អ្នកស្រី ស្រ៊ាត មុំសុភា សុខចិត្តបោះបង់ក្រុមហ៊ុនអាកាសចរចោល ប៉ុន្តែបង្កើតយូ&មីស្ប៉ា បានយ៉ាងជោគជ័យ
លោកស្រី មុំសុភា គឺជាអគ្គនាយិកាក្រុមហ៊ុន យូ&មីស្ប៉ា ការងារដំបូងរបស់លោកស្រីគឺធ្វើការនៅក្រុមហ៊ុនទេសចរណ៍ បន្ទាប់ពីឈប់នៅក្រុមហ៊ុនទេសចរណ៍មួយនេះ គាត់ក៏បានមកធ្វើនៅក្រុមហ៊ុនទីពីរ គឺក្រុមហ៊ុន អាកាសចរ គាត់មានឱកាសបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន លោកស្រីតែងតែ សង្កេតគ្រប់សកម្មភាព ពីស្ថានភាព នៅតាមប្រទេសនីមួយៗ ពីអាជីវកម្មអ្វីដែលនៅស្រុកខ្មែរមិនទាន់មាន ក្រោយមកក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង លើអាជីវកម្ម ស្ប៉ា។
ស្ថាបនិក យូ&មីស្ប៉ារូបនេះ បានបង្ហើបថា “ក្រោយពីធ្វើការជានារីអាកាសចរអស់រយៈពេលជាច្រើនឆ្នាំមក ហើយក៏បានរកឃើញនូវក្តីស្រមៃរបស់ខ្លួនផងនោះ និងព្រោះតែក្តីស្រលាញ់ខាងវិស័យស្ប៉ាខ្លាំងទៀត ទើបសម្រេចចិត្តបោះបង់ការងារ ក៏ងាកមកបង្កើតក្រុមហ៊ុនយូ&មីស្ប៉ានេះឡើង។ លោកស្រី បានសង្កត់ធ្ងន់ថា” យូ&មីស្ប៉ានេះដែរត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្លេះ បើគិតមកដល់ឥឡូវនេះ គឺ១៤ឆ្នាំមកហើយ។
គាត់ក៏បានលើកឡើង បន្ថែមទៀតថា”ទម្រាំធ្វើឲ្យអាជីវកម្មនេះអាចឈរជើង នៅលើទីផ្សារយូរអង្វែង មិនមែនជារឿងដែលស្រួលនោះទេ ខ្ញុំបានឆ្លងកាត់នូវឧសបគ្គជាច្រើន ជាពិសេសគឺក្រុមគ្រួសារតែម្តងគឺពួកគាត់អត់បានយល់ស្រប មិនសប្បាយចិត្ត ចំពោះអាជីវកម្ម ថាជាមុខរបរមួយដែលគ្មានភាពស្អាតស្អំ ហើយក៏មានមនុស្សមួយចំនួន គេមិនសូវឲ្យតម្លៃ មកលើអាជីវកម្មនេះដែរ ប៉ុន្តែលោកស្រីបន្តជម្នះ នូវបញ្ហាទាំងនេះ ។
ហើយការចាប់ផ្តើមធ្វើអាជីវកម្មតាំងពីដើមទុនតិចតួច រហូតមកដល់ពេលនេះ ខ្ញុំឃើញខ្លួនឯងថាខុសគ្នាឆ្ងាយ ហើយដែលអ្វីដែលយើងបានលះបង់ បានចេញជាផ្លែផ្កា។ ហើយវាមិនមែនសម្រាប់តែខ្លួនខ្ញុំទេ ដែលខ្ញុំរកស៊ីបានចំណូល មានស្ថិរភាព។ វាក៏អាចជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជួយប្រជាជនមានការងារធ្វើ ទាំងក្នុងក្រុមហ៊ុន និងពលរដ្ឋទូទៅ ដែលធ្វើការក្នុងវិស័យទេសចរណ៍ រួមទាំងអ្នករត់ម៉ូតូឌុប ភោគជនីយដ្ឋាន ជាដើម។
ក្នុងពេលបច្ចុប្បន្ននេះដែលក្រុមហ៊ុនយូ&មីស្ប៉ា មានសាខាចំនួន៣នៅក្នុងរាជធានីភ្នំពេញ ។សាខាទាំងនោះរួមមាន សាខាបឹងកេងកង ផ្ទះលេខ ១៨ ផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ និងសាខាមាត់ទន្លេ ២២៩ ដងវិថីស៊ីសុវត្តិ មាត់ទន្លេ ជាដើម។
ចុងក្រោយ លោកស្រី បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រឲ្យច្បាស់លាស់ នៅជំនាញ ដែលខ្លួនស្រលាញ់ ហើយមានតែចំណេះដឹងទេ ដែលនាំឲ្យយើងម្នាក់ៗ ទទួលបានការរីកចម្រើន នាពេលអនាគត។
គួរជម្រាបថាលោកស្រី ស្រ៊ាត មុំសុភា មិនត្រឹមតែជាស្ថាបនិកនៅក្រុមហ៊ុន U& Me Spa និងក៏ជានាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា៕