អ្នក​ជាម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មមែនទេ ពេល​ដែល​ជួល​បុគ្គលិក ​កុំត្រូវ​សញ្ញាប័ត្រ​ច្រើនជាង​សមត្ថភាព​ពិតប្រាកដ​

ស្វែង​រកបុគ្គលិកមានសមត្ថភាព​ គឺ​ពិត​ជា​ស្មុគស្មាញ​​ខ្លាំង​ណាស់ អ្នក​មិន​ត្រឹមតែ​ត្រូវការ​បុគ្គលិក​ដែល​ខិតខំ​​ធ្វើ​ការ​ និង​ត្រូវ​ជំនាញ​ការងារ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​អ្នក​ក៏​ត្រូវការ​អ្នក​ដែល​មាន​គុណតម្លៃ​ស្រប​តាម​គោលការណ៍ និង​វប្បធម៌​ក្រុមហ៊ុន​របស់​អ្នក​ផង​ដែរ​ដូច​ជា ​សញ្ញាបត្រ បទពិសោធន៍ ចំណេះដឹង និង​អកប្បកិរិយា​​ជា​ដើម​។

ចុះ​បើ​មាន​បេក្ខជន​គ្មាន​សញ្ញាបត្រ​មក​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក តើ​អ្នក​គួរ​​ជ្រើសរើស​ឬ​អត់? មុន​នឹង​ឆ្លើយ​សំនួរ​នេះ អ្នក​​គួរ​ពិចារណា​លើ​គន្លឹះ​៣សំខាន់ ​ខាងក្រោម​នេះ​ជា​មុន​សិន៖ ​​

១.ជ្រើសរើស​បុគ្គលិក​ដែល​ត្រូវ​ជំនាញ មាន​បទពិសោធន៍ និង​​អាកប្បកិរិយា​ល្អ

នៅ​​ពេល​អ្នក​សម្រេច​ជ្រើសរើស​បុគ្គលិក វា​ជា​រឿង​សំខាន់​ដែល អ្នក​ត្រូវ​ស្វែងរក​អ្នកណា​ដែល​មាន​ជំនាញ​ស័ក្តិសម​នឹង​ការងារ​របស់​អ្នក និង​មាន​អាកប្បកិរិយា​ល្អ​បើ​ទោះបី​ជា​មិន​មាន​សញ្ញាប័ត្រ​ក៏ដោយ។ ថ្វីត្បិត​តែ​សញ្ញាបត្រ​​វា​ជា​រឿង​សំខាន់​មួយ ក៏ប៉ុន្តែ​បុគ្គលិក​ដែល​មាន​បទពិសោធន៍​ល្អ​ស្រប​តាម​អ្វី​ដែល​អ្នក​ចង់​បាន គឺ​វា​សំខាន់​ជាង​នេះ​ទៅ​ទៀត។ ឧទាហរណ៍​ថា មាន​បេក្ខជន​ម្នាក់​រៀន​ចប់​មហាវិទ្យាល័យ ប៉ុន្តែ​មិន​ធ្លាប់​មាន​បទពិសោធន៍​ការងារ​ពី​មុន​ ហើយ​មាន​​បេក្ខជន​ម្នាក់​ទៀត​មិន​មាន​សញ្ញាប័ត្រ ប៉ុន្តែ​មាន​បទពិសោធន៍​ការងារ​​ត្រូវ​នឹង​ការងារ​អ្នក​​កំពុង​ជ្រើសរើស​ អ្នក​គួរ​ជ្រើសរើស​អ្នក​ទីពីរ​។ អ្នក​ត្រូវ​ចាំ​ថា បើ​មាន​​បេក្ខជន​មាន​បទពិសោធន៍ មាន​ជំនាញ​ដែល​អ្នក​ត្រូវការ និង​មាន​​​អាកប្បកិរិយា​ល្អ អត់​សញ្ញាប័ត្រ​ក៏​គ្មាន​បញ្ហា​ដែរ។

២.ផ្ដោត​សំខាន់​លើ​ជំនាញ​ទន់​របស់​បុគ្គលិក​​

នៅ​ពេល​អ្នក​កំពុង​សម្ភាសន៍​បេក្ខជន​ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ស្គាល់​ពី​បេក្ខជន​នោះ​ឲ្យ​បាន​ច្រើន​ដែល​រួម​ទាំង​ជំនាញ​ទន់ (Soft Skill)​ ដែល​បេក្ខជន​នោះ​មាន និង​ចង់​ដឹង​ថា តើ​បេក្ខជន​នោះ​អាច​បំពេញ​ការងារ​ពី​មុន​មក​បាន​យ៉ាង​ដូចម្តេច? អ្នក​អាច​សាកសួរ​ពី​របៀបរបប​​ធ្វើ​ការ​ជា​ក្រុម ជំនាញ​ទំនាក់ទំនង របៀប​ដោះស្រាយ​បញ្ហា ភាព​ទន់ភ្លន់ ការ​បត់បែន និង​សុជីវធម៌​កម្រិត​ណា? ក្រៅ​ពី​នេះ​ កុំ​ភ្លេច​សាកសួរ​ក្រុមហ៊ុន​មុនៗ​ដែល​បុគ្គលិក​រូប​នោះ​ធ្លាប់​ធ្វើ​ការ ​ដើម្បី​ចង់​ដឹង​លម្អិត​ថា បេក្ខជន​នោះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​អ្វី ដែល​ខ្លួន​រៀបរាប់​ដែរ​ឬ​យ៉ាងណា។ សូម​កុំ​យក​សញ្ញាប័ត្រ​មក​ធ្វើ​ជា​លក្ខខណ្ឌ​​ដាក់កំហិត​ទៅ​លើ​បេក្ខជន​ ហើយ​អ្នក​គួរតែ​ផ្ដោត​លើ​គោលដៅ​យូរ​អង្វែង​របស់​បេក្ខជន​នោះ​ថា តើ​គេ​ចង់​ធ្វើ​អ្វី​នៅ​ពេល​អនាគត​​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក?

៣.ផ្តល់​ប្រាក់ខែ​ស្រប​តាម​​សមត្ថភាព​ការងារ​ដូច​អ្នក​មាន​​សញ្ញាបត្រ​ដែរ

ប្រសិន​បើ អ្នក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​បុគ្គលិក​គ្មាន​សញ្ញាបត្រ​មក​ធ្វើ​ការ អ្នក​គួរ​ឲ្យ​ប្រាក់ខែ​ទៅ​បុគ្គលិក​នោះ​ឲ្យ​ស្មើ​​នឹង​បុគ្គលិក​ដែល​មាន​សញ្ញាបត្រ​ដែរ​។ កុំ​ដាក់​លក្ខខណ្ឌ​ ហើយ​យក​មូលហេតុ​គ្មាន​សញ្ញាបត្រ​ដែល​​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​រូប​នោះ​ទទួល​បាន​ប្រាក់ខែ​មិន​ស្មើ​គ្នា។ ចំណុច​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព។ អ្នក​គួរ​ឲ្យ​តម្លៃ​​លើ​សមត្ថភាព​ការងារ បទពិសោធន៍ លទ្ធផល​ការងារ និង​ភាព​ជា​បុគ្គលិក​គំរូ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​បុគ្គលិក​នោះ ហើយ​ប្រសិន​បើ​បុគ្គលិក​នោះ​ធ្វើ​បាន​ល្អ​ជាង​បុគ្គលិក​មាន​សញ្ញាបត្រ អ្នក​មិន​គួរ​ស្ទាក់ស្ទើរ​ដំឡើង​ប្រាក់ខែ​ឲ្យ​បុគ្គលិក​គ្មាន​សញ្ញាបត្រ​ឲ្យ​បាន​ច្រើន​នោះ​ឡើយ៕