បច្ចុប្បន្នគ្រឿងសាឡនកំពុងតែមានការពេញនិយមខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសទៅទៀតនោះក៏មានអ្នកបើកក្រុមហ៊ុនសាឡនជាច្រើនទៀតផងដែរ។ ទាក់ទិននឹងការពេញនិយមបែបនេះហើយ ទើបមានយុវជនម្នាក់ក្រោយពីបញ្ចប់ធុរកិច្ចនៅប្រទេសវៀតណាមរួច បានបើកក្នុងប្រទេសគេប្រកបដោយភាពជោគជ័យ។
លោក Dee Daiel ជានិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យនៅប្រទេសវៀតណាម ហើយមានក្តីស្រឡាញ់ការតុបតែងមុខ ការច្នៃម៉ូតសក់ ការច្នៃប្រឌិតទាក់ទងនិងសម្ផស្ស តាំងតែពីតូចមក។ វាក៏បានជម្រុញទឹកចិត្ដលោកឲ្យចង់ចេះចង់ដឹងពីជំនាញ់មួយនេះថែមទៀត ទោះជាទៅរៀនដល់ស្រុកគេមានភាពមមាញឹកយ៉ាងណា ក៏លោកនៅឆ្លៀតពេលរៀនជំនាញផាត់មុខ ធ្វើសក់នេះដែរ។
បើតាមលោក Dee Daiel បានមានប្រសាសន៍ឲ្យដឹងថា អំឡុងពេល៥ឆ្នាំ ដែលលោកបន្ដការសិក្សានៅប្រទេសវៀតណាម លោកបានឆ្លៀតពេលទំនេរ ទៅធ្វើជាកូនជាងផាត់មុខ និងធ្វើសក់នៅហាងសាឡនមួយកន្លែង។ លោកបានបន្ដទៀតថា មិនថារៀននៅស្រុកខ្មែរយើង ឬរៀននៅក្រៅប្រទេសនោះទេ នៅពេលឈានដល់កម្រិតមហាវិទ្យាល័យគឺវាមានភាពមមាញឹកខ្លាំងណាស់ សឹងតែគ្មានពេលដើម្បីទៅធ្វើការងារក្រៅម៉ោង និងអ្វីផ្សេងទៀត ក្រៅការងារនៅសាលាបានឡើយ។ ប៉ុន្ដែដោយក្ដីស្រឡាញ់ចូលចិត្ដជំនាញមួយនេះ លោកត្រូវតែឆ្លៀត ទោះជាមានពេលតិចតួចក៏ដោយ ក៏លោកនៅតែព្យាយាមធ្វើវាឲ្យបាន។
បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសវៀតណាម លោកDee Daniel បានចាប់ផ្ដើមអាជីពជាអ្នកផាត់មុខឯករាជ្យ រយៈពេលជាងមួយឆ្នាំ។ ដោយហេតុថា លោកមានជំនាញមួយច្បាស់លាស់ ហើយស្នាដៃផាត់មុខ និងធ្វើសក់ ក៏មានការគាំទ្រច្រើនពីសំណាក់អតិថិជន។ លោក Dee Daniel ក៏ចាប់ផ្ដើមបើកហាងសាឡន Dee’s Studio Hair Salon នេះឡើងក្នុងអំឡុងឆ្នាំ២០១៣ បើគិតមកដល់ពេលនេះគឺមានរយៈពេលជិត៦ឆ្នាំមកហើយ៕