ខេត្តដែលជាប់មាត់ទន្លេមេគង្គកំពុងមានការទាក់ទាញពីអ្នកវិនិយោគគិនចិន យ៉ាងច្រើនសន្ធឹកសន្ទាប់នាពេលបច្ចុប្បន្ន
មនុស្សជាច្រើនតែងតែលើកឡើងពីលក្ខណៈពិសេសនៃតំបន់លំនៅដ្ឋានល្អៗនៅទីក្រុងភ្នំពេញ ទីតាំងមួយដែលត្រូវបានគេចាត់ទុកថា មានលក្ខណៈល្អជាងគេមានភាពទាក់ទាញខ្លាំងជាងគេ និងសក្តានុពលខ្ពស់ជាងគេនៅពេលអនាគតគឺតំបន់មាត់ទន្លេ។ ខាងក្រោមនេះគឺជាចំណុចពិសេសចំនួន៤ ដែលធ្វើឲ្យតំបន់មាត់ទន្លេមានភាពសម្បូរបែបសម្រាប់ការរស់នៅក្នុងទីក្រុង ៖
១.មានទេសភាពស្រស់ស្អាត
តំបន់មាត់ទន្លេជាកន្លែង ដែលអាចផ្តល់ភាពធម្មជាតិជាមួយខ្យល់អាកាសបរិសុទ្ធល្អបំផុតនៅក្នុងទីក្រុង។ ទីនេះជាកន្លែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ ដែលបានប្រមូលផ្តុំដោយទស្សនីយភាពដ៏គួរឲ្យចង់គយគន់ អមដោយទន្លេបួនមុខប្រសព្វគ្នាក្នុងនោះរួមមាន ៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។ មើលឃើញថា តំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ។ ក្រៅពីនេះតំបន់ជាប់ដងទន្លេអាចមើលឃើញទេសភាពនៃស្ថាបត្យកម្មចម្រុះដែលបន្សល់ទុកពីសម័យកាលផ្សេងៗគ្នា។
២.ជាកន្លែងប្រាព្ធពិធីបុណ្យជាតិ
តំបន់ដងទន្លេ គឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការប្រារព្ធពិធីជាតិធំៗ ជារៀងរាល់ឆ្នាំដូចជា ៖ បុណ្យអុំទូកជាដើម។ ជាទីតាំងគោលសម្រាប់ពិធីបុណ្យជាតិធំៗហើយជាកន្លែងសម្រាប់ប្រមូលផ្តុំគ្នារបស់ សាធារជនដែលធ្វើឲ្យមាត់ទន្លេមានភាពអ៊ូអរយ៉ាងខ្លាំង។
៣.តំបន់ទេសចរណ៍
តំបន់មាត់ទន្លេគឺជាទីតាំងដ៏ងាយស្រួលទាំងការធ្វើដំណើរ ការស្នាក់នៅ ការកំសាន្ត និងជាតំបន់ទេចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង។ ព្រះបរមរាជវាំងជាទិសដៅទេសចរណ៍ដ៏ធំមួយសម្រាប់ជនជាតិខ្មែរ និងជនបរទេស។ លើសពីនេះសួនសាធារណៈតាមដងទន្លេ បានក្លាយជាកន្លែងដើរកម្សាន្ត និងលំហែកាយដ៏ពេញនិយមសម្រាប់អ្នកក្នុងស្រុក និងមួយផ្នែកធំជាជនបរទេសផងដែរ។
៤.បណ្តុំសេវាកម្ម
បរទេសភាគច្រើនបានស្គាល់ និងចូលចិត្តស្នាក់នៅតាមតំបន់មាត់ទន្លេ ដោយសារនៅទីនេះបាន ប្រមូលផ្តុំដោយសេវាកម្មដូចជា ភោជនីយដ្ឋាន ដែលប្រមូលផ្តុំដោយអាហារគ្រប់បែបមកពី ប្រទេសអាឡឺម៉ង់ ថៃ បារាំង កូរ៉េ កាណាដា ជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី អ៊ីតាលី និងផ្សេងៗទៀត។ បារ ក្លឹបរាត្រី ផ្សារទំនើប សាលារៀន ហាងកាហ្វេ មន្ទីរពេទ្យ និងតំបន់ពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀតគឺមានវត្តមាននៅក្នុងតំបន់តាមមាត់ទន្លេ។
ជាការពិតណាស់ តំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញគឺពិតជាទីតាំងដ៏ល្អបំផុតមួយសម្រាប់ការ រស់នៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍន៍នឹងបន្តហូរចូលថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីកែប្រែ តំបន់ទាំងមូលឲ្យទៅជាតំបន់លំនៅដ្ឋាន ប្រកបដោយភាពរីករាយ និងផាសុកភាព៕