ផល រដ្ឋា ៖ កុំខ្វល់រឿងវិស័យអចលនទ្រព្យពេក គ្រាន់តែចិញ្ចឹមបង្កងតែមួយម៉ែត្រការ៉េក៏រកបាន២០ដុល្លារដែរ
បាត់ដំបង ៖ លោក ផល រដ្ឋា ជាកូនកូនអ្នកបាត់ដំបងដងស្ទឹងសង្កែ និងជាម្ចាស់កសិដ្ឋានចិញ្ជឹមបង្កង Crayfish មានមូលដ្ឋាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងតែត្រូវប៉ាន់ខ្លាំងជាមួយនិងមុខរបរចិញ្ជឹមបង្កងលក់ដែលអាចរកចំណូលបាន ៨០០ ទៅ ១,០០០ ដុល្លារក្នុងមួយខែៗ។
យុវជនរូបនេះបានលើកឡើងថា សព្វថ្ងៃយើងកំពុងតែធ្វើគម្រោងកែប្រែជនបទអោយមានតម្លៃជាងមុន ដោយក្នុងនោះយើងក៏មានគម្រោងធ្វើអោយដីស្រែរបស់កសិករក្លាយជាដីស្រែដែលមានតម្លៃបំផុត ដោយដាំដុះស្រូវជាមួយនឹងបង្កង ហើយអាចទាញផលបានបង្កងពី៥ ទៅ ១០ក្បាល ប្រមាណជាង១គីឡូក្រាម ទៅ១.៥គីឡូក្រាម ដែលអាចរកលុយបាន១៥ ទៅ ២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
អតីតនិស្សិតសាកលវិទ្យាល័យជូឡាឡុងកនរូបនេះមានប្រសាសន៏ថា កាលពីឆ្នាំ ២០១៣ លោកមានឱកាសបានទៅសិក្សានៅប្រទេសថៃ ហើយមានឱកាសបានសិក្សារៀនសូត្រ ពីបច្ចេកទេសចិញ្ជឹមបង្កងពីប្រទេសថៃក្រោមជំនួយពីព្រះមហាក្សត្រថៃ ហើយមកទល់និងសព្វថ្ងៃនេះអាជីវកម្មលោកដំណើរការបាន២ឆ្នាំហើយ។
លោកបានបង្ហើបប្រាប់ Business Cambodia ថាសព្វថ្ងៃនេះកសិដ្ឋានរបស់លោកកំពុងតែដំណើរការល្អ ដោយមួយថ្ងៃៗលក់បង្កងសិងតែមិនទាន់ និយាយទៅមានប៉ុន្មានក៏លក់អស់ដែរ ទាំងបង្កងពូជ និងទាំងបង្កងយកសាច់ ដោយមានទាំងភ្ញៀវខ្មែរ និងបរទេសកម្មង់ទិញហូរហែររកតែបង្កងលក់មិនបាន។
លោកបានបន្ថែមថាបង្កងដែលលោកចិញ្ជឹមក្នុងកសិដ្ឋានសព្វថ្ងៃគឺពូជ ក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សារដោយ១គីឡូ តម្លៃ៣០ ទៅ៣៥ដុល្លារ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗ លោករកចំណូលបានប្រហែល ៨០០ ទៅ ១,០០០ដុល្លារឯណោះ។
លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពី គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល៣ ទៅ ៤ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជាង១០ ទៅ ១៣ក្បាលបង្កង រីឯបង្កងលក់ពូជ គឺតាំងពីញាស់រហូតដល់ប្រមូលផលគឺរយៈពេលប្រហែល៤៥ ថ្ងៃទៀបអាចលក់កូនបាន។
លោកបានបង្ហាញសុទិដ្ឋិនិយមថា លោកមានមហិច្ចិតានាំបង្កងCrayfishរបស់លោកទៅកាន់ទីផ្សាប្រទេសចិននាពេលអនាគតដ៏ខ្លីខាងមុខ ព្រោះសព្វថ្ងៃនេះមានអតិថិជនជនជាតិចិន ទាំងក្នុងនិងក្រៅស្រុក មានការគាំទ្ររបង្កងលោកខ្លាំង។
ហើយលោកបន្ថែមថាអតិថិជនមកពីក្រប់ខេត្តក្រុង ដែលទិញបង្កងពីកសិដ្ឋានលោកទៅចិញ្ជឹម លោកនិងបណ្តុំបណ្តាលបច្ចេកទេសចិញ្ជឹមដោយឥតគិតថ្លៃផងដែ៕