«គិតមុនសិន ចាំធ្វើក្រោយ»។
នេះជាសុភាសិតរបស់ជនជាតិអាល្លឺម៉ង់ ដែលក្នុងន័យនេះចង់បញ្ជាក់ថា ការគិតឲ្យបានល្អិតល្អន់មុននឹងធ្វើអ្វីមួយ នាំឲ្យការងារនោះទទួលបានលទ្ធផលល្អ ជាជាងការធ្វើដោយមិនបានគិត។
ធ្វើដោយមិនបានគិត គឺប្រៀបដូចជា ដើរចូលក្នុងទីងងឹតដែលមិនដឹងថា ត្រូវទៅទីណាឲ្យប្រាកដអ៊ីចឹង។ មនុស្សជាច្រើនចូលចិត្តធ្វើតាមអារម្មណ៍នឹកឃើញ ឬ ធ្វើព្រោះឃើញគេធ្វើមុន តែមិនបានគិតឲ្យបានច្បាស់សិនទេថា ហេតុអ្វីខ្លួនឯងត្រូវធ្វើវា ហើយធ្វើវាដោយរបៀបណា? ដោយមិនបានគិតឲ្យច្បាស់សិន ហើយចេះតែធ្វើៗទៅនោះនាំឲ្យបញ្ហា ឬ ការបរាជ័យកើតឡើងមិនចេះចប់ ហើយតាំងមកបន្ទោសវាសនា ថា ខ្លួនមានវាសនាមិនល្អ ឬ មិនសូវមានសំណាង។
កុំខ្លាចខាត់ពេលក្នុងការគិត ព្រោះការគិតប្រៀបដូចជា ត្រីវិស័យ ក៏ដូចជាផែនទីបង្ហាញផ្លូវអ្នកដូច្នោះដែរ តែបើខ្ជិលគិត នោះវាក៏អាចមានន័យស្មើនឹងខ្ជិលជោគជ័យអ៊ីចឹងដែរ។ មិនមែនមានន័យថា គ្រប់ពេលដែលអ្នកគិតគឺសុទ្ធតែនាំមកនូវភាពជោគជ័យនោះទេ តែរាល់ពេលដែលអ្នកមិនបានគិត គឺតែងនាំមកនូវបញ្ហា និង ការបរាជ័យជាច្រើន៕