កញ្ញា គាន ចន្រ្ទាវត្តី ៖ ប្រាប់ពីគន្លឹះ៣យ៉ាងក្នុងការចេញរកស៊ី ដោយគ្មានពាក្យថា បរាជ័យក្នុងអាជីវកម្មទាល់តែសោះ
កញ្ញា គាន ចន្ទ្រាវត្តី ជាអ្នកគ្រប់គ្រងប្រព័ន្ធទូរសព្ទ័មួយដ៏ល្បីបំផុតនៅក្នុងប្រទេសថៃ បានប្រាប់ពីយុទ្ធសាស្ត្រក្នុងអាជីវកម្មរបស់ខ្លួន ត្រូវធ្វើយ៉ាងណាមុនបើកអាជីវកម្មត្រូវតែយល់ច្បាស់ពីលក្ខណៈអាជីវកម្ម មុននឹងចេញប្រយុទ្ធ ព្រោះវាងអាចនឹងធ្វើឲ្យខ្លួនបរាជ័យមិនខានឡើយ។
គន្លឹះទាំង៣យ៉ាង ដែលកញ្ញាចង់បញ្ជាក់ប្រាប់ដូចខាងក្រោម៖
១៖ស្គាល់ខ្លួនឯង
ត្រង់នេះសំខាន់បំផុត អ្នកត្រូវតែស្គាល់ខ្លួនឯងជាមុនសិន មុននឹងចេញប្រយុទ្ធ។ ពាក្យថាស្គាល់ខ្លួនឯង គឺអ្នកត្រូវដឹងពីចំណុចខ្លាំង ចំណុចលេចធ្លោរបស់អាជីវកម្មរបស់អ្នក ហើយក៏ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនផងដែរ គួបផ្សំនឹងការស្គាល់ពីឱកាស និងការគំរាមកំហែងដែលមកពីកត្តាខាងក្រៅដូចជា បញ្ហានយោបាយ សេដ្ឋកិច្ច ការប្រែប្រួលចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដើម្បីអោយយើងអាចដកដង្ហើមអោយទាន់គេលើទីផ្សារ។
២៖ស្គាល់ដៃគូប្រកួតប្រជែង
បើសិនអ្នកស្គាល់ខ្លួនឯងច្បាស់១០០% អ្នកត្រូវប្រាប់ខ្លួនឯងថា ត្រូវតែស្គាល់គូប្រជែងរបស់អ្នកទ្វេដង២០០%។ អ្នកត្រូវព្យាយាមស្វះស្វែងរកព័ត៌មានគ្រប់ច្រកល្ហក់ ថាតើដៃគូប្រកួតប្រជែងរបស់អ្នកជានរណាខ្លះ? គេកំពុងធ្វើអ្វី? ហើយគេនឹងគិតថានឹងធ្វើអ្វីបន្តទៀត? ការតំរង់ភ្នែកនិងត្រចៀកយ៉ាងយកចិត្តទុកដាក់ទៅលើគូប្រជែងនេះ ធ្វើអោយយើងអាចមានភាពងាយស្រួលក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធិភាព ជាពិសេសជាឱកាសមួយដែលយើងអាចខ្ចីមេរៀនគេមករៀនសូត្រផងដែរ មិនថាមេរៀនបរាជ័យ ឬ មេរៀនជោគជ័យរបស់គេ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនអោយកាន់តែជោគជ័យថែមទៀត។
៣. ស្គាល់អតិថិជន
ជាចំនុចមួយសំខាន់ដែលមិនអាចខ្វះបាន ដែលអ្នកត្រូវតែស្គាល់អតិថិជនរបស់អ្នកអោយបានជាក់ច្បាស់ ថាពួកគេមានប្រវត្តិបែបណា ជាមនុស្សបែបណា ចូលចិត្តអី ចង់បានអី មានតំរូវការអី ចំណូលចំណាយយ៉ាងម៉េចដែរ ពិសេសពួកគេជួបការលំបាកអីខ្លះពេលបច្ចុប្បន្ន បន្ទាប់មករកយុទ្ធសាស្រ្តយ៉ាងណាផ្គត់ផ្គង់អោយចំតំរូវការនោះ និងបន្តថែរក្សា យកចិត្តទុកដាក់លើពួកគេ។
អ្នកត្រូវតែយកខ្លួនឯងជាតួតាំងតំណាងអោយអតិថិជនរបស់អ្នក សួរថាបើសិនអ្នកអោយរបស់នេះទៅខ្លួនអ្នក តើអ្នករីករាយពេញចិត្តនឹងទទួលយកឬទេ? ចង់មិនចង់ បង្ហាញឬមិនបង្ហាញ អតិថិជនអាចទទួលអារម្មណ៍ដឹងពី ក្តីស្រលាញ់ ការយកចិត្តទុកដាក់រឿងតិចតួចរបស់អ្នក ហើយនេះជាមន្តស្នេហ៍នៃអាជីវកម្មរបស់អ្នក៕