ស្របពេលដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍ និងចំនួនប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការនេះបានរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតទីក្រុងរណបថ្មីៗជំវិញទីក្រុងភ្នំពេញ និងផ្លូវក្រវាត់ក្រុងដើម្បីដោះស្រាយការកើនឡើងនៃអ្នកចូលមករស់នៅក្នុងទីក្រុង បញ្ហាកកស្ទះចរាចរណ៍ និងការរីកចម្រើននៃសក្ដានុពលសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។
បច្ចុប្បន្នរាជធានីភ្នំពេញមានផ្លូវក្រវាត់ក្រុងចំនួន២រួចទៅហើយ ដែលបាននិងកំពុងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចកាន់តែទូលាយទៅដល់បណ្ដាតំបន់ជាយៗរាជធានី។ ថ្មីៗនេះមានគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥៩ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីដើមខែកក្កដា ឆ្នាំ២០១៨ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី មិនតែប៉ុណ្ណោះផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ។
យោងតាមក្រុមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសជាច្រើនដល់អ្នកអភិវឌ្ឍ និងប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ ដែលនឹងជំរុញឲ្យមានការអភិវឌ្ឍអចលនទ្រព្យកាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ។ វិស័យអចលនទ្រព្យអាចមានសញ្ញាកើនឡើងនៅពេលដែលមានតំបន់ណាមួយ គឺអាស្រ័យលើសន្ទុះនៃការអភិវឌ្ឍតំបន់នោះ ដែលមានការរៀបចំបានល្អនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ងាយស្រួល។
វត្តមាននៃផ្លូវក្រវ៉ាត់ក្រុងទី៣នេះមិនត្រឹមតែ កាត់បន្ថយនូវបញ្ហាស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ចូនប៉ុណ្ណោះទេ ថែមទាំងបង្កើនដល់ការវិនិយោគអចលនទ្រព្យ និងការអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ដែលបានចូលមករស់នៅក្នុងទីក្រុងកាន់តែច្រើនឡើងៗ ហើយវាក៏បានបង្ហាញពីកំណើនរីកចម្រើននៃសក្ដានុពលសេដ្ឋកិច្ច របស់កម្ពុជាផងដែរ៕