គ្រប់អាជីវកម្ម​ ឬក្រុមហ៊ុន ត្រូវ​តែមានការលក់ដូ​រដោយ​ជៀសពុំរួច​​​ ដូច្នេះ​មុន​ឲ្យ​បុគ្គលិក​ចេញ​លក់​ត្រូវ​បង្វឹក៣ចំណុច​

អាជីវកម្ម​ប្រភេទ​អ្វី​ក៏​ដោយ​ ​ផ្នែក​លក់​គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ធានា​បាន​នូវ​ភាព​ជៅគជ័យ​របស់​ក្រុមហ៊ុន​ ព្រោះ​ថា​ ផ្នែក​លក់​​ប្រៀប​បាន​ជា​ ​ទ័ព​ស្រួច​​​ក្នុង​សមរភូមិ​ប្រយុទ្ធ​អីចឹង​ដែរ។ ​ថ្ងៃ​នេះ​ Today Sharing ​មាន​គន្លឹះ​ខ្លី​៣​យ៉ាង​ដើម្បី​​ក្លាយ​ជា​​អ្នក​លក់​ដ៏​ពូកែ​ម្នាក់៖ ​​​

១.​អ្នក​លក់​ត្រូវ​តែ​ជា​អ្នក​ពូកែ​សួរសំណួរ​

​​អ្នក​ដែល​ពូកែ​លក់​ គឺ​អ្នក​ដែល​ពូកែ​ចោទ​សួរ​​ ហើយ​បុគ្គល​ដែល​ពូកែ​ខាង​ការ​ទំនាក់ទំនង តែង​តែ​ចាប់​ផ្តើម​ចរចា​លក់​ ដោយ​ការ​ប្រើ​​សំណួរ​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង។ ដើម្បី​ទំនាក់ទំនង​ការ​ចរចា​លក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ជាមួយ​អតិថិជន ​​រាល់​សំនួរ​​ គឺ​ត្រូវ​តែ​មាន​ការ​ស្រាវជ្រាវ​​ឱ្យ​បាន​ច្បាស់​លាស់​ជា​ទីបំផុត។ ​ស្រាវជ្រាវ​ពី​បញ្ហា​របស់​អតិថិជន​បាន​ទើប​អាច​ចាប់​ជាប់​​អតិថិជន​នោះ​បាន។​ ពេល​អ្នក​រៀប​ចំ​នូវ​សំណួរ​បាន​ល្អ​​ មាន​​ន័យ​ថា​ គេ​ធ្វើ​រឿង​២សំខាន់​ដើម្បី​ជួយ​​ដល់​​ការ​ចរចា​លក់។ ទី១.​​បង្ហាញ​ ការ​ដាក់​ខ្លួន​ទាប គ្មាន​អំនួត ដែល​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​លក់​របស់​អ្នក ធ្វើ​ឡើង​​ក្នុង​វិធី​មួយ​វិជ្ជមាន។ ទី២.អ្នក​ចាប់​ផ្តើម​ការ​សន្ទនា​ជាមួយ​នឹង​ការ​ទទួល​បាន​ចម្លើយ​មួយ​ ដែល​អ្នក​អាច​នឹង​ពិបាក​​ស្វែង​​​រក។

២.ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ខ្លួន​អំពី​ការ​លក់

ដើម្បី​ជោគជ័យ ក្នុង​ការ​លក់ ដំបូង​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក​អំពី​ការ​លក់​ជា​មុន​សិន។ ជំនួស​ឲ្យ​ការ​ស្វែង​រក​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​ចាប់​ផ្តើម​បង្ហាញ​នូវ​ភាព​ខុស​ប្លែក​ទាំង​អស់។ ការ​លក់​ គឺ​ជា​ការ​បម្រើ និងជួយ​អ្នក​ដទៃ​​​ឱ្យ​​ទទួល​បាន​អ្វី​ដែល​ពួក​គេ​រំពឹង។ ​ជា​ទ្រឹស្ដី​ងាយ​គិត​ គឺ​ការ​លក់​អ្នក​អាច​ទទួល​ជោគជ័យ​បាន​​  នៅ​ពេល​ដែល​អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ជោគជ័យ។ ​ពាក្យ​ថា​ ជោគជ័យ​ត្រង់​ចំណុច​នេះ ​គឺ​ចង់​សំដៅ​ទៅ​លើ​រំពឹង​ទុក​របស់​អតិថិជន​។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​សិន​ថា​​តើ​អ្វី​ដែល​អ្នក​ផ្ដល់​ទៅ​ឱ្យ​អតិថិជន​នោះ​ គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​រំពឹង​ទុក​របស់​អតិថិជន​រួច​​ហើយ​ ឬ​នៅ។ ​បើ​យើង​​អាច​ធ្វើ​បាន​ទើប ទទួល​បាន​ជោគជ័យ។

៣.អ្នក​លក់​គឺ​ជា​អ្នក​ស្វែង​រក​ដំណោះស្រាយ​របស់​អតិថិជន​

ការ​ក្លាយ​ខ្លួន​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា ហើយ​ផ្ដល់​ជូន​នូវ​តម្លៃ​ពិត​ នៅ​ក្នុង​ទីផ្សារ ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ខុស​ប្លែក និង មាន​លក្ខណៈ​ពិសេស​ខុស​ពី​​អ្នក​លក់​ដទៃ​ទៀត។ ​អ្នក​ដែល​ពូកែ​លក់​ គឺ​អ្នក​ដែល​ពូកែ​រក​ដំណោះស្រាយ​ជូន​អតិថិជន​នេះ​ឯង។ ត្រូវ​ចាំ​ថា​ ទ្រឹស្ដី​ដ៏​សំខាន់​មួយ​អំពី​ការ​លក់​ គឺ​​អ្នក​លក់​មិន​ទៅ​ជួប​អតិថិជន​ដើម្បី​​ទៅ​លក់​ផលិតផល​របស់​គេ​នោះ​ទេ​ ប៉ុន្តែ​ធាតុ​ពិត​​នោះ​ គឺ​ទៅ​​ស្វែង​រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​អតិថិជន​ជួប​ប្រទះ​ទៅ​វិញ​ទេ។

នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ ដោះ​ស្រាយ​បញ្ហា ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ ថា​ជា​បុគ្គល​ពូកែ​ដោះ​ស្រាយ​បញ្ហា នៅ​មុន​ពេល​គេ​ស្គាល់​អ្នក​ ថា​ជា​អ្នក​ដែល​ពូកែ​លក់ នោះ​អាជីវកម្ម​របស់​អ្នក រួម​ទាំង​ជីវិត​របស់​អ្នក​ផង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ៕​