ការស្វែងរកលុយគឺវាពិបាកខ្លាំងណាស់ សម្រាប់ពេលបច្ចុប្បន្ននេះ ប៉ុន្តែមនុស្សម្នាក់ៗ គឺនៅតែត្រូវការវាមិនថាពិបាករកយ៉ាងណាក្ដីដោយសារមានកត្តាចាំបាច់ដែលត្រូវចំណាយ។ ពេលខ្លះអ្នកក៏នឿយហត់ក្នុងការស្វែងរកលុយផងដែរ ដែលជាហេតុនាំឲ្យអ្នកចង់បោះបង់ការងារ។
តើជីវិតអ្នកអាចជួបរឿងពិបាកជាងនេះឬយ៉ាងណា នៅពេលដែលគ្មានលុយសោះនោះ? ចំណុចខាងក្រោមអស់ទាំងនេះគឺជាសេចក្ដីជឿជាក់ដែលអ្នកគួរតែមាន ក្នុងការស្វែងរកលុយឲ្យបានកាន់តែច្រើនលើសរាល់ដងទៀត៖
១.អ្នកសមនឹងទទួលបានលុយ៖ ជាការពិតណាស់មនុស្សម្នាក់ៗ សមនឹងទទួលបានលុយដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ខ្លួនឯង។ អ្នកមិនមែនកើតមកដើម្បីតែខិតខំធ្វើការហើយមិនទទួលបានអ្វីសោះនោះទេ។ អ្នកទាំងអស់គ្នាត្រូវតែជឿជាក់ថា ថ្ងៃណាមួយអ្នកនឹងក្លាយទៅជាអ្នកមាន និងមានទ្រព្យសម្បត្តិផងដែរ។ ការជឿជាក់នឹងនាំឲ្យអ្វីៗ ទាំងអស់ក្លាយជាការពិត។
២.លុយ គឺពិតជាអស្ចារ្យណាស់៖ នៅពេលដែលអ្នករកលុយបាននោះ អ្នកគួរឲ្យតម្លៃដល់វាព្រោះថាអ្នកបានចំណាយកម្លាំងអស់ច្រើនណាស់ ដើម្បីបានវាមក។ ដូច្នេះតើវាមិនអស្ចារ្យសម្រាប់អ្នកទេមែនទេ? បើអ្នកយល់ពីតម្លៃរបស់វាហើយ អ្នកនឹងមិននឿយហត់ក្នុងការរកវាបន្ថែមទៀតទេ។
៣.គិតថាអ្នកមានអំណាចលើលុយមិនមែនលុយមានអំណាចលើអ្នកទេ៖ អ្នកត្រូវបង្ហាញថាអ្នកនេះហើយដែលជាម្ចាស់លុយទាំងនោះ។ ប៉ុន្តែបើ អ្នកឲ្យលុយទាំងនោះមកគ្រប់គ្រងអ្នកវិញនោះ កម្លាំងរបស់អ្នកនឹងចុះថមថយ។ វានឹងក្លាយជាវត្ថុមួយដែលដឹកនាំអ្នកអស់មួយជីវិតតែម្ដង។ អ្នកត្រូវគិតថាលុយគឺពិតជាមានអំណាចណាស់សម្រាប់អ្នក។ តែអ្វីដែលកាន់តែមានអំណាចលើសពីនោះទៀតនោះ គឺជាអ្នកដែលអាចគ្រប់គ្រងវាបាន។
៤.ទោះបីអ្នកកើតក្នុងគ្រួសារក្រីក្រតែមិនប្រាកដថាអ្នកក្ររហូតនោះទេ៖ ភាពក្រីក្រនេះគឺកាន់តែជំរុញទឹកចិត្តឲ្យមនុស្សម្នាក់ៗកាន់តែខិតខំសម្រាប់ជីវិតបន្ថែមទៀតតែប៉ុណ្ណោះ។ តែវាមិនអាចកំណត់ថាមួយជីវិតអ្នកគឺមិនអាចមានបានដូចគេឯងឡើយ។ នៅពេលអ្នកគិតបែបនេះ វានឹងកាន់តែជំរុញទឹកចិត្តអ្នកឲ្យខិតខំរកលុយកាន់តែច្រើន ដើម្បីបង្ហាញថាទោះបីអ្នកកើតមកក្រខ្សត់ តែអ្នកក៏អាចក្លាយជាអ្នកមាននឹងគេបានដែរ៕