អ្នកចេញរកស៊ីវិស័យអចលនទ្រព្យច្រើនណាស់ តែបុគ្គលជោគជ័យហាក់មានចំនួនតិចតួចបំផុត បើធៀបចំនួនអ្នករកស៊ី។ ជាក់ស្តែងសេដ្ឋីអចលនទ្រព្យលើពិភពលោកខាងវិស័យអចលនទ្រព្យមានចំនួនតិច តែសហគ្រិនរកស៊ីក្នុងប្រទេសនីមួយៗមានច្រើន បើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីល្បីៗលើពិភពលោក។
ភាពបរាជ័យ ឬជោគជ័យទាំងឡាយ កើតចេញពីសហគ្រិនខ្លួនឯងផ្ទាល់តែម្តង តើមានការតស៊ូព្យាយាម ឬឆ្លាតវៃប៉ុណ្ណា ពូកែដោះស្រាយបញ្ហាកម្រិតណា ចេះក្តោបក្តាប់ឱកាសល្អៗចំពោះមុខ និងការបង្កើតឱកាសកម្រិតណា ដើម្បីទទួលបានភាពជោគជ័យលើការរកស៊ីរបស់ខ្លួន។ បាតគ្រឹះដែលជាចំណុចចាប់ផ្តើមធំបំផុតរបស់សហគ្រិន គឺមានបេះដូងស្មោះត្រង់។
ផ្ទុយទៅវិញ បើអ្នកចេញរកស៊ីតាមគេ ផ្អើលតាមគេ ដោយមិនបានគិតវែងឆ្ងាយ ប្រកបដោយការស្រឡាញ់ពីបេះដូង ច្បាស់ណាស់ឧបសគ្គរាប់រយជំពូកច្បាស់ជាកើតឡើងជារាល់ថ្ងៃ មិនចេញរកស៊ីគ្មានបញ្ហា ឬឧបសគ្គនោះ តែបើយើងមិនស្រឡាញ់វាកាន់តែមានឧបសគ្គច្រើនលើសដើម រហូតធ្វើឱ្យយើងហត់អស់កម្លាំង លែងចង់បន្តដំណើរតស៊ូ ពុះពារទៅមុខទៀត។ រហូតឈានដល់ចំណុចមួយ ធ្វើឱ្យយើងកាន់តែស្ត្រេសៗទៅ នឹកចង់បោះបង់ចោលរបរនេះតែម្តង។
សម្រាប់បេះដូងស្មោះត្រង់បន្ទាប់ គឺមានចំពោះក្រុមការងារ ឬអាចហៅថាបុគ្គលិក ជាកាពិតក្នុងនាមជាអ្នកដឹកនាំ មេទ័ព ប្រធានក្រុមហ៊ុន អ្នកដឹកនាំក្រុម ត្រូវតែមានបេះដូងស្មោះត្រង់ចំពោះពួកគេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែងយើងអាចបរាជ័យលើការងារទាំងមូលបាន តែមិនអាចបរាជ័យលើការដឹកនាំក្រុមការងារបាននោះទេ បរាជ័យការងារបាន តែមិនអាចធ្វើឱ្យបរាជ័យគំនិត ទឹកចិត្ត និងបេះដូងក្រុមការងារបានទេ។
ភាពជោគជ័យរបស់ក្រុមការងារ ជាជោគជ័យធំបំផុតរបស់អ្នកដឹកនាំ ឬក្រុមហ៊ុនទាំងមូល។ គ្មានកិច្ចការរកស៊ី ឬការងាររបស់ក្រុមហ៊ុនជោគជ័យតែមេ ឬក្រុមហ៊ុនតែបរាជ័យបុគ្គលិកនោះទេ ព្រោះបុគ្គលិក និងម្ចាស់អាជីវកម្ម គឺជារបស់២ ជើងទីតាំងផ្សេងគ្នា ក្នុងគោលដៅរួម ដើម្បីឈរទប់ ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនមិនដួល រហូតទទួលបានជោគជ័យ ជាផ្លែផ្កា។
យើងអាចសង្កេតឃើញសង្គមរីកចម្រើនទាំាំងឡាយ មានសុទ្ធតែសហគ្រិនឆ្នើមៗ មហាសេដ្ឋីពូកែៗ មានក្រុមហ៊ុនធំៗគ្រប់គ្រង ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ ដោះស្រាយបញ្ហាប្រទេសជាតិបានយ៉ាងច្រើន ធ្វើយ៉ាងណាលែងឱ្យសង្គមជាតិមានបញ្ហា និងបន្តអភិវឌ្ឍន៍បន្ថែមទៀត តាមរយៈផលិតផល និងការផ្តល់ការងារឱ្យប្រជាពលរដ្ឋធ្វើជាដើម។ សង្គមជាតិនៅក្រីក្រ សហគ្រិនក៏ក្រ បើសង្គមជាតិរីកចម្រើន សហគ្រិនក៏រីកចម្រើនដែល។
មានបេះដូងស្មោះត្រង់ចំពោះរឿង៤ខាងលើនេះ គឺជាភាពជោគជ័យធំបំផុតរបស់សហគ្រិន ដែលធ្វើឱ្យសហគ្រិនមានភាពជាអ្នកដឹកនាំខ្លាំង ទឹកចិត្ត គំនិត និងមានទស្សនៈវិស័យដ៏ពិតប្រាកដមួយក្នុងការចេញរកស៊ីវិស័យអចលនទ្រព្យ ហើយឆាប់ទទួលបានជោគជ័យលើអាជីវកម្មរបស់ខ្លួន៕