អ្នកប្រាជ្ញចិន ខុងជឺ៖ «មនុស្សដែលហ៊ានសួរនឹងល្ងង់តែមួយនាទី តែបើមិនហ៊ានសួរវិញ នឹងល្ងង់មួយជីវិត»
«មនុស្សដែលហ៊ានសួរនឹងល្ងង់តែមួយនាទី តែបើមិនហ៊ានសួរវិញ នឹងល្ងង់មួយជីវិត»
នេះជាគតិដ៏មានតម្លៃរបស់អ្នកប្រាជ្ញចិន គឺលោកខុងជឺ ដែលក្នុងន័យនេះ ចង់បញ្ជាក់ថា ការសួរគឺពិតជាសំខាន់ ជាពិសេសនៅពេលដែលមនុស្សម្នាក់មិនយល់ច្បាស់ពីរឿងអ្វីមួយ បើទោះបីជាមើលទៅហាក់ដូចជា ត្រូវបានគេគិតថា ជាមនុស្សមិនចេះ ឬ ល្ងង់ក៏ ដោយ ប៉ុន្តែបន្ទាប់ពីសួរហើយ នឹងក្លាយជាមនុស្សឆ្លាតវិញ។
មនុស្សជាច្រើននៅពេលដែលមិនចេះ ឬឆ្ងល់អ្វីមួយ គឺមិនហ៊ានសួរនោះទេ។ មិនហ៊ានសួរព្រោះខ្លាចគេថា ខ្លួនអន់ ខ្លួនមិនចេះ ឬ មិនចង់ឲ្យគេគិតថា ខ្លួនជាមនុស្សល្ងង់។ ដោយសារតែមានគំនិតបែបនេះហើយ ទើបធ្វើឲ្យពួកគេនៅតែមិនចេះ ឬ នៅតែល្ងង់ហើយអាចនឹងល្ងង់មួយជីវិត ប្រសិនបើនៅតែមិនហ៊ានសួរ។
ផ្ទុយទៅវិញប្រសិនបើ ពួកគេហ៊ានសួរ ដោយកុំខ្លាចគេថា ខ្លួនជាមនុស្សល្ងង់នោះ ពួកគេនឹងល្ងង់ត្រឹមតែមួយនាទីប៉ុណ្ណោះ ប៉ុន្តែ នឹងក្លាយជាមនុស្សឆ្លាតវិញ ព្រោះនឹងដឹងច្បាស់ថា អ្វីជាអ្វីយ៉ាងពិតប្រាកដ ហើយនឹងមិនមានកំហុសអ្វីឡើយចំពោះកិច្ចការដែលទាក់ទង់នឹងអ្វីដែលខ្លួនមិនចេះកន្លងមក។
ដូច្នេះហើយ ក្នុងនាមជាមនុស្សម្នាក់ កុំខ្លាចគេថា ខ្លួនអន់ដោយសារមិនចេះនេះមិនចេះនោះ ព្រោះមនុស្សមិនអាចដឹង ឬ ចេះគ្រប់យ៉ាងនោះទេតែបើមិនសួរទេ នោះនឹងមិនចេះមួយជីវិត។ អ៊ីចឹងត្រូវដាក់ខ្លួន ហើយទទួលស្គាល់ការពិត ទើបធ្វើឲ្យអ្វីៗ ប្រសើរឡើង៕