មានអារម្មណ៍ថានៅលីវយូឯកោមែនទេ មកមើលប៉ុន្មានចំណុចខាងក្រោមនេះអ្នកនឹងសប្បាយចិត្តក្នុងការនៅម្នាក់ឯង
គ្មានស្នេហាមិនប្រាកដថា ឯកោគ្មានក្តីសុខឡើយ ព្រោះអ្នកអាចប្រើជីវិតរស់នៅម្នាក់ឯង ដោយភាពរីករាយមានសេរីភាពបរិបូរណ៍។
អ្នកមានពេលវេលាច្រើន ដើម្បីធ្វើកិច្ចការណាដែលខ្លួនចូលចិត្ត ប្រសើរជាងការចំណាយពេលច្រើនដើម្បីទៅមើលកុនឬនិយាយទូរសព្ទដែរ។ អ្នកអាចមានពេលសប្បាយរីករាយជាមួយមិត្តភ័ក្តិ ធ្វើដំណើរកម្សាន្តជុំគ្នា និយាយគ្នាលេងដោយពុំបាច់ខ្វល់ខ្វាយអីច្រើននោះទេ។ ទោះបីត្រូវត្រលប់មកផ្ទះយឺតបន្តិច ឬទៅណាមកណា ក៏មិនចាំបាច់រាយការណ៍គ្រប់រឿងដែរ។ ថ្វីត្បិតតែនៅម្នាក់ មានពេលខ្លះកើតទុក្ខមិនសប្បាយចិត្ត តែវាមិនអាចធ្វើឲ្យអ្នកឈឺចាប់ដូចពេលដែលប្រឡូកក្នុងស្នេហាឡើយ។
ជួនកាលអ្នកមានគូ អាចល្អមើលតែសំបកខាងក្រៅ ធាតុពិតមានរឿងអ្វីខ្លះកើតឡើងក៏ទាយមិនត្រូវដែរ។ អ្នកមិនភ័យនឹងប្រឈមជាមួយ បញ្ហាឈ្លោះប្រកែកផ្សេងៗ ដែលនាំឲ្យឈឺក្បាលវិលមុន។ ពេលធ្វើអ្វីមួយមិនចាំបាច់រៀបឬកពេកក៏បាន ព្រោះអ្នកមិនខ្លាចថាមាននរណាមួយ នៅអង្គុយចាំមើល ចាំរិះគន់ ឬមួយត្រូវក្រែងចិត្តគេឡើយ។
មួយថ្ងៃៗអ្នកមិនបារម្ភថាមានគេក្បត់ចិត្ត ឬត្រូវនរណាម្នាក់ដណ្តើមយកចេញពីអ្នក។ ពេលចេញទៅខាងក្រៅម្តងៗ មិនបាច់ធ្វើខ្លួនយូរ និងខ្វល់ខ្វាយពីការស្លៀកពាក់សាំញ៉ាំច្រើន។ ទោះគ្មាននរណាឆាតមកសួរសុខទុក្ខរាល់ថ្ងៃ ក៏អ្នកមិនអន្ទះសារង់ចាំមើលផ្លូវដែរ។ មានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលជាខ្លួនឯង ដោយពុំចាំបាច់ត្រូវផ្គាប់ចិត្តគេគ្រប់យ៉ាង។មិនបង្ហូរទឹកភ្នែកដោយសារតែការខូចចិត្តឥតប្រយោជន៍។
ជាពិសេស អ្នកអាចប្រើពេលវេលានៅម្នាក់ឯងនេះ ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យមានភាពរីកចម្រើន និងអាចសប្បាយចិត្តគ្រប់ពេលវេលា ហេតុផលទាំងនោះហើយ ដែលធ្វើឲ្យជីវិតអ្នកគ្មានគូ ស្រស់បំព្រង និងកាន់តែចង់បន្តនៅលីវតទៅទៀត៕