ដេកសុខៗ ស្រាប់តែភ្ញាក់ឡើង ឃើញលុយមួយលានដុល្លារនៅជិត យើងអរសប្បាយ ហើយគិតថា វាជាភាពជោគជ័យ។ ប៉ុន្តែវាមិនអ៊ីចឹងឡើយ។ ជោគជ័យ វាកើតឡើងបាន ទាល់តែវាចេញពីក្នុងខ្លួនយើង។
សួរថា តើយើងធ្វើដូចម្តេចខ្លះដើម្បីទទួលបានជោគជ័យ។ ជោគជ័យមិនមែនជារឿងចៃដន្យ។ នេះគឺជាទស្សនៈរបស់អគ្គនាយកក្រុមហ៊ុន Twitter លោក Jack Dorsey ។ លោកថា មិនត្រូវសន្មតថា នៅពេលប្រកួត គូប្រកួតឈឺក្បាលសន្លប់ ហើយមិនបានឡើងមកប្រកួត ចាត់ថាជាភាពជោគជ័យនោះទេ។ វាគ្រាន់តែជាភាពចៃដន្យប៉ុណ្ណោះ។
លោកថា ភាពចៃដន្យ និងភាពជោគជ័យគឺខុសគ្នា ភាពចៃដន្យកើតឡើងដោយមិនបានព្រាងទុក តែភាពជោគជ័យ គឺកើតឡើងដោយបានព្រាងទុកតែម្តង។ ដូច្នេះ កម្រិតនៃការកើតឡើងក៏មានទៅតាមនោះដែរ ពោលភាពចៃដន្យកើតឡើងតែយូរៗម្តងប៉ុណ្ណោះ តែភាពជោគជ័យអាចកើតឡើងជាច្រើនដង បើយើងប្រឹងប្រែង៕