វិនិយោគលើសុខភាព
មិនថាអ្នកធ្វើអ្វីក៏ដោយ នៅក្នុងមួយឆាកជីវិតរបស់អ្នក អ្នកជាអ្នកទទួលខុសត្រូវលើសុខភាពខ្លួនឯង អ្នកដទៃមិនអាចមកដេកឈឺលើកន្ទេលជំនួសអ្នកបានឡើយ មានតែអ្នកប៉ុណ្ណោះ ដូច្នេះរាល់សកម្មភាពដែលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវយកចិត្តទុកដាក់លើសុខភាពជារឿងសំខាន់។
២.វិនិយោគលើគំនិត និងចំណេះដឹង
អ្នកត្រូវមានគំនិតល្អ គំនិតខ្លាំង គំនិតទូលំទូលាយប្រកបដោយភាពច្នៃប្រឌិតទើបអាចសម្របខ្លួនទៅនឹងចរន្តសកលភាវូបនីយកម្មរបស់ពិភពលោក។ ដើម្បីអាចទទួលបានចំណេះដឹង អ្នកត្រូវចំណាយពេលឲ្យបានច្រើនក្នុងការអភិវឌ្ឍជំនាញទន់ និងជំនាញរឹងឲ្យកាន់តែខ្លាំងតាមរយៈការសិក្សាស្រាវជ្រាវ អាន វិភាគ សរសេរ ចូលរួមសិក្ខាសាលា ការបណ្តុះបណ្តាល និងរៀនធ្វើអ្វីៗដែលថ្មីជាដើមឲ្យបានកាន់តែច្រើន។
៣.វិនិយោគលើមនុស្សជាទីស្រលាញ់
មនុស្សជាទីស្រលាញ់របស់អ្នក គ្រួសារ មិត្តភក្ដិ ឬមនុស្សជុំវិញខ្លួនអ្នកគឺមានឥទ្ធិពលដល់ភាពជោគជ័យរបស់អ្នក។ ពួកគេអាចជាអ្នកលើកទឹកចិត្ត ផ្តល់ដំបូន្មាន ឬណែនាំអ្នកឲ្យកាន់តែជោគជ័យក្នុងជីវិត។ ដូច្នេះនៅក្នុងជីវិតគ្រួសារ សូមចំណាយពេលជ្រើសរើសដៃគូជីវិតដែលធ្វើឲ្យអ្នកជោគជ័យ។ ចំណាយពេលនៅជាមួយពួកគេ យកចិត្តទុកដាក់ចំពោះពួកគេ ចែករំលែក និងផ្តល់ក្តីស្រលាញ់ទៅឲ្យពួកគេឲ្យបានច្រើនតាមដែលអាចធ្វើបាន។
៤.វិនិយោគលើចំណេះដឹងហិរញ្ញវត្ថុ
ប្រធានបទដែលនិយាយពី “លុយ” មាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា ប៉ុន្តែភាពមានបាន មិនមែនសុទ្ធតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នាឡើយ ហើយបើអ្នកមិនវិនិយោគលើចំណេះដឹងហិរញ្ញវត្ថុ ថ្ងៃណាមួយអ្នកនឹងអាចធ្លាក់ខ្លួន ឬពិបាកងើបផុតពីភាពក្រីក្រផងដែរ។ អ្នកគួររៀនវិនិយោគលុយឲ្យបង្កើតលុយ រៀនរកស៊ីបង្កើតប្រភពចំណូល ច្រើនដូចជា វិនិយោគលើភាគហ៊ុន អចលនទ្រព្យ បើកជំនួញ និងបង្កើតមុខរបរផ្សេងៗទៀត។
៥.វិនិយោគលើការពង្រីកបណ្ដាញទំនាក់ទំនង
អ្នកត្រូវរៀនសួរសំណួរ រៀនស្តាប់ និងរៀនយកចិត្តទុកដាក់លើអ្នកដទៃដោយស្មោះត្រង់។ នៅពេលអ្នកបង្កើតទំនាក់ទំនងវិជ្ជមានបែបនេះហើយជីវិតអ្នកនឹងមើលឃើញវិសាលភាព និងជោគជ័យកាន់តែធំ។ ប៉ុន្តែត្រូវចាំថា ការរាប់អានមនុស្សល្អ នឹងនាំអ្នកទៅរកភាពរីកចម្រើន តែបើរាប់អានមនុស្សអាក្រក់ អ្នកទៅណាមិនបានឆ្ងាយក្រៅពីបរាជ័យឡើយ៕