ត្រឹមតែអនុវត្ត៤ចំណុចតែប៉ុណ្ណោះ បានធ្វើឲ្យមហាសេដ្ឋីម្នាក់បានរកស៊ីរហូតក្លាយជាអ្នកមានលុយរាប់លាន$
ជាសហគ្រិនដ៏លេចធ្លោលើឆាកអន្តរជាតិ និងជាអតីតចៅហ្វាយក្រុងកាន់តំណែង៣អាណត្តិផងនោះ លោក Michael Bloomberg ក៏បានក្លាយទៅជាបុគ្គលម្នាក់ដែលពិភពលោកទាំងមូលកោតសរសើរ និងចាត់ទុកជាបុគ្គលមា្នក់ដែលជោគជ័យក្នុងជីវិតផងដែរ។ លោកមានទម្លាប់៤យ៉ាង ដែលលោក Bloomberg តែងតែបំពេញ ហើយធ្វើអោយជីវិតលោកកាន់តែរីកចំរើន និងទ្រព្យសម្បត្តិហូរចូលច្រើនទៅៗជារៀងរាល់ថ្ងៃ។
១.មានការចែករំលែក
មនុស្សយើងម្នាក់ៗ ត្រូវតែទទួលខុសត្រូវលើភាពជោគជ័យ និងភាពបរាជ័យរបស់ខ្លួន តែលោក Bloomberg យល់ថា ភាពជោគជ័យអាចកើតមានឡើងកាន់តែច្រើនឡើង នៅពេលដែលអ្នកចេះចែករំលែកទៅមនុស្សផ្សេងទៀត។ លោកបានបន្ថែមថា ការចែករំលែកនេះមិនចាំបាច់តម្រូវឲ្យអ្នកមានលុយកាក់ច្រើននោះឡើយ ប៉ុន្តែវាជាការចែករំលែកចំណេះដឹង បង្កើនភាពស្និទ្ធស្នាលជាមួយអ្នកដទៃ នោះគឺគ្រប់គ្រាន់អាចធ្វើឲ្យអ្នកមានសមាជិករឹងមាំបាន។
២.មិនបញ្ឈប់ការរៀនសូត្របន្ថែមឡើយ
លោក Bloomberg និយាយថា ពិភពលោកសម្បូរទៅដោយមនុស្សដែលចូលចិត្តបញ្ចប់ព្រំដែនសមត្ថភាពខួរក្បាលរបស់ខ្លួនណាស់ ហើយតែងតែគិតថាគេចេះអស់ហើយ គេចេះច្រើនហើយ មិនចាំបាច់រៀនសូត្របន្ថែមទៀតឡើយ ។ មនុស្សប្រភេទនេះ នឹងផ្តល់ចម្លើយ១លានហេតុផលពីអ្វីដែលពួកគេមិនអាច និង មិនគួរធ្វើ តែគ្មានដំណោះស្រាយល្អណាមួយគួរឲ្យកោតសរសើរសម្រាប់ខ្លួនឯងទាល់តែសោះ។
៣.ទំនាក់ទំនងល្អក្នុងជាមួយមនុស្សទូទៅ
នៅពេលដែលលោក Bloomberg ចាប់ផ្តើមដំណើរការក្រុមហ៊ុនជាលើកដំបូង លោកបានស្ទុះស្ទាខ្លាំងក្នុងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាធារណជន ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេលើផលិតផលរបស់លោក។ ការណែនាំខ្លួន ប្រៀបដូចជាការលក់ទំនិញ បន្តិចប្តងៗបានរុញច្រានឲ្យក្រុមហ៊ុនរបស់លោកចាប់ផ្តើមមានចំណាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើនឡើង។ ៣ឆ្នាំក្រោយមក បុគ្គលម្នាក់ដែលគេមិនសូវស្គាល់រូបនេះបានចាប់ផ្តើមមានឈ្មោះបោះសំឡេង រហូតមានដៃគូមកវិនិយោគជាមួយលោកជាបន្តបន្ទាប់។
៤.មិនខ្លាចបញ្ហា និងមិនបាក់ទឹកចិត្ត
កាលដែលលោក៣៩ឆ្នាំ លោក Bloomberg ត្រូវបណ្តេញចេញពីការងារដែលលោកស្រលាញ់បំផុត វាពិតជាអយុត្តធម៌ណាស់សម្រាប់លោកនៅពេលនោះ តែដូចជាអរគុណម្យ៉ាងដែរដល់ក្រុមហ៊ុននោះ ព្រោះការបណ្តេញចេញនោះ បានបើកឱកាសឲ្យលោកឈប់ធ្វើជាបុគ្គលិកធ្វើការឲ្យគេ មកបើកក្រុមហ៊ុនផ្ទាល់ខ្លួនឯង វិញក្នុងឆ្នាំ១៩៨២។ នោះគឺ Bloomberg L.P. ជាក្រុមហ៊ុនល្បីល្បាញនៅលើពិភពលោកមកដល់សព្វថ្ងៃនេះ។ លោកធ្លាប់មានប្រសាសន៍ថា លោកមិនបណ្តោយឲ្យដានអាក្រក់អតីតកាលរបស់លោក មកបំផ្លាញភាពបរាជ័យរបស់លោកនៅបច្ចុប្បន្នភាពបានឡើយ។ លោកបានបន្ថែមថា បើអ្នកចង់ជោគជ័យ លុះត្រាតែទទួលយកភាពបរាជ័យរបស់អ្នកដោយរីករាយ ហើយត្រូវលើកទឹកចិត្តខ្លួនឯង មិនចុះចាញ់ភាពបរាជ័យនោះឡើយ៕