តើ​ដីនៅតំបន់ណា​ក្នុង​រាជធានីភ្នំពេញ​ដែលមាន​តម្លៃ​ដីថ្លៃ​ជាង​គេ?

នៅទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ជារៀងរាល់ថ្ងៃ គម្រោងអភិវឌ្ឍន៍ធំៗបានដុះដាលឡើងគ្រប់ខណ្ឌ​មានខុនដូរ អគារ​ពាណិ​ជ្ជកម្ម ផ្សារទំនើប ហើយខណ្ឌនីមួយៗបានអភិវឌ្ឍន៍ទៅតាមសក្តានុពលរៀងៗខ្លួន ហើយតម្លៃ​ដីនៅ​ខណ្ឌ​​ទាំងនោះក៏ខុសគ្នាដែរ។

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service, Co.Ltd  មានប្រសាសន៍ថា តំបន់​ដែលដីធ្លីមានតម្លៃថ្លៃជាងគេក្នុងក្រុងភ្នំពេញមាន៖ ខណ្ឌចំការមន(បឹងកេងកង១, ទន្លេបាសាក់) ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់ភ្នំពេញថ្មី។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្តថា នៅបឹងកេងកង១ និងទន្លេបាសាក់នៅផ្លូវមេ ឬផ្លូវធំ និងផ្លូវកែងមានតម្លៃ​ថ្លៃ​ចាប់ពី៦០០០-៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តែសម្រាប់តម្លៃទូទៅវិញចាប់ពី៤,០០០-៤,៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ សម្រាប់តំបន់ដូនពេញវិញ តម្លៃដីធ្លីមានការខុសគ្នាតិចតួចពីតំបន់ខាងលើ ចាប់ពី៣,៥០០-៤៥០០​ដុល្លារ​ក្នុ​ងមួយ​ម៉ែត្រ​ការ៉េ។ ហើយបើដីធ្លីណាមានសំណង់អគារពីលើទៀត អាចមានតម្លៃថ្លៃជាងនេះ ទៅតាម​ស្ថាន​ភាពជាក់ស្តែង។

លោកស្រីបន្តថា ចំពោះតំបន់ទួលគោក តម្លៃដីធ្លីចាប់១៥០០ ដល់ ៣០០០ដុល្លារ តែសម្រាប់ផ្លូវមេធំៗ ផ្លូវក្រៅ ឬផ្លូវ​កែង អាចឡើងដល់ពី ៣៥០០-៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកស្រីបានបញ្ជាក់ថា សម្រាប់តំបន់សែនសុខ តម្លៃដីធ្លីក៏ចាប់ផ្តើមឡើងថ្លៃផងដែរ ពោលតម្លៃទូទៅចាប់ពី៨០០-២,០០០ដុល្លារ អាស្រ័យលើទីតាំងដីបន្ថែមទៀត អាចដីនៅផ្លូវធំ ផ្លូវកែង ឬផ្លូវតូចជាដើម៕