សហគ្រិនជោគជ័យអាមេរិក បង្ហើបគន្លឹះវិនិយោគចំនួន៣យ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាខ្លួនជាសេដ្ឋីលឿនបំផុត
លោកអ្នកប្រាកដជាបានស្គាល់ហើយ លោក Jim Rohn ដែលជាអ្នកជំនួញ សហគ្រិន អ្នកវិនិយោគដ៏ជោគជ័យម្នាក់នៅអាមេរិក លោកបានបំផុសនៅគំនិតស្មារតីផ្សេងៗ សម្រាប់ឲ្យអ្នកដ៏ទៃដើម្បីអនុវត្តឆាប់ទទួលបានភាពជោគជ័យក្នុងការរស់នៅ និងមុខជំនួញរបស់ខ្លួន។
ក្នុងនោះផងដែរលោកបានបង្ហើបគន្លឹះចំនួន៣យ៉ាងសម្រាប់ ការវិនិយោគឆាប់ទទួលបានភាពជោគជ័យ៖
១.ការវិនិយោគលើចំណេះដឹង
លោក Jim Rohn បាននិយាយថា វាចាំបាច់ខ្លាំងណាស់ដែលមនុស្សគ្រប់រូបត្រូវតែហ៊ានចំណាយលុយរបស់ខ្លួនដើម្បីទិញសៀវភៅ កាសែត និងបង់ថ្លៃរៀនចំណេះដឹងខ្លីៗ ព្រមទាំងចំណាយលុយចូលរួមសិក្ខាសាលាផ្សេងៗ ប្រសិនបើពួកគេចង់ក្លាយខ្លួនជាមនុស្សជោគជ័យ ឬជាបុគ្គលដែលមានប្រាក់ពាន់លានដុល្លារជាប់នឹងខ្លួននោះ។
២.ការវិនិយោគលើពេលវេលា
សហគ្រិនវ័យ៧៩ឆ្នាំរូបនេះ បានលើកឡើងថា ការវិនិយោគលើពេលវេលាគឺជាការវិនិយោគដ៏មានសារៈសំខាន់បំផុតសម្រាប់ជីវិតមនុស្សគ្រប់គ្នា។ ពោលគឺអ្នកមិនអាចមានចំណេះដឹងដោយមិនបានចំណាយពេលរៀនសូត្រនោះឡើយ។ ហើយពេលវេលាដែលអ្នកវិនិយោគនៅទីនេះ គឺជាការវិនិយោគលើខួរក្បាលខ្លួនឯង ដែលជាគ្រឿងម៉ាស៊ីនជួយឱ្យអ្នកជោគជ័យ។ លោក រ៉ន ពន្យល់ថា “ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ចំណាយលុយគឺមិនមែនជារឿងពិបាកនោះទេ តែប្រសិនបើអ្នកចង់ឱ្យគេចំណាយពេលវេលាជាមួយអ្នក នោះទើបជារឿងដែលពិបាកបំផុត”។
៣.ការវិនិយោគលើកម្លាំង
ការវិនិយោគនៅទីនេះ លោក Jim Rohn បានពន្យល់ថា នៅគ្រប់កិច្ចការដែលអ្នកធ្វើ ចូរខំប្រឹងពិនិត្យខ្លួនឯង និងអង្កេតអ្នកដទៃ ព្រោះសេចក្តីប្រឹងប្រែងដ៏មុតមាំរបស់អ្នកមានឥទ្ធពលខ្លាំងណាស់លើបរិមាណនៃចំណេះដឹងដែលអ្នកនឹងទទួលបាននៅពេលអនាគត។ ជាមួយគ្នានេះ ការផ្តោតអារម្មណ៍ធ្វើឱ្យខួរក្បាលអាចបាញ់យកគំនិតល្អៗ ប្រៀបដូចការភ្ជង់កាំភ្លើងដើម្បីបាញ់ឱ្យចំគោលដៅដូច្នោះដែរ ហើយដើម្បីអាចផ្ចឹតផ្ចង់អារម្មណ៍បានល្អ វាត្រូវការសេចក្តីប្រឹងប្រែងខ្លាំងណាស់៕