មនុស្សបែបដែលធ្វើបែបនេះដាក់អ្នក ទើបអាចចាត់ទុកជាមិត្តពិតបាន

​«មិត្ត​ពិត​ បង្ហាញ​ក្ដី​ស្រលាញ់​​នៅ​ពេល​អ្នក​​មាន​ទុក្ខ​​ មិន​មែន​​ពេល​មាន​​សុភមង្គល​នោះ​ទេ​» ។

នេះ​ជា​ពំនោល​​របស់​លោក​ Euripides​​​អ្នក​ប្រាជ្ញ​របស់​ជនជាតិ​ក្រិក​ ដែល​ក្នុង​ន័យ​នេះ​ ចង់​បញ្ជាក់​ថា ​មិត្ត​ពិត​ប្រាកដ​ តែង​នឹង​បង្ហាញ​ខ្លួន​ជា​និច្ច​នៅ​ពេល​អ្នក​មាន​ទុក្ខ​ ​ហើយ​ចាំ​ជួយ​ជ្រោមជ្រែង​ និង ​លើក​ទឹកចិត្ត​អ្នក​ ​មិន​មែន​​​ឃើញ​​​មុខ​​ពេល​អ្នក​សុខ​ ហើយ​ពេល​អ្នក​មាន​ទុក្ខ​រត់បាត់​នោះ​ទេ​។

​​មិត្ត​មិន​ពិបាក​រក​នោះ​ទេ​ ប៉ុន្តែ​​មិត្ត​ល្អ​ និង មិត្ត​ដែល​ដឹង​សុខទុក្ខ​អ្នក​ពិត​ប្រាកដ​ គឺ​ពិត​ជា​មិន​ងាយ​រក​​នោះ​ឡើយ​។ ​​អ្នក​ខ្លះ​តែង​​និយាយ​ថា ខ្លួន​មាន​មិត្ត​មិន​ចេះ​តិច​​ ហើយ​តែង​មាន​វត្ត​មាន​ជា​និច្ច​ ​រាល់​ពេល​មាន​​ពិធី​ជប់លៀង​ ឬ ​អ្វី​ដែល​សប្បាយ​ៗ​​ម្តងៗ​ ប៉ុន្តែ​នៅ​ពេល​មាន​ទុក្ខ​កើត​ឡើង​ ​រក​តែ​ម្នាក់​នៅ​ក្បែរ​គ្មាន​។ មិត្ត​ប្រភេទ​នេះ ​គេ​មិន​អាច​ចាត់​ចូល​ជា​ប្រភេទ​មិត្ត​ល្អ​​នោះ​ឡើយ​។

​អាច​ចាត់​ចូល​ជា​មិត្ត​ល្អ​ លុះ​ត្រា​តែ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​បោះបង់​អ្នក​ចោល​ ​ទោះបី​ជា​អ្នក​ជួប​បញ្ហា​យ៉ាង​ណា​ក៏ដោយ​ ពោល​គឺ​នៅ​តែ​ជួយ​ផ្ដល់​យោបល់​ ​លើក​ទឹកចិត្ត​ និង ជ្រោមជ្រែង​ជានិច្ច។ ​ប្រសិន​បើ​អ្នក​​ជួប​មនុស្ស​ប្រភេទ​នេះ គឺ​កុំ​បោះបង់​ពួកគេ​ឲ្យ​សោះ ​ព្រោះ​ក្នុង​មួយ​ជីវិត​នេះ មិន​ដឹង​ថា អាច​ជួប​បាន​ប៉ុន្មាន​នាក់​​នោះ​ឡើយ​៕