«ភាពច្រណែនឈ្នានីស គឺជាមហារីកផ្លូវចិត្ត» ។
នេះគឺជាគតិរបស់លោក Bertie Charles Forbes ដែលជាអ្នកនិពន្ធ និង ជាស្ថាបនិករបស់ទស្សនាវដ្ដី Forbes ដែលជាទស្សនាវដ្ដីដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកបច្ចុប្បន្ន។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ភាពច្រណែនឈ្នានីសគឺជារឿងដ៏សែនអាក្រក់បំផុតក្នុងជីវិតមនុស្ស អ៊ីចឹងហើយបានជា ប្រៀបធៀបទៅនឹងមហារីកផ្លូវចិត្ត។
មនុស្សដែលមានភាពច្រណែនឈ្នានីស តែងតែផុសឡើងនូវអារម្មណ៍មិនសប្បាយចិត្ត នៅពេលឃើញអ្នកដទៃ ឬ មនុស្សជុំវិញខ្លួនធ្វើអ្វីល្អជាងខ្លួន។ នៅពេលឃើញគេប្រសើរជាងខ្លួន មនុស្សប្រភេទនេះនឹងធ្វើរឿងគ្រប់យ៉ាង ក្នុងគោលដៅដើម្បីឲ្យគេជួបបញ្ហា។
ប៉ុន្តែការច្រណែនឈ្នានីស ហើយព្យាយាមបំផ្លាញគេនេះគឺគ្មានបានផលប្រយោជន៍អ្វីនោះឡើយ ព្រោះវាធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានចិត្តដ៏អាក្រក់ ហើយយូរៗទៅធ្វើឲ្យចិត្តកាន់តែអាក្រក់ឡើងៗ ដូច «បិសាច»។
ដូច្នេះហើយ អ្នកត្រូវតែព្យាយាមក្លាយជាមនុស្សម្នាក់ដែលបើកចិត្តទូលាយ ហើយទទួលស្គាល់ការពិត។ ការពិតនៃសមត្ថភាព និង លទ្ធភាពរបស់ខ្លួន ក៏ដូចជា សមត្ថភាព និង លទ្ធភាពរបស់អ្នកដទៃ។ ការច្រណែនឈ្នានីស វាគ្មានផ្ដល់ការរីកចម្រើនអ្វីដល់អ្នកនោះតែ ក្រៅតែពីបំផ្លាញអ្នកកាន់តែខ្លាំង។ អ៊ីចឹងហើយ បើឃើញគេខ្លាំងជាងខ្លួន ត្រូវទះដៃសាទរ ហើយបើចង់ខ្លាំងដូចគេ ឬ លើសគេនោះ គឺមានតែវិធីល្អម្យ៉ាងគត់ នោះគឺប្រឹងប្រែងពង្រឹងខ្លួនឯង។ ធ្វើបែបនេះ ទើបធ្វើឲ្យខ្លួនឯងរស់នៅក្នុងជីវិតដ៏មានន័យ៕