មិនថាអ្នក ស្រលាញ់រូបគេកម្រិតណាទេ ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថា ស្នេហានេះដូចជាមិនសក្ដិសមនឹងបន្តតទៅទៀតទេ។ រឿងទាំងនេះវាអាចបណ្ដាលមកពីអ្នកសម្លឹងដៃគូខុស ដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងថា អ្នកស្រលាញ់មនុស្សខុសឬត្រូវ៖
១.មានអារម្មណ៍ថាខ្លួនលែងមានតម្លៃ៖ ស្នេហាគឺមិនធ្វើឲ្យអ្នកឈឺចាប់ទេ តែបើអ្នកគិតថាខ្លួនឯងកាន់តែមិនល្អទៅហើយ នោះអ្នកត្រូវត្រិះរិះម្ដងទៀតពីស្នេហានោះ។ បើមនុស្សដែលអ្នកស្រលាញ់ពិតជាស័ក្ដិសមជាដៃគូដ៏ត្រឹមត្រូវនោះ គេតែងតែធ្វើឲ្យអ្នកស្រលាញ់អ្វីដែលខ្លួនឯងមានជានិច្ច។
២.គិតថាអ្នកមិនមែនជាខ្លួនឯងតទៅទៀត៖ ប្រសិនបើនរណាម្នាក់ពិតជាស្រលាញ់អ្នកដោយស្មោះនិងពិតប្រាកដ ពួកគេនឹងទទួលយកអ្វីដែលអ្នកមាន។ អ្នកនឹងមិនមានអារម្មណ៍ស្មុគស្មាញច្រើន ដើម្បីកែប្រែអ្វីសម្រាប់ផ្គាប់ចិត្តដៃគូរបស់អ្នកទេ។ ដូចនេះបើអ្នកគិតថា អ្នកកំពុងផ្លាស់ប្ដូរ ហើយដៃគូអ្នកតែងតែមិនពេញចិត្តអ្វីដែលអ្នកមាន នោះបង្ហាញថាអ្នកជ្រើសរើសដៃគូខុសហើយ។
៣.អ្នកតែងមានអារម្មណ៍ភ័យខ្លាច ៖ ប្រសិនបើអ្នកស្ថិតនៅជាមួយដៃគូស្នេហាដែលស្រលាញ់អ្នកស្មោះអស់ពីចិត្តនោះ គេនឹងធ្វើឲ្យមានអារម្មណ៍ថាស្ងប់សុខទាំងកាយនិងចិត្តតែម្ដង។ តែបើគេតែងផ្ដល់អារម្មណ៍ឲ្យអ្នកភ័យខ្លាច តាមរយៈការប្រើប្រាស់សម្ដី និងកាយវិការមិនសមរម្យ អ្នកគួរចាកចេះពីមនុស្សបែបនោះទៅទើបល្អ។
៤.អ្នកតែងគិតថាចង់ត្រលប់រកអ្នកចាស់៖ នេះដោយសារតែអារម្មណ៍ដែលអ្នកទទួលបានពីស្នេហាថ្មី វាមិនល្អគ្រប់គ្រាន់ដូចដែលអ្នកធ្លាប់មានកាលពីមុន។ អាចថាអ្នកតែងទទួលបានអារម្មណ៍មួយដែលអ្នកមិនចង់បាន ហើយវាមិនអាចឲ្យអ្នកបន្តស្នេហានោះទៅមុខបានទៀតទេ៕