ភុន រតនា ៖ មនុស្សដែលមានទម្លាប់រត់ចោលបញ្ហា ពិបាកជោគជ័យណាស់ ទាំងក្នុងការងារ និងការរកស៊ី

ភ្នំពេញ ៖ អតីតនិស្សិតសិក្សានៅសាលាភូមិន្ទកសិកម្មចំការ លោកភុន រតនា សហស្ថាបនិកផ្សារខ្មែរ ដែលជាហាងលក់បន្លែផ្លែឈើធម្មជាតិ ធ្លាប់មានប្រសាសន៍ថា “មនុស្សដែលមានទម្លាប់រត់ចោលបញ្ហា ពិបាកជោគជ័យណាស់ ទាំងក្នុងការងារ និងការរកស៊ី។”

សហស្ថាបនិកវ័យក្មេងរូបនេះ បានបញ្ជាក់បន្ថែមថា ខ្លួនលោកផ្ទាល់ជាមនុស្សដែលធ្លាប់ជួបបញ្ហា ហើយតែងតែរត់គេច ប៉ុន្តែទោះជាខំរត់គេចពីបញ្ហាប្រឈមបានមួយគ្រា នៅពេលចាប់ផ្តើមការងារផ្សេង ឫរកស៊ីអ្វីផ្សេងបញ្ហាផ្សេងទៀតក៏មកដល់ដូចគ្នាដែរ។ បើអ្នកនៅតែបន្តប្រឹងរត់គេច នោះអ្នកគ្មានថ្ងៃរកឃើញភាពជោគជ័យពិតប្រាកដឡើយ។

លោកសំ កុសល ស្ថាបនិក Business Cambodia ក៏ធ្លាប់មានប្រសាសន៍ផងដែរថា “នៅពេលដែលយើងតាំងចិត្តអឹបខ្នងទល់នឹងជញ្ជាំង ប្រឈរមុខគ្រប់បញ្ហា ហើយបន្តដោះស្រាយបញ្ហាពីមួយទៅមួយជាប់ជានិច្ច នោះជោគជ័យពិតប្រាកដនឹងរត់មករកនរណាដែលស៊ូនៅទីលានប្រកួតបានយូរជាងគេ។

សម្រាប់អ្នករកស៊ី បញ្ហាមានច្រើនជំពូកណាស់ ព្រោះមនុស្សម្នាក់ៗមិនមែនពូកែគ្រប់រឿងទេ មិនមែនមើលធ្លុះអនាគតនោះទេ មិនអាចប៉ាន់ស្មានត្រូវគ្រប់ចំណុចឡើយ ប៉ុន្តែបើអ្នកតាំងចិត្តធ្វើការងារណាមួយរហូតទាល់តែជោគជ័យទើប នោះអ្នកពិតជាអ្នកជោគជ័យ។

ជាឧទាហរណ៍ មហាសេដ្ឋីមានបំផុតនៅអាស៊ី Jack Ma ធ្លាប់មានប្រសាសន៍ថា៖ លោកបានផ្តើមបង្កើតក្រុមហ៊ុន Alibaba ពីដើមទុនដ៏តិចតួចបំផុត ជាមួយនឹងក្រុមការងារដែលមិនសូវមានទំនុកចិត្ត១០០ភាគរយ លើអាជីវកម្មខ្លួនឯង ហើយបញ្ហាជាច្រើនដែលលោកប្រឈមមុខនាពេលចាប់ផ្តើមដំបូងនោះ គឺការខ្វះបទពិសោធន៍ក្នុងការរកស៊ី ខ្សោយជំនាញដឹកនាំ ខ្សោយជំនាញគ្រប់គ្រង និងប្រើមនុស្ស ខ្សោយទំនាក់ទំនង ខ្សោយជំនាញគណនេយ្យ ពិសេសលោកមិនយល់អ្វីដែលហៅថាអ៊ីនធើណេតឡើយ។

លោកគ្រាន់តែដឹងថា អាជីវកម្មនោះជាផ្លូវដ៏ត្រឹមត្រូវបំផុតសម្រាប់អនាគត និងជាផ្លូវតែមួយគត់ដែលជួយសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសចិនបានច្រើនបំផុត ហើយដោយសារតែពួកគាត់ក្រីក្រស្រាប់ គ្មានលុយដែលត្រូវខាតផង ហេតុនេះគ្មានអ្វីដែលត្រូវខ្លាចបាត់បង់ឡើយ៕