ការវិនិយោគមិនមែនជាការងាយស្រួល សម្រាប់មនុស្សគ្រប់រូបនោះទេ ដូច្នេះហើយ ប្រសិនបើលោកអ្នកចង់ក្លាយជាវិនិយោគិនមួយរូប អ្នកគួរធ្វើការត្រៀមលក្ខណៈជាមុនសិន មុនពេលធ្វើការវិនិយោគ។
១-បង្កើនចំណេះដឹង និងជំនាញលើការវិនិយោគ
ការវិនិយោគទាមទារឱ្យវិនិយោគិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីតាមឱ្យទាន់ទៅនឹងនិន្នាការរបស់ទីផ្សារ។ ហេតុដូច្នេះហើយ ក្រៅពីចំណេះដឹងមូលដ្ឋាន អ្នកគួរតែបង្កើនការយល់ដឹងបន្ថែមទៀត ទាក់ទងទៅនឹងវិស័យវិនិយោគ តាមរយៈការអានសៀវភៅ ការស្រាវជ្រាវតាមរយៈអ៊ីនធើណែត ការចូលរួមវេទិកា ឬ សិក្ខាសាលាផ្សេងៗ ក៏ដូចជាតាមដានព័ត៌មាន ដែលកើតមានឡើងនៅក្នុងទីផ្សារនេះជាដើម។
២-ប្រាកដថាអ្នកមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការវិនិយោគ
គោលបំណងធំនៃការវិនិយោគ គឺការប្រើសាច់ប្រាក់ថ្ងៃនេះ ដើម្បីទទួលបានប្រាក់ចំណេញនាពេលអនាគត។ ដូច្នេះហើយ មុននឹងធ្វើការវិនិយោគ អ្នកគួរធ្វើការកំណត់បរិមាណទឹកប្រាក់សម្រាប់ការវិនិយោគ និងត្រូវប្រាកដថា ខ្លួនមានថវិកាគ្រប់គ្រាន់សម្រាប់ការវិនិយោគ ចៀសជាងការប្រើប្រាស់ប្រាក់ ដែលខ្លួនមានទុកសម្រាប់ចាយវាយទៅវិនិយោគ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកនាពេលបច្ចុប្បន្នបាន ក្នុងករណីការវិនិយោគមានការខាតបង់។
៣. កំណត់គោលបំណង និងគោលដៅច្បាស់លាស់ក្នុងការវិនិយោគ
ការវិនិយោគទាមទារពេលវេលាច្រើន ដើម្បីឱ្យវិនិយោគិនទទួលបានអត្រាចំណេញច្រើន។ ហេតុដូចនេះហើយ អ្នកគួរតែមានផែនការច្បាស់លាស់ក្នុងការវិនិយោគ ដោយត្រូវដឹងពីគោលបំណងរបស់ខ្លួនថាតើអ្នកវិនិយោគដើម្បីអ្វី ហើយអ្នករំពឹងថា បានអ្វីខ្លះពីការវិនិយោគនេះ។
៥. ចាប់ផ្ដើមពីតូចទៅសិន
ប្រសិនបើអ្នកជាវិនិយោគិនក្មេងខ្ចីនៅក្នុងទីផ្សារភាគហ៊ុន អ្នកគួរតែចាប់ផ្ដើមវិនិយោគដោយការជួញដូរទំហំតិចតួចជាមុនសិន ជាជាងចាប់ផ្ដើមក្នុងទំហំធំ ដែលប្រថុយប្រថាននឹងហានិភ័យខ្ពស់ ហើយអាចនាំឱ្យមានការខាតបង់ច្រើន។
៦. ស្គាល់អំពីកម្រិតអត់ធន់នឹងហានិភ័យរបស់ខ្លួន
លោកអ្នកគួរដឹងថា ការវិនិយោគទាមទារអោយអ្នកមានភាពអត់ធ្មត់ខ្ពស់ ព្រោះថាការវិនិយោគមិនមែនតែផ្ដល់ប្រាក់ចំណេញមួយមុខទេ អ្នកក៏អាចប្រឈមមុខទៅនឹងហានិភ័យក្នុងការបាត់បង់ប្រាក់របស់អ្នកផងដែរ៕