ឆ្លងកាត់បទពិសោធន៍ខាងទិញលក់ដីធ្លីរយៈពេលជាង១០ឆ្នាំ លោកបណ្ឌិត គឹម ហ៊ាង ម្ចាស់ក្រុមហ៊ុន KHMER REAL ESTATE ដែលមនុស្សភាគច្រើនបានស្គាល់រូបលោក តាមរយៈភាពលេចធ្លោក្នុងវិស័យអចលនទ្រព្យ និងដីធ្លី បានចែករំលែកនូវយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់លោកក្នុងការលក់ដីធ្លីប្រកបដោយប្រសិទ្ធិភាព។ “ខ្ញុំមិនដែលចាំភ្ញៀវមករកខ្ញុំទេ គឺខ្ញុំទៅគោះទ្វាដល់ផ្ទះភ្ញៀវ” នេះគឺជាសម្តីរបស់លោកបណ្ឌិតគឹម ហ៊ាង។
លោកបណ្ឌិតបានលើកឡើងថា ក្នុងការរកស៊ីយើងមិនអាចនៅអង្គុយរង់ចាំភ្ញៀវឲ្យគេមករកយើងមុនទេ គឺយើងត្រូវតែទៅរកគេមុន ដូចពាក្យមួយនៅក្នុងភាសាសង្រ្គាមដែលគេនិយាយថា ស្គាល់ខ្លួនឯងស្គាល់សត្រូវវាយពេលណាក៏ឈ្នះ ដូច្នេះបើចង់លក់ដីឡូតិ៍ឲ្យដាច់យើងចាំបាច់ត្រូវតែស្គាល់ហាងឆេងដី យើងត្រូវស្គាល់ថាដីនោះមានតម្លៃប៉ុន្មាន ហើយដីនោះយើងអាចធ្វើអ្វីកើត មានន័យថាយើងត្រូវស្គាល់ឲ្យច្បាស់ពីផលិតផលរបស់ខ្លួនឯង។
អ្នកជំនាញរូបនេះបាននិយាយាថា “យើងចាំបាច់ត្រូវដឹងថា តើអ្នកណាខ្លះដែលអាចមានលទ្ធភាពទិញដីយើងបាន ឧទាហរណ៍ថាយើងមានដីមួយឡូតិ៍២០០០ម៉ែតការ៉េ នៅផ្លូវនរោត្តម ដូច្នេះយើងត្រូវដឹងថា ដីនូវផ្លូវនរោត្តមមានតម្លៃមួយការ៉េប៉ុន្មាន យ៉ាងហោចណាស់ក៏តម្លៃ៦០០០ដុល្លារដែរ ដែលវាស្មើរនឹង១២លានដុល្លារអាមេរិក។ ហើយសួរថាតើដីនៅទីនោះធ្វើអ្វីកើត? ដីនោះអាចធ្វើធនាគារបាន អាចធ្វើអាផាតមិនបាន និងអាចធ្វើការិយាល័យបាន ដូច្នេះយើងត្រូវសួរទៀតថាតើអ្នកណាដែលមានលុយ១២លាននោះ?
អ្នកដែលអាចទិញក្នុងតម្លៃ១២លានដុល្លារ ទាល់តែគាត់មានទ្រព្យសម្បត្តិ២០លានដុល្លារ ដូច្នេះតើអ្នកណាដែលមានលុយ២០លាននៅស្រុកខ្មែរ? ដូច្នេះសួរថាតើអ្នកដែលមានទ្រព្យសម្បត្តិ២០លាន នៅស្រុកខ្មែរមានប៉ុន្មាននាក់ យ៉ាងច្រើនមានប្រហែលជា២០០នាក់ប៉ុណ្ណោះ ដូច្នេះតើយើងមានលេខទូរស័ព្ទគេឬអត់? Okមាន ទាក់ទងទៅគេ។ ខ្ញុំរកស៊ីលក់អ៊ីចឹង មិនដូចអ្នកខ្លះនៅអង្គុយរអ៊ូរលក់មិនដាច់ទេៗ ខ្ញុំមិនចេះនៅអង្គុយរអ៊ូរទេគឺខ្ញុំដើររកភ្ញៀវ។
លោកបណ្ឌិតបន្តថា “អ្នកលក់បច្ចុប្បន្ននៅស្ទើរណាស់គឺអង្គុយរង់ចាំឲ្យគេចូលមក ដូច្នេះសួរថាការរកស៊ីអ្នកណាគេនៅអង្គុយចាំអញ្ចឹង ប្រសិនបើខ្ញុំជាអ្នកលក់ផ្ទះវិញខ្ញុំត្រូវដឹងថា ពីរនាក់នោះគេទើបរៀបការហើយគេត្រូវការទិញផ្ទះ ដូច្នេះខ្ញុំនិងទៅដល់កន្លែងគេនៅ ហើយគោះទ្វារធ្វើបទបង្ហាញ យកគម្រោងបូរីឲ្យគេមើលតែម្ដង។ គេលក់អញ្ជឹង វិធីនេះខ្ញុំធ្វើតាំងតែពី១០ឆ្នាំមុន មិនមែនអង្គុយស្រួលៗក្នុងម៉ាស៊ីនត្រជាក់ហើយរអ៊ូរទេ៕