រំភើបមែន ! អំណោយថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ត្រូវបានផ្តល់ជូនប្អូនស្រីពិការដៃរ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សាម៉ន បណ្ឌិត្យ អគ្គនាយករងទូរទស្សន៍នាគពន្ធ័ (NTV) និងជាទីប្រឹក្សាក្រសួងព័ត៌មានមាន បានអញ្ជើញចុះដល់ផ្ទះប្អូនស្រី សាត ស្រីប៉ុច នាំយកនូវអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាននៃកម្ពុជា និងលោកជំទាវ។
នាឳកាសនោះឯកឧត្តម បានដឹកនាំសមាជិក សមាជិកាបុគ្គលិក ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្អូនស្រី សាត ស្រីប៉ុច ជាយុវតីមួយរូបជួបគ្រោះអកុសលក្នុងជីវិតដោយពិការដៃទាំងសងខាងតែគ្រោះអកុសលតាំងពីកំណើត។ ភាពពិការមិនបានបង្អាក់ដំណើរជីវិតរបស់ប្អូនស្រីឱ្យពិការតាមដៃនោះឡើយ គឺនៅតែប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងជីវិត និងប្រឹងប្រែងសិក្សារៀនសូត្ររហូតដល់បច្ចុប្បន្នផងដែរ។
បច្ចុប្បន្ន ស្រីប៉ុច មានអាយុ១៨ឆ្នាំ ហើយបានសិក្សាដល់ថ្នាក់ទី១២ហើយ នៅវិទ្យាល័យឥន្ទ្រទេវី។ ប្អូនស្រីរស់នៅជាមួយបងប្អូនប្រុសពីរនាក់ក្នុងបន្ទប់ជួល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមិនត្រឹមតែប្រឹងប្រែងជម្នះការលំបាកក្នុងការសិក្សារៀនសូត្រនោះទេ ស្រីប៉ុច ក៏ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអតីតសិស្សវិទ្យាល័យឥន្ទ្រទេវី បានប្រទះឃើញការផ្សាយលក់ផលិតផលរបស់ប្អូនស្រី សាត ស្រីប៉ុច ក៏កើតមានការអាណិតតអាសូរ និងស្ញប់ស្ញែងដល់វីរភាពនៃការតស៊ូក្នុងជីវិតរបស់កញ្ញា ក៏បានឧបត្ថម្ភថវិការ និងសម្ភារៈសិក្សាមួយចំនួនដល់ប្អូនស្រី ដើម្បីដោះស្រាយការលំបាកក្នុងជីវិត។
ថវិកា និងសម្ភារៈសិក្សាសរុបប្រមាណ២លានរៀល ត្រូវបានឯកឧត្តម សាម៉ន បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មាននាំទៅប្រគល់ជូនកញ្ញា សាត ស្រីប៉ុច ដោយផ្ទាល់ដៃនៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៩នេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ស្រីប៉ុច ជាយុវតីបានប្រឹងប្រែងជម្នះឧបសគ្គក្នុងជីវិតខ្លាំងណាស់ ហើយបច្ចុប្បន្នប្អូនស្រីប្រើជើងទាំងគូធ្វើការសព្វបែបយ៉ាងជំនួសដៃ ដែលបានពិការតាំងពីកំណើតនោះ។
ក្រោយទទួលបានថវិកា និងសម្ភារៈសិក្សា កញ្ញា ស្រីប៉ុច បានប្រើជើងទាំងគូរបស់ខ្លួន សរសេរពាក្យពេចន៍ក្នុងចិត្តគោរពថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា។
សូមបញ្ជាក់ដែរថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយា ជាបុគ្គលដែលមានទឹកចិត្តសម្បុរសធម៌ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ជាមួយកុមារកំព្រា ទុរគតជន ក៏ដូចជាអ្នកជួបការលំបាកផ្សេងៗ។ ក្នុងនោះអ្នកព័ត៌មានដែលជួបបញ្ហា និងគ្រោះថ្នាក់ផ្សេងៗតែងតែទទួលការសណ្តោស និងជួយសង្គ្រោះពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ៕