ពាក្យថា បោះបង់ គឺតែងមាននៅក្នុងវចនានុក្រមរបស់មនុស្សបរាជ័យ។ សម្រាប់បុគ្គលជោគជ័យវិញ តែងតែព្យាយាម និង តស៊ូរហូតដល់ដំណាក់កាលចុងក្រោយ។ ការបោះបង់នឹងបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ដូច្នេះហើយ អ្នកមិនត្រូវបោះបង់នោះឡើយទោះបីជាលំបាកប៉ុណ្ណាក៏ដោយ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗដែលអ្នកមិនត្រូវបោះបង់នោះឡើយ៖
១) កុំបោះបង់ ព្រោះគិតថា វាលំបាកពេក៖ បើអ្នកព្យាយាមធ្វើទោះបីជាជួបរឿងលំបាកយ៉ាងណាក៏ដោយ វានឹងមានរឿងពីរកើតឡើង គឺជោគជ័យ និងបរាជ័យ។ ប៉ុន្តែបើបោះបង់វិញ គឺលទ្ធផលមានតែមួយប៉ុណ្ណោះ គឺស្មើនឹងបរាជ័យ។ បើព្យាយាមវិញ ទោះបីជាបរាជ័យក៏ដោយ តែអ្នកទទួលបានមេរៀនដ៏សំខាន់បំផុតក្នុងជីវិត ដែលមិនអាចរកបាននៅតាមសាលា ឬ សៀវភៅនោះឡើយ។ ដូច្នេះកុំបោះបង់។
២) កុំបោះបង់ដោយសារតែ ការរិះគន់ពីអ្នកដទៃ៖ ត្រូវចាំថា មនុស្សម្នាក់មានគំនិតមួយ ដូច្នេះហើយបើអ្នកក្នុងនាមជាមនុស្សម្នាក់ មិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត នោះជីវិតរបស់អ្នកនឹងគ្មានន័យអ្វីឡើយ។ ដូច្នេះហើយ ត្រូវហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្ត ទោះបីជាមានគេរិះគន់ក៏ដោយ។
៣) បោះបង់បង់ ព្រោះមនុស្សភាគច្រើនគិតថាមិនអាចទៅរួច៖ ទៅរួចឬ មិនរួចគឺអាស្រ័យលើសកម្មភាពរបស់អ្នក មិនមែនពាក្យសម្ដីរបស់អ្នកទាំងនោះឡើយ។ អ្វីដែលសំខាន់នោះ អ្នកត្រូវព្យាយាមឲ្យអស់ពីលទ្ធភាព ហើយធ្វើវារហូតបានជោគជ័យដើម្បីបញ្ជាក់ប្រាប់មនុស្សទាំងនោះថា អ្វីដែលអ្នកធ្វើនោះគឺពិតជាអស្ចារ្យ។
៤) កុំបោះបង់ ទោះបីជាអ្នកបរាជ័យក៏ដោយ៖ ដូចពាក្យមួយលើកឡើងថា«អ្នកដែលបរាជ័យ មិនមែនជាមនុស្សបរាជ័យ ប៉ុន្តែអ្នកដែលបោះបង់ទើបជាមនុស្សដែលបរាជ័យ»។ ដូច្នេះហើយទោះបីជាអ្នកបរាជ័យក៏ដោយ សូមកុំបោះបង់ឲ្យសោះព្រោះគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេ ដរាបណាគេមិនបោះបង់ មានន័យថា ឱកាសជោគជ័យនៅតែមាន៕