គីម​ ហួរ​ ៖ មុខ​របរកសិកម្មណា​ដែលធ្វើ​ហើយ​លំបាក​ ការ​ងារនោះ​គឺកាន់​តែឆាប់ទទួលបានភាព​ជោគជ័យ​

របរកសិកម្មណាកាន់តែលំបាកធ្វើ ឱកាសជោគជ័យកាន់តែធំដូចគ្នា នេះជាសម្តីលោក គីម ហួរ ជាអតីតពលករកូរ៉េ ដែលធ្លាប់ធ្វើការនៅទីនោះអស់រយៈពេលជាង៦ឆ្នាំ មុននឹងផ្លាស់មកគ្រប់គ្រងកសិដ្ឋានធំមួយនៅខេត្តកំពង់ឆ្នាំងដែលមានកូនល្មើរ កូនក្រញ៉ូង និងដូងក្រអូបខ្ទង់លានដើម ជាមួយផ្ទៃដីដាំដុះជាង១១០ហិកតានៅទីនោះ។

មិនមែនជាអ្នករៀនថ្នាក់ឧត្តមសិក្សាទាក់ទងនឹងជំនាញកសិកម្មក្តី សហគ្រិនដែលមានជំនក់ចិត្តទៅនឹងកសិកម្មរូបនេះ បន្ថែមថា គាត់ធ្លាប់បរាជ័យច្រើនមកហើយក្នុងរបរកសិកម្មនេះ មុននឹងពង្រីកផ្ទៃដី និងជ្រើសរើសដំណាំត្រូវដូចបច្ចុប្បន្ន។ ដោយសារតែពីមុនមកគាត់ផ្តោតទៅលើការដាំដំណាំសម្រាប់នាំចេញទៅកូរ៉េ ប៉ុន្តែគុណភាពដាំណាំមិនទាន់ត្រូវតាមស្តង់ដារ និងជួបបញ្ហាខូចខាតថែមទៀតទើបសម្រេចស្វែងរកដំណាំថ្មី ដែលធន់ជាងមុន និងមានលក្ខណៈវិនិយោគរយៈពេលយូរ។

នៅខេត្តកំពង់ឆ្នាំងបុរសជាអតីតពលកររូបនេះបន្ថែមថា ដើម្បីដំណើរការកសិដ្ឋានមួយទៅដល់គោលដៅអ្នកត្រូវជំនះរាល់ភាពខ្វះខាតដែលកំពុងតែកើតមាន ឧទាហរណ៍ខ្វះទឹកអ្នកត្រូវជីកអណ្តូង ខ្វះភ្លើងត្រូវរកវិធីយកភ្លើងពីធម្មជាតិមកប្រើប្រាស់ ខ្វះជីត្រូវរៀនផលិតឬរកដៃគូផ្គត់ផ្គង់ ហើយបើខ្វះបច្ចេកទេសត្រូវរកអ្នកជំនាញច្បាស់លាស់មកផ្តល់ព្រឹក្សា។

ម្ចាស់ចម្ការដែលមានល្មើរជាងមួយលានដើម និងក្រញូងហៃណានជាង៥លានដើមរូបនេះ សង្កត់ធ្ងន់ថា ដំបូងអ្នកត្រូវជ្រើសរើសដំណាំណាមួយឲ្យច្បាស់លាស់សិន បន្ទាប់មកស្វែងរកក្រុមការងារដែលជាធនធានមនុស្សអាចទុកចិត្តបាន ហើយហ៊ានប្រឡូកដោយខ្លួនឯង កុំឲ្យអ្នកដទៃធ្វើជំនួស កាលណាឲ្យអ្នកធ្វើជំនួសអ្នកកម្រនឹងទទួលបានផលដូចការរំពឹងទុកណាស់ ឬក៏បរាជ័យតែម្តង៕