ក្តីស្រម៉ៃវាគឺជាផ្នត់គំនិតនិងការគិត ព្រមទាំងការរំពឹងទុកជាមុននូវ អ្វីមួយដែលមនុស្សម្នាក់ៗប្រាថ្នាចង់បាន ហើយមនុស្សមានក្តីស្រម៉ៃខុសៗគ្នា ហើយគ្រប់គ្នាតែងតែចង់បានលទ្ធផលដូចៗគ្នាគឺភាពជោគជ័យក្នុងជីវិត និងការទៅដល់គោលដៅដែលយើងប្រាថ្នា។
បើសិនជាអ្នកមានក្តីស្រម៉ៃ និងមានក្តីប្រាថ្នានោះ អ្នកប្រកដជាចង់ដឹងហើយថាត្រូវធ្វើបែបណាទើបអាចសម្រេចក្តីប្រាថ្នានេះបាន ឲ។ បើតាមសម្តីរបស់ស្ថាបនិកក្រុមហ៊ុនផលិតគំនូរជីវចល Walt Disney គឺលោក Walt Disney ធ្លាប់បានលើកឡើងថា “បើសិនជាអ្នកហ៊ានស្រម៉ៃហើយ អ្នកត្រូវតែហ៊ានធ្វើវា នោះទើបអ្នកអាចទៅដល់គោលដៅបាន”។
ជាការពិតណាស់ក្តីស្រម៉ៃដែលអាចសំរេច និងទៅដល់គោលដៅបាននោះមិនមែនដោយអ្នកគ្រាន់តែស្រម៉ៃ និង គ្រាន់តែគិត នោះទេ ហើយក៏គ្មានអភិនិហា ឬភាពចៃដន្យណាមួយដែលអាចជួយអោយអ្នកបានសម្រេចគោលដៅដោយគ្រាន់តែស្រម៉ៃនោះដែរ។ ការស្រម៉ៃគឺគ្រាន់តែជាការចាប់ផ្តើមដំបូងរបស់មនុស្សម្នាក់តែប៉ុណ្ណោះ ហើយការស្រម៉ៃនេះផងដែរ ក៏ជាដើមហេតុធ្វើអោយមនុស្សចាប់ផ្តើមគិតប្រាថ្នាទៅរកគោលដៅមួយ ដែលគេបានកំណត់នៅក្នុងចិត្ត និងពោពេញទៅដោយក្តីរំភើប។
ប៉ុន្តែក្តីសុបិន្តទាំងអស់ដែលអាចទៅដល់គោលដៅបាន លុះត្រាតែអ្នក ដាក់ចិត្ត ដាក់កាយ និង តស៊ូជំនះ នៅរាល់ឧបសគ្គដែលនៅចំពោះមុខ ដោយមិនរាថយនោះឡើយ។ ការទៅដល់គោលដៅនៃក្តីស្រម៉ៃបានគឺ ត្រូវ មាន ការតាំងចិត្ត និងឆន្ទះមុតមាំ ព្រមទាំងភាពចេះបត់បែនផងដែរ ដែលជាចំណុចដែលអ្នកមិនអាចខ្វះបានទេដើម្បីដើរនៅលើវិថីមួយនេះអោយបានជោគជ័យ។
ប៉ុន្តែមានបញ្ហាមួយទៀត បើអ្នកចង់សម្រេចក្តីស្រម៉ៃរបស់ខ្លួនអ្នកគួរតែស្វះស្វែងរកសិក្សាររៀនសូត្រ និងស្វែងរកមេរៀន ព្រមទាំងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនិងក្តីស្រម៉ៃរបស់អ្នក តាមរយះការសិក្សាជំនាញវគ្គខ្លី ឬការចូលប្រឡូកនិងការងារដែលទាក់ទងទៅនិងក្តីស្រម៉ៃរបស់ខ្លួន។
ការសិក្សារស្វែងយល់ និងចំនេះដឹងទាំងនេះគឺជះឥទ្ធពលយ៉ាងទៅលើក្តីស្រម៉ៃរបស់អ្នក ព្រោះវាជួយអោយអ្នកអាចដឹងពីបញ្ហា និងហានិភ័យ ព្រមទាំងដឹងពីវិធីសាស្ត្រផ្សេងៗដែលជាហេតុជួយជំរុញអោយក្តីស្រម៉ៃរបស់អ្នកអាចទៅដល់គោលដៅបានយ៉ាងពិតប្រាកដ៕