ជាការពិតណាស់មុននឹងទទួលបានផលប្រយោជន៍អ្វីមកវិញ ទាល់តែយើងបានចំណាយខ្លះ នោះទើបយើងបានទទួលផលមកវិញ មិនមែនសុខៗរបស់ទាំងអស់នោះ បានកើតឡើងដោយឯកឯងគ្មានការព្រាងទុកនោះទេ។
តើអ្វីទៅជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ Jack Ma? លោក Jack Ma គ្រាន់តែឆ្លើយតបថា រឿងនេះពិតជាសាមញ្ញណាស់។ លោកគ្រាន់តែធ្វើវា នៅខណៈដែលអ្នកផ្សេងបានត្រឹមតែអង្គុយចាំមើលលោក។ លោកបានរំលឹកទៀតថា រាល់ថ្ងៃពិភពលោកកំពុងផ្លាស់ប្ដូរហើយ ដូចនេះបើអ្នកមិនផ្លាស់ប្ដូរ អ្នកបានត្រឹមតែដើរតាមគេតែប៉ុណ្ណោះ។
មហាសេដ្ឋីរូបនេះបន្តថា អ្នកទាំងអស់គ្នាមានដឹងទេ! នៅពេលដែលអំពូលភ្លើងត្រូវបានបង្កើតឡើងដំបូង ស្រាប់តែចង្កៀងដែលប្រើប្រេងបានរលាយបាត់រូបបន្តិចម្តងៗ។ នៅពេលដែលប្រដាប់គិតលេខ (កាស្យូ) ត្រូវបានបង្កើតឡើង ឧបករណ៍គិតលេខសម័យបុរាណក៏បានបាត់ខ្លួនទៀត នៅពេលដែលឌីជីថលកាមេរ៉ាទំនើបៗ ត្រូវបានបង្កើតឡើង វាក៏បានធ្វើឲ្យកាមេរ៉ាចាស់ៗស្លាប់បន្តបន្ទាប់ នៅពេលដែលទីផ្សារលក់ទំនិញតាមអនឡាញចាប់ផ្តើមផ្ទុះឡើង ការលក់ទំនិញតាមទម្លាប់បុរាណក៏ត្រូវធ្លាក់ចុះបណ្តើរៗ។
លោកបន្ថែមថា នៅពេលដែលទូរស័ព្ទស្មាតហ្វូតទំនើបៗត្រូវបានផលិតឡើង អ្នកក៏មិនចាំបាច់ចំណាយបើកកុំព្យូទ័រនៅផ្ទះទៀតដែរ។ នៅពេលដែលមាន Facebook ឬ WeChat ចូលមកដល់ ការផ្ញើរសារតាមកម្មវិធីចាស់ៗក៏លែងពេញនិយមតទៅទៀត។ នៅមានអ្វីៗជាច្រើនទៀតសុទ្ធតែកំពុងផ្លាស់ប្ដូរឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ សូមកុំបន្ទោសវាអី! អាជីវកម្មរបស់អ្នកអាចមានឥទ្ធិពលជាងអ្នកដទៃក៏ដោយសារតែអ្នកចេះពង្រីកវាឲ្យកាន់តែធំឡើងៗ មានភាពច្នៃប្រឌិត និងអភិវឌ្ឍគំនិតថ្មីៗឲ្យកាន់តែប្រសើរជាលំដាប់ និងជាពិសេសអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបាន»។
ស្ថាបនិករួមរបស់ក្រុមហ៊ុនយក្ស Alibaba រូបនេះក៏បានផ្តល់ដំបូន្មានផងដែរពីរបៀបប្រើពេលវេលាដើម្បីប្រមូលយកផលពីអ្វីដែលអ្នកចង់ធ្វើឲ្យគេឃើញ។ ដំបូន្មានរបស់លោកនោះគឺថា៖
-បើអ្នកចំណាយពេលផឹកស្រា អ្នកនឹងក្លាយជាអ្នកប្រមឹក!
-បើអ្នកចំណាយពេលរិះគន់អ្នកដទៃ អ្នកនឹងក្លាយជាមនុស្សដែលចូលចិត្តតែស្តីបន្ទោសគេ!
-បើអ្នកចំណាយពេលថែសម្រស់របស់អ្នក អ្នកនឹងក្លាយជាស្រីស្អាតប្រុសស្អាត!
-បើអ្នកចំណាយពេលថែសុខភាពខ្លួនឯង អ្នកនឹងមានសុខភាពល្អអាចរស់នៅបានយូរអង្វែង!
-បើអ្នកចំណាយពេលរៀនសូត្រ អ្នកនឹងក្លាយជាបុគ្គលប្រកបដោយគតិបណ្ឌិត!
-បើអ្នកចំណាយពេលជាមួយគ្រួសាររបស់អ្នក អ្នកនឹងទទួលបានក្តី ស្រលាញ់ និង សុភមង្គលនៅក្នុងគ្រួសារ!
“ទង្វើបែបណា លទ្ធផលបែបនោះ! អ្នកណាជាអ្នកធ្វើ អ្នកនោះជាអ្នកទទួលផល!”៕