ទឹកចិត្តល្អណាស់! ព្រះសង្ឃវត្តដូនស្តើង ដាំបន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យកទៅចែកបរិសទ័ជុំវិញវត្ត ថែមទាំងបង្រៀនឲ្យចេះដាំទៀត

កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ទើបតែកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “វត្តសិរិសាគរ ដូនស្ដើង” បានធ្វើការចែករំលែកផុសឡើងវិញ នូវគំរូដ៏ប្រពៃមួយ របស់ព្រះសង្ឃវត្តដូនស្ដើង ដែលបានដាំបន្លែធម្មជាតិគ្រប់មុខ ដោយឆាន់មិនអស់ ក៏បានយកទៅធ្វើការចែករំលែកទៅដល់បរិស័ទជុំវិញវត្តទៀតផង។

ក្នុងហ្វេសប៊ុកខាងលើនេះ ក៏បានភ្ជាប់សារមួយផងដែរថា “បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង។”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនសម្តែងអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះទង្វើរគំរូល្អមួយនេះ រហូតដល់អ្នកខ្លះលាន់មាត់ថា “សាធុ ពិតឃើញហើយត្រេកអរក្រៃ”។ អ្នកខ្លះទៀតបន្ថែមថា “ទឹកព្រះទ័យល្អ កំរកមាន វប្បធម៌ចែករំលេកគួរស្ញើចសរសេីរ”។ ហើយក៏នៅមានពាក្យសរសើរល្អៗជាច្រើនទៀត៕