Jack Ma ៖ ក្រុមហ៊ុន​របស់​ខ្ញុំ​គ្មាន​អ្នក​ស្គាល់សោះ​តែអាច​ទៅជាក្រុម​ហ៊ុន​លេខ​១នៅក្នុង​ប្រទេស​ចិន​

ទាំងអស់គ្នាបានអានអត្ថបទជាច្រើន​អំពីមហាសេដ្ឋីលេខមួយ Jack Ma ​របស់ចិន​រួចមកហើយ ​​​គាត់ជាសហគ្រិន​អាស៊ី​មួយរូបដែល​មនុស្សច្រើនលាននាក់កំពុងតែយកគាត់ជាគំរូក្នុងការរកស៊ី។ ​តើមហាសេដ្ឋី Jack Ma ​ដែលជាអតីតគ្រូបង្រៀនរូបនេះ​មានក្បួនដឹកនាំអ្វីខ្លះ ដែលលោកអ្នកគួររៀនបន្ថែមពីគាត់?

អាលីបាបាជាក្រុមហ៊ុន​ស្ថិតនៅក្នុងក្រុមហ៊ុន​អ៊ីនធើណែតដំបូងៗបំផុត​នៅប្រទេសចិន។ ​ជាអាជីវកម្ម​ដែលត្រូវបានបង្កើត​ចេញផ្ទះអាផាតមិន​របស់​លោកមហាសេដ្ឋី Jack Ma ​ផ្ទាល់។​ នៅគ្រាដំបូងៗ​ សូម្បីតែប្រពន្ធ​របស់​គាត់​ក៏គ្មានជំនឿលើអាជីវកម្ម​មួយនេះដែរ​ ហើយ​ប្រពន្ធគាត់​បានប្រាប់គាត់ថា ​មុខគាត់នេះ​មិនសមជាមហាសេដ្ឋីនោះទេ។

ទោះយ៉ាងណា ​​លោកមហាសេដ្ឋី​មាឌល្អិត​រូបនេះ​បានបង្ហាញដល់ពិភពលោក ​រួមទាំង​ប្រពន្ធគាត់ថា​ គាត់​អាចក្លាយជាសេដ្ឋីបាន ​ហើយ​ក្រុមហ៊ុន​របស់គាត់ក្លាយជាក្រុមហ៊ុន​ដែលមនុស្សទូទាំងពិភពលោក មានការ​កោតសសើរខ្លាំង។ ​តើ Jack Ma ​បានប្រើក្បួនដឹកនាំបែបណាខ្លះ ទើបអាច​ធ្វើឲ្យអាជីវកម្មដែលគេឯងថា​គ្មានផ្លូវ​ ទៅជា​ក្រុមហ៊ុនធំបំផុត​មួយនៅចិន​បានក្នុងរយះពេលប្រមាណតែ២០ឆ្នាំប៉ុណ្ណោះ?

១.មនុស្សធម្មតាដឹកនាំមនុស្សពូកែ

លោកមហាសេដ្ឋី​ Jack Ma បានលើកទ្បើងថា ​មនុស្សពូកែ​ដែលមានដូចជា ​អ្នកវិទ្យាសាស្រ្តកំព្យុទ័រ​ ឬ​អ្នកជំនាញខាងគេហទំព័រ ជាដើម​ពួកគាត់ត្រូវការមនុស្សសាមញ្ញដូចគាត់ ​មកដឹកនាំ​ព្រោះមនុស្សសាមញ្ញ​​ទើបជាមនុស្សដែលដឹងថា​ផលិតផលអ្វី ដែលមនុស្សឯទៀតអាចប្រើបាន។ ​គាត់ប្រកាន់គោលការណ៍នេះ​ប្រហែល​ទំនងមកពីគាត់ជាមនុស្សធម្មតា ​ជាអតីតគ្រូបង្រៀនហើយមើលទៅ​ តែយ៉ាងណា​គំនិតមួយនេះ​បានផ្តល់ជំនឿដល់ Jack Ma ​ក្នុងការដឹកនាំ​អាលីបាបាបានរហូតដល់សព្វថ្ងៃ។

២.រើសមនុស្សដែលត្រូវនឹងអាជីវកម្ម​ កុំរើសតែមនុស្សពូកែផុតលេខ

ជាទូទៅក្រុមហ៊ុនធំៗ តែងចង់បានមនុស្សពូកែ ​រៀនបានខ្ពស់មកធ្វើការជាមួយ ​តែដោយទ្បែក​លោកមហាសេដ្ឋី​ Jack Ma គាត់មិនមើលតែលើសញ្ញាបត្រនោះទេ។ ​ផ្ទុយទៅវិញ គាត់​ឲ្យតម្លៃខ្លាំងជាងនេះ​ទៅលើ​បុគ្គលដែលត្រូវនឹង​ក្រុមហ៊ុនគាត់ ​ជឿលើអ្វីដែលអាលីបាបា​បានកំពុងធ្វើ​ ហើយ​ហ៊ានស្រមៃ​ហ៊ាន​ធ្វើអ្វីៗដើម្បីសម្រេចក្តីស្រមៃដែលអាលីបាបាចង់បាន។ ​លោក Jack Ma ​បានពោលថា​ រហូតដល់សព្វថ្ងៃនេះ​អាលីបាបា ​មិនខ្វះលុយ​នៅក្នុងការរកសុីទ្បើយ ​តែក្រុមហ៊ុននៅនេះខ្វះមនុស្សដែលមានក្តីសុបិន​មកចូលរួម​ជាមួយគាត់។

៣.ជាមេដឹកនាំ​ អ្នកត្រូវធ្វើជាមនុស្សដែលមានទស្សនះវិស័យវែងឆ្ងាយ

ខុសពីសហគ្រិនល្បីៗឯទៀត ដូចជា​និង​ Bill Gates​ និង Mark Zuckerberg ​លោកមហាសេដ្ឋី​Jack Ma គ្មានជំនាញបច្ចេកទេសទេ ​ក្រៅពីជំនាញបង្រៀនភាសាអង់គ្លេស។ ​តែយ៉ាងណា ​ពួកគាត់​ទាំង​៣នាក់​មានចំណុចដូចគ្នារួមមួយគឺ ពួកគាត់ដឹកនាំ​ក្រុមហ៊ុន​ដោយមានទស្សនះវិស័យវែងឆ្ងាយណាស់។

លោកមហាសេដ្ឋី​ Jack Ma ធ្លាប់បានលើកទ្បើងថា​គាត់ចេញរកស៊ីបង្កើត គេហទំព័រលក់ទំនិញតាមអនទ្បាញ ​តាំងពេល​ដែលមានមនុស្សតិចមែនទែន ​ស្គាល់ថា​អ្វីទៅជាអ៊ិនធើណែត។ ​ដូចនេះ បានន័យថា​គាត់បានចេញរកស៊ីដោយបានមើលឃើញ សក្តានុពលនៃវិស័យមួយនេះ​ តាំងពី២០ឆ្នាំមុន​មកម្លេះ ​ពោលគឺតាំងពីគ្មាននរណាជឿថា​វិស័យមួយនេះ ធំដូចសព្វថ្ងៃនោះទេ។

នៅក្នុងវេទិកាមួយ​កាលពីឆ្នាំ​២០១៦​កន្លងទៅ​ លោកមហាសេដ្ឋី​ Jack Ma ធ្លាប់បានលើកទ្បើងថា​មនុស្សជោគជ័យ​ គេជឿមុនឃើញ ​រីឯ​មនុស្សដែលចូលចិត្តធ្វើតាមគេ​ មើលឃើញហើយ​បានជឿតាមក្រោយ។ ​គាត់ថា​ជាមេដឹកនាំពូកែ ​អ្នកត្រូវតែជឿលើអ្វីដែលខ្លួន​កំពុងធ្វើ ​ហើយ​ហ៊ានជឿទោះ​អ្នកមិនទាន់បានមើលឃើញក៏ដោយ៕