អ្នកជំនាញស្រាវជ្រាវអស់រយៈពេល៧ឆ្នាំពីមេរៀនជីវិត ចុងក្រោយស្វែងរកឃើញវ័យពិតរបស់មនុស្សមានសុទិដ្ឋិនិយម
តើវ័យណាដែលអ្នកគិតថា អ្នកមានសុទិដ្ឋិនិយមបំផុត? ការស្រាវជ្រាវមួយបានរកឃើញចម្លើយពិតប្រាកដឆ្លើយតបទៅនឹងសំនួរមួយនេះក្រោយប្រើពេលដល់ទៅ៧ឆ្នាំ។ ធ្វើឡើងដោយសាកលវិទ្យាល័យ California Davis (University of California Davis) ការស្រាវជ្រាវនេះបានធ្វើឡើងទៅលើមនុស្ស ដែលមានអាយុចាប់ចន្លោះពី២៦ ដល់៧១ឆ្នាំចុះក្រោម។
នៅក្នុងរយៈពេល៧ឆ្នាំនេះ អ្នកស្រាវជ្រាវបានបែងចែកជា៤ដំណាក់កាល ហើយអ្នកចូលរួមត្រូវឆ្លើយសំណួរសាកល្បងពីមេរៀនជីវិតចំនួន៦សំនួរនៅក្នុងដំណាក់កាលនីមួយៗ ដែលសំនួរទាំងនោះ គឺជុំវិញការយល់ឃើញពីភាពសុទិដ្ឋិនិយមនៅក្នុងជីវិតរបស់ពួកគេ។ ក្រៅពីនេះ អ្នកទាំងនោះត្រូវឆ្លើយសំនួរចំនួន៥៤ ផ្សេងទៀតស្តីពីរឿងរ៉ាវផ្សេងៗ ដែលពួកគេបានជួបប្រទះនៅក្នុងឆាកជីវិតរបស់ពួកគេប្រចាំថ្ងៃទាំងរឿងរ៉ាវល្អៗ និងរឿងរ៉ាវមិនល្អ។
ដោយប្រើប្រាស់សំនួរទាំងនេះ ក្រុមស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើ បានកំណត់បានពីវ័យពិតប្រាកដមួយនៅក្នុងជីវិតដែលមនុស្សម្នាក់ៗមានភាពសុទិដ្ឋិនិយមបំផុត។ លទ្ធផលបានបង្ហាញថា វ័យដែលមនុស្សមានទុទ្ទិដ្ឋិនិយមជាងគេ (មើលឃើញអ្វីៗក្នុងផ្លូវអវិជ្ជមាន) គឺពេលឈានដល់វ័យ២០ឆ្នាំ ខណៈដែលជីវិតចាប់ផ្តើមមានសុទិដ្ឋិនិយម (មើលឃើញអ្វីៗក្នុងផ្លូវវិជ្ជមាន) បន្តិចម្តងៗនៅពេលដែលមនុស្សម្នាក់ៗឈានដល់វ័យ៣០ឆ្នាំ។
ការស្រាវជ្រាវខាងលើបានអះអាងទៀតថា នៅពេលឈានដល់វ័យ៣០ហើយនោះ ភាពសុទិដ្ឋិនិយមរបស់មនុស្សម្នាក់ៗចេះតែបន្តកើនឡើងកាន់តែខ្លាំងទៀតនៅវ័យ៤០ឆ្នាំ។ ហើយវ័យដែលជីវិតមនុស្សម្នាក់ៗ មានសុទិដ្ឋិនិយមខ្លាំងជាងគេ គឺពេលឈានដល់វ័យ៥០ឆ្នាំឡើងទៅ ហើយចាប់ពីវ័យនេះទៅ វាចាប់ផ្តើមថយចុះមកវិញបន្តិចម្តងៗ។ ចំណែកវ័យដែលមនុស្សប្រុស និងមនុស្សស្រីមានសុទិដ្ឋិនិយមខ្លាំងជាងគេបំផុតក្នុងជីវិត គឺពេលឈានដល់វ័យ៥៥ ឆ្នាំ។ ផ្អែកលើការស្រាវជ្រាវនេះបានបញ្ជាក់ថា នៅពេលដែលអ្នកមានវ័យកាន់តែចាស់ ភាពសុទិដ្ឋិនិយមរបស់អ្នកមានកាន់តែច្រើនឡើង ហើយវាធ្លាក់ចុះមកវិញបន្តិចម្តងៗនៅពេលដែលអ្នកមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ។
ទន្ទឹមនឹងនេះផងដែរ ការស្រាវជ្រាវខាងលើក៏បានអះអាងបន្ថែមផងដែរថា មនុស្សដែលជោគជ័យក្នុងជីវិត មានសុទិដ្ឋិនិយមខ្លាំងជាងមនុស្សធម្មតាទៅទៀតដូចជា អ្នកដែលជោគជ័យក្នុងសាលា អ្នកដែលរកលុយបានច្រើន អ្នកដែលជោគជ័យក្នុងជីវិតស្នេហា និងមានជំនួញជោគជ័យជាដើម។ ចំណែកមនុស្សដែលបានប្រព្រឹត្តអំពើទុច្ចរិត មិនសូវមានសុទិដ្ឋិនិយមនៅក្នុងជីវិតនោះឡើយ ខណៈដែលអ្នកក្រ ប៉ុន្តែធ្វើទង្វើល្អក៏មានភាពសុទិដ្ឋិនិយមមិនខុសគ្នាប៉ុន្មានពីអ្នកដែលមានជីវិតជោគជ័យនោះដែរ៕