មហាសេដ្ឋីមានបំផុតនៅហុងកុង ជាក្មេងកំព្រាខំធ្វើការតាំងពីតូចធ្វើការក្នុង១ថ្ងៃចំនួន១៦ម៉ោងរហូតក្លាយចាសេដ្ឋី
លោក លី កាស៊ីង ជាមហាសេដ្ឋីដែលមានបំផុតលំដាប់ទី១នៅហុងកុង កាលដើមឡើយលោកជាក្មេងកំព្រាក្រីក្រតោកយ៉ាកយ៉ាងខ្លាំង ដោយសារតែភាពក្រីក្រនេះហើយ បានធ្វើឲ្យលោកតស៊ូធ្វើការក្នុង១ថ្ងៃចំនួន១៦ម៉ោង រហូតបានក្លាយជាមហាសេដ្ឋីមានបំផុតនៅហុងកុងនេះ។
លោក គឺជាកំពូលអ្នកជំនួញ វិនិយោគ និងជាស្ថាបនិកក្រុមហ៊ុន Cheung Kong Holdings ព្រមទាំងក្រុមហ៊ុនធំៗចំនួន៣ផ្សេងទៀត កើតចេញពីក្មេងកំព្រាចាប់ផ្តើមរកស៊ីបណ្តាក់ទុកទាំងដែលខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពក្រតោកយ៉ាក តស៊ូរហូតក្លាយខ្លួនជាមហាសេដ្ឋីដែលមានទ្រព្យជាង៣២ពាន់លានដុល្លារអាមេរិក។
លោក Ly Ka-Shing បានកើតនៅក្នុងឆ្នាំ១៩២៨ ក្នុងទីក្រុង Chaozhou ប្រទេសចិន ហើយបានក្លាយខ្លួនជាក្មេងកំព្រាឪពុក នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ខណៈដែលគ្រួសាររបស់លោកបានផ្លាស់ទីលំនៅទៅរស់នៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយឪពុករបស់លោកបានស្លាប់ដោយសារជំងឺរបេង។ ជាកូនប្រុសច្បងក្នុងគ្រួសារ ដែលមានបងប្អូនចំនួន៣ លោក លី កាស៊ីង បានបង្ខំចិត្តឈប់រៀននៅអាយុ ១៥ឆ្នាំ ដើម្បីទទួលបន្ទុកសេដ្ឋកិច្ចគ្រួសារ ដោយធ្វើការងារជាកម្មកររយៈពេល១៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងក្រុមហ៊ុនផ្លាស្ទិចមួយនៅក្នុងទីក្រុងហុងកុង។
ដោយការតាំងចិត្តប្រឹងសន្សំលុយ និងដោយមានចិត្តជាអ្នកចង់ធ្វើជំនួញ លោកលី បានខិតខំសន្សំប្រាក់ និងរកលុយ ដើម្បីបើកក្រុមហ៊ុនផ្ទាល់ខ្លួន។ ជាលទ្ធផលនៅឆ្នាំ១៩៥០ ក្នុងវ័យ២២ឆ្នាំ លោកបានបើករោងចក្រមួយដោយខ្លួនឯងដោយដាក់ឈ្មោះថា Cheung Kong ដែលជារោងចក្រផលិតផ្លាស្ទិច ដោយប្រើប្រាស់ដើមទុនប្រមាណ៥ម៉ឹនដុល្លារអាមេរិក និងបានអភិវឌ្ឍន៍ក្រុមហ៊ុននេះទៅជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យក្នុងឆ្នាំ១៩៧១។
ខណៈពេលដែលលោកនៅធ្វើការងារឱ្យគេ លោកបានអភិវឌ្ឍន៍ព្យាយាមអភិវឌ្ឍន៍ខ្លួនជាប្រចាំ និងធ្វើការងារឡើងតំណែងជាបន្តបន្ទាប់ ហើយក្នុងរយៈពេលជាង៤ឆ្នាំ លោកបានដកលុយប្រមាណ ៩០ភាគរយនៃលុយដែលរកបានជារៀងរាល់ខែ ផ្តល់ទៅឱ្យម្តាយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
ដោយភាពវ័យឆ្លាតមិនដែលចុះចាញ់ជាមួយនឹងបញ្ហា ការតស៊ូ ជម្នះឱកាស និងការចាយវាយយ៉ាងសន្សំសំចៃ ត្រឹមត្រូវបំផុត និងតែងតែចាប់យកឱកាសវិនិយោគឥតឈប់មិនថាជាក្រុមហ៊ុន ឬអាជីវកម្មប្រភេទណានោះទេ បានធ្វើឱ្យលោកក្លាយជាមហាសេដ្ឋី និងជាសប្បុរសជនម្នាក់ត្រូវបានប្រជាជនហុងកុងហៅថា “បុរសខ្លាំងលើវិស័យជំនួញ”។
លោក លី កាស៊ីង បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកគិត នោះអ្នកនឹងមានការរៀបចំផែនការ ហើយបើអ្នកមានការរៀបចំផែនការ នោះអ្នកនឹងមិនមានអ្វីត្រូវបារម្ភឡើយ៕”