រឿង​ទាំង​៣យ៉ាង​ដែល​លោក​ឧកញ៉ា ម៉ុង ឬទ្ធី មិន​បាន​ប្រព្រឹត្ត​​​ និង​បាន​ហាម​មនុស្សទាំង​អស់ឲ្យប្រព្រឹត្ត​ជាដាច់ខាត

ឯកឧត្តម ឧកញ៉ា ម៉ុង ឬទ្ធី ជាព្រឹទ្ធសមាជិក និងជាពាណិជ្ជករដែលមានជំនួញរកស៊ីខាងវិស័យកសិកម្មដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសកម្ពុជា។ លោកមានទីកន្លែងកំណើតនៅ​ ភូមិ​ត្រពាំ​រួម ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ។ លោកជាកូនកសិករដែលបានខិតខំតស៊ូយ៉ាងខ្លាំងក្លានៅក្នុងជីវិត ដោយចាប់ផ្ដើមពីអ្នកទូលនំលក់ ជាអ្នកស៊ីឈ្នួលរត់តុគុយទាវឲ្យគេ និងរឿងរ៉ាវដ៏ជូរចត់ជាច្រើនទៀត។

ដោយសារតែលោកធ្លាប់ស្គាល់ពីរសជាតិនៃភាពលំបាកនេះហើយ ទើបធ្វើឲ្យលោកជាមនុស្សដែលមានចិត្តសប្បុរសធម៌ ចេះជួយទុក្ខលំបាកវេទនារបស់ជនក្រីក្រីដទៃទៀតផងដែរ។ លោកជាមេដឹកនាំដ៏ល្អមួយរូបដែលបានគិតគូរយ៉ាងខ្លាំងដល់អ្នកក្រោមបង្គាប់ ជាពិសេសកម្មករដែលស៊ីឈ្នួលធ្វើការឲ្យគាត់។ ចាប់តាំងពីពេលដែលលោកនៅក្រីក្ររហូតអាចវិវត្តន៍ខ្លួនមកជាបុគ្គលដ៏ជោគជ័យមួយរូបក៏ដោយ ក៏លោកមិនប្រព្រឹត្តរឿងអបាយមុខទាំង៣ យ៉ាងនេះជាដាច់ខាត។ រឿងទាំង៣ យ៉ាងនោះមានដូចជា៖

មិនផឹកស្រា៖ លោកបានមានប្រសាសន៍ថា បុគ្គលមួយចំនួនមិនបានប្រកាន់មាគ៌ាដ៏ប្រសើរនោះទេ។ ខ្លួនជាមនុស្សដែលមានមុខមានមាត់ខ្ពង់ខ្ពស់ដែរ ប៉ុន្តែបែរជាស្រវឹងវង្វេងវង្វាន់ដែលធ្វើឲ្យបាត់យសរបស់ខ្លួន។ ក្នុងនាមជាអ្នកដឹកនាំ បើសិនជាយើងមិនធ្វើជាគម្រូដ៏ល្អនោះទេ គឺយើងនឹងមិនអាចគ្រប់គ្រងអ្នកក្រោមបង្គាប់ឲ្យគេដើរតាមយើងនោះទេ។

មិនជក់បារី៖ បារីបានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកជក់ និងធ្វើឲ្យខាតបង់ប្រាក់យ៉ាងច្រើនដែលបង្កមកពីបារី។ ការសិក្សាថ្មីមួយបានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជាបានខាតបង់ប្រាក់ជាង៦០០ លានដុល្លារ និងមានមនុស្សស្លាប់ជាង ១៥០០០នាក់ក្នុងមួយឆ្នាំ ដោយសារតែជម្ងឺដែលបង្កឡើងមកពីថ្នាំជក់។

មិនលេងល្បែង៖ ល្បែងតែងតែវិនាស។ ល្បែងតែងតែរេ ម្ដងគេម្ដងគេ។ ដោយសារតែបែបនេះហើយទើបលោកឱកញ៉ាបានប្រកាន់វិន័យផ្ទាល់ខ្លួនយ៉ាងតឹងតែង និងមិនប្រព្រឹត្តវាជាដាច់ខាត។មនុស្សដែលប្រព្រឹត្តល្បែងស៊ីសងគឺមិនដែលធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរនោះទេ គឺមានតែផ្ដល់ឲ្យគេនូវបំណុលជុំទិស និងបង្កបញ្ហាដ៏ស្មុគស្មាញជាច្រើនរហូតដល់ពេលខ្លះធ្វើឲ្យពួកគេសម្រេចចិត្តធ្វើអត្តឃាតទៀតផង ដោយសារតែបញ្ហាជាច្រើនជំពូកដែលបង្កមកពីការលេងល្បែងស៊ីសង។

សព្វថ្ងៃនេះលោកឱកញ៉ាមានមុខជំនួញជាច្រើនប្រភេទដូចជា៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​លើ​ដំណាំ​ដូង​ប្រេង​នៅ​កម្ពុជា, ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត, ក្រុមហ៊ុន M’s PIG ACMC កម្ពុជា, កំពង់​ផែ​ឧកញ៉ា ម៉ុង, ក្រុមហ៊ុន​កសិកម្ម​សមុទ្ទ​បៃតង, ក្រុមហ៊ុន ឫទ្ធី គិរី​សីមា, ក្រុមហ៊ុន ឫទ្ធី គិរី​សាគរ និងអាជីវកម្មមួយចំនួនផ្សេងៗទៀត៕