ទស្សនវិទូដ៏ល្បីល្បាញមួយរូបរបស់ចិនគឺ ខុង ជឺ ពេលគាត់នៅមានជីវិតគាត់ធ្លាប់ពោលថាបានត្រឹមឃើញ អ្នកនឹងឆាប់ភ្លេច បានត្រឹមឃើញ អ្នកនឹងអាចចងចាំ តែបើចង់យល់ចង់ពូកែ អ្នកត្រូវតែចេញធ្វើ។
នៅក្នុងន័យដើមរបស់លោកខុងជឺ ដែលលោកជាគ្រូបង្រៀនផងដែរនោះខ្ញុំសូមបកស្រាយឃ្លារបស់គាត់ ទៅក្នុងន័យរកស៊ីវិញថា ចង់ពូកែរកស៊ីអ្នកត្រូវតែចេញរកស៊ី បានត្រឹមលឺគេថា ឬឃើញគេរកស៊ី អ្នកនឹងមិនអាចចេះទ្បើយ។ ខ្ញុំគិតថា ឃ្លារបស់គាត់មួយនេះមានន័យណាស់ សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយក្នុងការដាស់អារម្មណ៍ទាំងអស់គ្នាថាដល់ពេលយើងត្រូវឈប់ខ្លាចហើយ។
អ្នកត្រូវហ៊ានចេញធ្វើអ្វីដែលជាក្តីស្រមៃរបស់ខ្លួន ត្រូវហ៊ានលំបាកដើម្បីជោគជ័យក្នុងជីវិត បើចង់ក្លាយជាសហគ្រិនឆ្នើមម្នាក់របស់កម្ពុជា អ្នកត្រូវរកផ្លូវចេញរកស៊ីឲ្យបាន អ្នកមិនត្រូវនៅក្រៅសៃវៀននោះទេ។
ខ្ញុំធ្លាប់បាននិយាយម្តងរួចហើយ នៅក្នុងវីដេអូខ្លីដែលផុសក្នុងហ្វេសប៊ុកនិង Yutube របស់Business Cambodia ថាយើងមិនអាចចេះហែលទឹក ដោយមើលគេហែលទឹកនោះទេ។ អ្នកត្រូវតែហ៊ានចុះទឹក ដើម្បីរៀនហែលមិនត្រូវខ្លាចលង់ទឹកនោះទេ។ ក្នុងន័យនេះអ្នកត្រូវតែចេញរកស៊ីត្រូវរៀនហែលលំបាកជាមួយអាជីវកម្មតូចៗ ហើយធ្វើឲ្យអាជីវកម្មតូចៗទាំងនោះ ក្លាយជាអាជីវកម្មធំ ក្លាយជាអាជីវកម្មគំរូរបស់កម្ពុជាឲ្យបាន។
គួរបញ្ជាក់ថា ខុងជឺធ្លាប់ជារដ្ខមន្ត្រីយុត្តិធម៌ របស់នរគលូនៃប្រទេសចិនសម័យបុរាណលោកត្រូវបានគេទទួលស្គាល់ថា ជាទស្សនវិទូល្បីបំផុតមួយរបស់អាស៊ី។ ខ្ញុំបានកំពុងសិក្សាពីគំនិតជាច្រើនរបស់គាត់ ដើម្បីធ្វើជាមេរៀនក្នុងការដឹកនាំអាជីវកម្មរបស់ខ្ញុំ៕